ខ្សែភាពយន្តគំនូរជីវចលជាច្រើន ដែលត្រូវបានផលិតឡើងសព្វថ្ងៃនេះ មានទិដ្ឋភាពសាច់រឿង ស្រស់ស្អាតជាងខ្សែភាពយន្តពិតៗទៅទៀត។ ទេសភាព និងតួអង្គរបស់ខ្សែភាពយន្តគំនូរជីវចលទាំងនោះ មិនថាគូរដោយដៃ ឬមានជំនួយពីក្រាហ្វិកកុំព្យូទ័រនោះទេ គឺវាបានចាប់យកចក្ខុ របស់អ្នកទស្សនាឲ្យតាមដាន តាំងពីដើម រហូតទាល់តែចប់តែម្តង។

ខាងក្រោមនេះ គឺជាខ្សែភាពយន្តគំនូរជីវចល ដ៏ស្រស់ស្អាតខុសប្លែក ពីភាពយន្តតុក្កតាដទៃ ចំនួន ១០ ដែលនឹងទាញអ្នកចូលទៅក្នុងពិភពវេទមន្ត របស់ពួកគេ។ តោះតាមដានទាំងអស់គ្នា!

១. Kubo and the Two Strings

Kubo and the Two Strings គឺជាខ្សែភាពយន្ត 3D របស់អាមេរិក ក្នុងឆ្នាំ ២០១៦ ដែលបានដឹកនាំ និងសហការផលិតដោយ លោក Travis Knight ។ ខ្សែភាពយន្តនេះ ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុង Melbourne នៅលើថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៦ ហើយត្រូវបានចេញផ្សាយដោយ Focus Features នៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី ១៩ ខែសីហា និងរកចំណូលបាន ៦៩ លានដុល្លារ នៅទូទាំងពិភពលោក។

ខ្សែភាពយន្តនេះ និយាយពីក្មេងប្រុសម្នាក់ឈ្មោះ Kubo ដែលមានអំណាចវេទមន្ត និងមានភ្នែកតែម្ខាង។ Kubo បានធ្វើដំណើរជាមួយសត្វស្វា និងសត្វកញ្ចែ ដើម្បីស្វែងរកគ្រឿងសស្ត្រាវុធវេទមន្ត របស់ឪពុកខ្លួន ដើម្បីរក្សាភ្នែកម្ខាងដែលនៅសល់ ក៏ដូចជាការពារជីវិតផងដែរ។ 

២. Moana

Moana គឺជាខ្សែភាពយន្តផ្សងព្រេង បែប 3D របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦ នេះ ដែលផលិតដោយ Walt Disney Animation Studios និងចេញផ្សាយដោយ Walt Disney Pictures ។ ខ្សែភាពយន្ត Moana នេះ ត្រូវបានគេដាក់បញ្ចាំង កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅនេះ និងរកចំណូលបាន ៣៤៧ លានដុល្លារ ពីទូទាំងពិភពលោក។

ខ្សែភាពយន្តនេះនិយាយពី កូនស្រីរបស់មេកុលសម្ព័ន្ធ លើកោះមួយ មានឈ្មោះ Moana ដែលបានសម្រេចចិត្តធ្វើដំណើរផ្សងព្រេងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក។ នាងត្រូវធ្វើដំណើរជាមួយនឹងទេវតាឈ្មោះ Maui ហើយថែមទាំងត្រូវឆ្លងកាត់បិសាចជាច្រើន និងបំបែកបណ្តាសាពីបុរាណថែមទៀតផង។ 

៣. The Little Prince

The Little Prince គឺជាខ្សែភាពយន្តប្រភេទ 3D របស់បារាំង ប៉ុន្តែនិយាយភាសាអង់គ្លេស កាលពីឆ្នាំ ២០១៥។ ខ្សែភាពយន្តនេះ ដឹកនាំដោយលោក Mark Osborne ដោយផ្អែកលើប្រលោមលោកឆ្នាំ ១៩៤៣ របស់អ្នកនិពន្ធ Antoine de Saint-Exupéry ។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៥ នៅឯមហោស្រពភាពយន្តទីក្រុង Cannes លើកទី ៦៨ និងរកចំណូលបាន ៩៧.៦ លានដុល្លារសហរដ្ឋអាមេរិក។

ខ្សែភាពយន្តនេះ និយាយពីក្មេងស្រីម្នាក់ ដែលរស់នៅជាមួយម្តាយ ដែលមានការយកចិត្តទុកដាក់ហួងហែងលើនាងជ្រុល រហូតគ្មានពេលជាមួយមិត្តភក្តិទាល់តែសោះ។ ប៉ុន្តែ អ្វីៗគ្រប់យ៉ាងក៏បានផ្លាស់ប្តូរ នៅពេលដែលនាងជួបជាមួយបុរសចំណាស់ម្នាក់ និទានរឿងព្រះអង្គម្ចាស់តូចឲ្យនាងស្តាប់។ 

៤. Mune: Guardian of the Moon

Mune: Guardian of the Moon (ឬជាភាសាបារាំង Mune, le gardien de la lune) គឺជាខ្សែភាពយន្តកុមារប្រភេទ 3D របស់បារាំង កាលពីឆ្នាំ ២០១៤។ ខ្សែភាពយន្តនេះដឹកនាំដោយលោក Benoît Philippon និង Alexandre Heboyan ហើយថែមទាំងនិពន្ធដោយលោក Jérôme Fansten ផងដែរ។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំងជាលើកដំបូង នៅវេទិកា Forum des images នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៤ និងរកចំណូលបាន ៩.១ លានដុល្លារអាមេរិក។

ខ្សែភាពយន្តនេះ និយាយពីទេវតា (Faun) ដែលបានក្លាយជាអ្នកយាមព្រះច័ន្ទ ដោយចៃដន្យ។ ប៉ុន្តែ ជាអកុសល ព្រះច័ន្ទនោះក៏បានបាត់ទៅភ្លាមៗ ហើយថែមទាំងត្រូវអតីតអ្នកយាមពីមុន ចេញទៅលួច ព្រះអាទិត្យថែមទៀត។ ហេតុនេះ Mune ត្រូវចេញដំណើរទៅផ្សងព្រេងយ៉ាងគ្រោះថ្នាក់ ជាមួយមិត្តរបស់ខ្លួនឈ្មោះ Glim និង Sohone។ 

៥. The Good Dinosaur

The Good Dinosaur គឺជាខ្សែភាពយន្តផ្សងព្រេងមួយ ក្នុងឆ្នាំ ២០១៥ ដែលផលិតឡើងដោយ Pixar Animation Studios និងចេញផ្សាយដោយ Walt Disney Pictures ។ ខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំងជា លើកដំបូងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅឯទីក្រុងប៉ារីស។ ជាពិសេស The Good Dinosaur រកចំណូលបានដល់ទៅ ៣៣២.២ លានដុល្លារអាមេរិកឯណោះ។

បើយោងទៅតាមខ្សែភាពយន្តនេះ ដាយណូស័រ ជាសត្វឆ្លាតវៃ រស់នៅលើភពផែនដីយើងនេះ។ រីឯមនុស្សវិញ គឺស្ថិតនៅដំណាក់កាលវិវត្តិដំបូងនៅឡើយ។ មិត្តភាពរវាង កូនដាយណូស័រ និងក្មេងប្រុសនោះ នឹងធ្វើឲ្យអ្នកជាប់ចិត្ត និងរំជួលអារម្មណ៍ជាក់ជាមិនខានឡើយ។ 

៦. The Book of Life

The Book of Life គឺជាខ្សែភាពយន្តគំនូរជីវចល បែប 3D របស់អាមេរិក ក្នុងឆ្នាំ ២០១៤ ។ ខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយ Reel FX Creative Studios។ ខ្សែភាពយន្ត The Book of Life នេះ ត្រូវបានគេដាក់បញ្ចាំងដំបូង នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៤ នៅឯ Los Angeles និងរកចំណូលបាន ៩៩.៨ លានដុល្លារអាមេរិក ពីទូទាំងពិភពលោក។

ខ្សែភាពយន្តនេះ រៀបរាប់អំពី រឿងរ៉ាវស្នេហាពិតមួយ ដែលរារាំងដោយ ការស្លាប់។ ក្រៅពីសាច់រឿងដែលទាក់ទងនឹងការស្លាប់ វាក៏បង្ហាញពីសេចក្តីស្រលាញ់ និងភាពសុទិដ្ឋិនិយមដែរ។ គំនូរជីវចលដ៏រ៉ូមែនទិកនេះ នឹងទាក់ទាញអារម្មណ៍ និងព្រលឹងរបស់អ្នក ឲ្យហោះហើរ ចូលក្នុងសាច់រឿង ដោយការលួងលោមយ៉ាងជ្រាលជ្រៅ ពីខាងក្នុងចិត្ត ជាក់ជាមិនខានឡើយ។ 

៧. Porco Rosso

Porco Rosso គឺជាខ្សែភាពយន្តគំនូរជីវចលបែបកំប្លែង និងផ្សងព្រេងរបស់ជប៉ុនឆ្នាំ ១៩៩២ ដែលបានសរសេរ និងដឹកនាំដោយលោក Hayao Miyazaki ដោយផ្អែកលើរឿងជាតុក្កតាគំនូររបស់គាត់។ ខ្សែភាពយន្តមួយនេះ ត្រូវបានចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៩២ និងរកចំណូលបានជាង ៤០២ លានដុល្លារ។

ស្នាដៃរបស់លោក Hayao Miyazaki គឺសុទ្ធតែល្បីៗ ជាពិសេស គឺខ្សែភាពយន្តមួយនេះ។ Porco Rosso រៀបរាប់អំពីអ្នកបើកយន្តហោះម្នាក់ ដែលប្រែទៅជាសត្វជ្រូក ប៉ុន្តែសភាពរូបរាងនៅជាមនុស្សភាគច្រើន។ រួមជាមួយឈុតឆាកហោះហើរ និងទេសភាពដ៏ស្រស់ស្អាត យើងសូមធានាថាអ្នកនឹងជក់ចិត្តជាមិនខាន។ 

៨. The Secret of Kells

The Secret of Kells គឺជាខ្សែភាពយន្តគំនូរជីវចល របស់បែលហ្ស៊ិក បារាំង និងអៀរឡង់ កាលពីឆ្នាំ ២០០៩។ ខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយ Cartoon Saloon ដែលត្រូវបានដាក់បញ្ចាំងជាលើកដំបូង នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៩ នៅឯមហោស្រពខ្សែភាពយន្តអន្តរជាតិ ទីក្រុងប៊ែកឡាំង។

រឿងនេះនិយាយអំពី ក្មេងកំព្រាអាយុ ១២ ឆ្នាំម្នាក់ឈ្មោះ Bredan ដែលរស់នៅក្នុងសំណាក់ ជាមួយនឹងព្រះសង្ឃដទៃទៀត។ ប៉ុន្តែជីវិតរបស់ក្មេងប្រុសនេះ បានផ្លាស់ប្តូរនៅពេលដែលជួប ជាមួយនឹង Aiden ។ 

៩. Finding Dory

Finding Dory គឺជាខ្សែភាពយន្តផ្សងព្រេង បែបកំប្លែង លក្ខណៈ 3D របស់អាមេរិក ដែលត្រូវបានផលិតដោយក្រុមហ៊ុន Pixar Animation Studios និងចេញផ្សាយដោយ Walt Disney Pictures ។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំងដំបូង នៅឯមហោស្រព El Capitan ក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ ហើយថែមទាំងរកចំណូលបាន ១ ពាន់លានដុល្លារឯណោះ!

ខ្សែភាពយន្ត ដែលបន្តពីរឿង Finding Nemo នេះត្រូវបានមនុស្សជាច្រើនរង់ចាំ មិនតិចនាក់ឡើយ ដោយម្តងនេះ Marlin និង Nemo ជាអ្នកស្វែងរក Dory ដែលជាត្រីពណ៌ខៀវ មានបញ្ហាបាត់ការចងចាំ។ តុក្កតាមួយនេះ បានទាក់ទាញអ្នកទស្សនាទាំងកុមារ ទាំងមនុស្សពេញវ័យ។ 

១០. Nocturna

Nocturna គឺជាខ្សែភាពយន្តគំនូរជីវចល ដែលដឹកនាំដោយលោក Adrià García និង Víctor Maldonado ក៏ដូចជាផលិតដោយ Filmax Animation កាលពីឆ្នាំ ២០០៧។ ខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំង កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០០៧ ដោយនិយាយជាភាសាអេស្ប៉ាញ។

ខ្សែភាពយន្តនេះ រៀបរាប់អំពី ក្មេងកំព្រា Tim ដែលព្យាយាមចាប់ផ្កាយ ដែលធ្លាក់ពីលើមេឃ ខណៈកំពុងអង្គុយលើដំបូលផ្ទះ រួបបែរជាធ្លាក់ទៅ ក្នុងការធ្វើដំណើរក្នុងពិភពមួយទៅវិញ។ រូបភាពដ៏ស្រស់ស្អាត រួមជាមួយវេទមន្ត នឹងធ្វើឲ្យអ្នកត្រលប់ទៅកុមារភាពវិញ ជាមិនខាន៕ 

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]