ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា បទចម្រៀងស្នាដៃនិពន្ធថ្មី ដែលយើង និយមហៅថាបទចម្រៀង Original Songs និពន្ធដោយខ្លួនឯង កំពុងទទួលបានសន្ទុះគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង ពីសំណាក់អ្នកគាំទ្រកម្ពុជាយើង ។

ជាក់ស្តែង ថ្ងៃនេះផងដែរខ្មែរឡូត ក៏បានលើកយកបទចម្រៀង Original Songs ស្នាដៃនិពន្ធថ្មី ទាំង១០បទ ដែលធ្វើឲ្យផ្ទុះខ្លាំងកក្រើកនៅក្នុងឆ្នាំ២០១៦នេះ ដោយក្នុងនោះបានដូចជា៖

១). បទ«បុណ្យភូមិ» (ច្រៀងដោយ-ក្រុមក្មេងខ្មែរ)

ដោយបទនេះ បានផលិតឡើងសម្រាប់កម្មវីធីបុណ្យភូមិរបស់ភ្លើងគប់ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៦ ដោយបទនេះផងដែរ ទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់លើសពីការរំពឹងទុក។

២) បទ«ទីបំផុត» (ច្រៀងដោយ ហេង ពិទូ)

ជាបទចម្រៀងដែលកក្រើកខ្លាំងចាក់ចំបេះដូង អ្នកគាំទ្រសឹងមិនគួរឲ្យជឿ បូករួមទាំងសាច់រឿងនៃវីដេអូ បទចម្រៀង ដែលមានកញ្ញា រីយ៉ា ជាតួឯកស្រីទៀតនោះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះនិងបទចម្រៀងរបស់លោក ហេង ពិទូ កាន់តែល្បីសុះសាយខ្លាំង។

៣) បទ«នៅទីនេះមានមនុស្សខូចចិត្ត» (ច្រៀងដោយ អេដា)

ជាបទមនោសញ្ចេតនាជ្រាលជ្រៅ និយាយពីការឈឺចាប់របស់នារីម្នាក់ ដែលទើបនឹងបាត់បង់ស្នេហា ធ្វើឲ្យអង្រួនបេះដូងយុវវ័យខ្លាំងមែនទែនប្រចាំឆ្នាំ២០១៦នេះ។

៤) បទ«នឹកអូនបានត្រឹមស្រមៃ» (ច្រៀងដោយ អ៊ួង សុរិយា)

ដោយបទនេះ ល្បីកក្រើកខ្លាំង បូករួមទាំងវីដេអូបទចម្រៀងយ៉ាងមានន័យទៀតនោះ បានធ្វើឲ្យបទចម្រៀងមួយបទនេះ ស៊ីជម្រៅដកជាប់ក្នុងបេះដូងយុវវ័យមិនស្ទើរនោះទេ។

៥) បទ«Love Is Singular» (ច្រៀងដោយ Tena)

មកទល់ពេលនេះ បទចម្រៀងមួយបទនេះ នៅតែល្បីនិងអង្រួនអារម្មណ៍អ្នកគាំទ្រដូចដើម បើនិយាយពីចំនុចពិសេសនៃបទចម្រៀងមួយនេះវិញ ទាំងសាច់ភ្លេង និង អត្ថន័យបទចម្រៀង ប្លែកខុសដាច់ពីចម្រៀងដទៃដែលយើងធ្លាប់ស្តាប់ពីមក ថែមទាំងពិរោះខ្លាំងថែមទៀតផង។

៦) បទ«រាំញីកែងជើង» (ច្រៀងដោយ G-devith)

អាចនិយាយបានថា នរណាៗក៏ស្គាល់បទចម្រៀងកំពូលល្បីមួយបទនេះដែរ ឲ្យតែមានកម្មវីធីកម្សាន្តលេងម្តងៗ ប្រិយមិត្តមិនដែលចោលបទចម្រៀងមួយនេះទេ ព្រោះក្បាច់រាំនៃចម្រៀងនេះប្លែក ធ្វើឲ្យប្រិយមិត្តរាំលេងយ៉ាងសប្បាយផងដែរ។

៧) បទ«កង់សាគួរ» (ច្រៀងដោយ Tena)

ប្រិយមិត្តដែលជាពិសេស អ្នកគាំទ្របទចម្រៀងរបស់Tena ផ្ទាល់តែម្តង ប្រាកដជាបានជ្រាប ហើយថារាល់បទចម្រៀងនីមួយៗរបស់លោក តែងតែធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ និងភ្ញាក់ផ្អើលជារឿយៗ ដោយសារតែអត្ថន័យបទចម្រៀងរបស់លោក តែងតែចាក់ចំបេះដូងប្រិយមិត្តលង់ចិត្តដកមិនរួច និងត្រូវសាច់រឿងរបស់យុវវ័យ បច្ចុប្បន្នផងដែរ។

៨) បទ«មេឃភ្លៀងហើយ» (ច្រៀងដោយ វ៉ាន់ដា)

បទចម្រៀងមួយបទនេះ កំពុងតែងល្បីខ្លាំង និងទាក់ទាញត្រូវចិត្តអ្នកដែលកំពុងតែមានស្នេហា ហើយកំពុងបារម្ភពីមនុស្ស ដែលខ្លួនស្រលាញ់ ខ្លាចក្រែងគេឈឺ ឬក៏រងា ពេលមេឃកំពុងធ្លាក់ភ្លៀងជាដើម ។

៩) បទ«រៀបការនឹងបងបានទេ» (ច្រៀងដោយ អូន)

ជាបទចម្រៀង ដ៏សែនរ៉ូមែនទិក បំផុត និយាយរៀបរាប់ពីបុរសជាសង្សារចង់បង្កើតគ្រួសារ និងចង់នារីដែលខ្លួនស្រលាញ់ស្លៀកឈុតមង្គលការ ជាមួយនឹងគាត់ បើនិយាយឲ្យចំទៅ គឺសុំមិត្តស្រីរៀបការតែងម្តង។ លើសពីនេះ បានលេចលឺដំណឹងមកថា ម្ចាស់បទនេះ លោក អូន និពន្ធបទចម្រៀងសម្រាប់ សុំមិត្តស្រីរបស់គាត់រៀបការទៀតផង ពិតជាផ្អែមមែន។

១០) បទ«សៀវភៅកំណត់ហេតុស្នេហ៍» (ច្រៀងដោយ ក្មេងខ្មែរ)

បទចម្រៀងនេះទាកទាញចិត្តយុវវ័យច្រើនមែនទែន ដោយសារតែអត្ថន័យ និងទំនុកច្រៀង មានទាំងមនោសញ្ចេតនា លាយលំជាមួយនឹង រ៉េបទៀតនោះ បានធ្វើឲ្យចម្រៀងមួយបទនេះពិរោះខ្លាំងមែនទែន។ 

បន្ទាប់ពីទស្សនារួច តើបទចម្រៀងមួយណា ជាចំណង់ចំណូលចិត្តរបស់អ្នក?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ក្មេងខ្មែរ