ភ្នំពេញ៖ ក្នុងនាមជាតារាសិល្បៈ តែងតែស្ថិតនៅក្នុងក្រសែភ្នែកមហាជនជានិច្ច ដែលពួកគេ តែងតែងចង់ដឹងចង់លឺ សកម្មភាពរបស់តារាៗជាទីបំផុត ជាពិសេសគឺរឿងអាស្រូវផ្ទាល់តែម្តង ដែលទាក់ទងនឹង ស្នេហា ជីវិតផ្ទាល់ខ្លួនជាដើម៕

បិទភ្នែកបើកភ្នែក គឺជិតដាច់ឆ្នាំ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០១៧ បាត់ ហើយសាកងាកបកក្រោយ មើលក្នុងឆ្នាំ២០១៦បន្តិចមើល ថាតើតារាណាខ្លះ មានរឿងអាស្រូវ ដែលកក្រើកខ្លាំងជាទីបំផុត ក្នុងឆ្នាំ២០១៦ ធ្វើឲ្យផ្អើលគេផ្អើលឯងនោះ?

ចងដឹងថា យ៉ាងណា តោះតាមជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) សុខ សោម៉ាវត្តី៖ នៅក្នុងឆ្នាំ២០១៦នេះ តារាស្រីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី ក៏ត្រូវបានគេចាប់អារម្មណ៍ថា នាងទទួលបានមាត់ចាបមាត់ព្រាប ពីមហាជន ច្រើនគួរសមផងដែរ។ រឿងដែលត្រូវបានកក្រើកខ្លាំងជាងគេសម្រាប់ តារាស្រីរូបនេះ គឺរឿងលែងលះស្វាមី ព្រោះថាកន្លងមក គេតែងឃើញនាង និងស្វាមី ស្រលាញ់គ្នាស្អិតរមួតនឹងគ្នាសោះ ហេតុអ្វីឈានដល់ការបែកបាក់គ្នាយ៉ាងដូច្នេះ។ ចំពោះបញ្ហានៃការបែកបាក់គ្នានេះ ក៏មិនត្រូវបានអ្នកនាង សុខ សោម៉ាវត្តី ទម្លាយនោះទេ ថាមានបញ្ហាអ្វីនឹងគ្នា។ ក្រោយពីបែកបាក់ហើយ នៅតែផ្ទុះរឿងមួយទៀត ដែលគេចោទថា រូបនាង ត្រូវបានអ្នកមានទ្រព្យសម្បត្តិ ងារជាឯកឧត្តម បានចិញ្ចឹមបីបាច់នាង និងកូន ប៉ុន្តែពាក្យចចាមអារ៉ាមនោះ ក៏ត្រូវបាននាង ច្រានចោលភ្លាមៗផងដែរ ក្រោមហេតុផលថា បើនាង មានអ្នកចិញ្ចឹមមែន មិនមែនដើរថតរឿងទាំងក្តៅ ទាំងភ្លៀងស្ទើររាល់ថ្ងៃនោះទេ គឺអង្គុយស្រណុកនៅតែក្នុងផ្ទះហើយ។ ចំពោះពាក្យចចាមអារ៉ាមនេះ ត្រូវបានសាបរលាបទៅវិញ ហើយមិនទាន់បានអ្វីផង មានរឿងថ្មីមួយទៀត គឺអ្នកគាំទ្រ សង្ស័យថា នាងមានស្នេហា ជាមួយនឹង តារាបាល់ទាត់វ័យក្មេង លី វ៉ាហេទទៀត។ ប៉ុន្តែចំពោះរឿងស្នេហា រវាង លោក លី វ៉ាហេទ និងនាង រហូតដល់ពេលនេះ រូបនាង មិនទាន់ស្រាយបំភ្លឺ ឲ្យមហាជនបានដឹងលឺនោះទេ ថានាង បានទាក់ទងនឹង លោក លី វ៉ាហេទ មែនឬយ៉ាងណា។ 

២) ដេននីក្វាន់៖ គ្រាន់តែលឺឈ្មោះ គឺអាចស្គាល់ដល់មុខតែម្តង ថាជាអ្នកណា។ ក្នុងឆ្នាំ២០១៦នេះ គឺព័ត៌មានរបស់កញ្ញា ដេននីក្វាន់ ស្ទើរតែចុះគ្រប់ខែតែម្តង ព្រោះរូបនាង មានរឿងមិនចប់មិនចេះហើយទាល់តែសោះ ដែលរឿងខ្លះ ត្រូវបានគេរិះគន់ រឿងនាងស្លៀកពាក់ ស៊ិចស៊ី និងរឿងខ្លះ ទៀត ពាក់ព័ន្ធនឹង នាងដើរឈ្លោះ និងដៀមដាម ជាមួយនឹង តារាសិល្បៈមួយចំនួន។ ជាពិសេស កញ្ញា ដេននី ក្វាន់ ត្រូវបាន អ្នកគាំទ្រ ចាត់ទុកថា ជាតារាមានរឿងអាស្រូវ ច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦។ 

៣) ពេជ្រ សោភា៖ ងាកមកមើល តារាចម្រៀងប្រចាំ ផលិតកម្ម ហង្សមាស នេះវិញ ក៏សម្បូររឿងឲ្យគេនិយាយច្រើនមិនធម្មតាដែរ។ រឿងទីមួយ នៅក្នុងឆ្នាំ២០១៦ ដែលបានផ្ទុះខ្លាំង គឺដំណឹងបែកបាក់ រវាងនាង និងស្វាមី។ រីឯរឿងទីពីរ វិញគឺ នាង ត្រូវបានផេកមួយ ទម្លាយថា រូបនាង ចូលចិត្តស្លៀកពាក់របស់ជជុះ ដែលពេលនោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។ ចំណែករឿងទី៣ ដែលទើបតែកក្រើក ចុងឆ្នាំ២០១៦ គឺរឿង នាងមានទំនាក់ទំនងជាមួយ តារាប្រុសវ័យក្មេង ឆឹម សក្កដា។  

៤) វ៉ាន់ នីឡា៖ ចំពោះរឿងរបស់ តារាស្រីវ័យក្មេង វ៉ាន់ នីឡា ក៏អាចជាប់ ជារឿងដែលល្បីខ្លាំងសុះសាយ ក្នុងឆ្នាំ២០១៦។ នៅពាក់កណ្តាលឆ្នាំ២០១៦ កញ្ញា វ៉ាន់ នីឡា ត្រូវបានគេ ទម្លាយរូបថតស្រាតរបស់នាងជាច្រើនសន្លឹក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលពេលនោះ ត្រូវបានគេផ្អើលខ្លាំងបំផុត។ នៅក្នុងនោះ រូបនាង ក៏បានធ្វើការដាក់ពាក្យបណ្តឹង ទៅកាន់ អតីតសង្សាររបស់នាងផងដែរ ព្រោះតែមានរូបលោកទេ ដែលមានរូបទាំងនោះនៅក្នុងដៃ។ ប៉ុន្តែទោះជាមានពាក្យបណ្តឹង និងចេញដីកាកោះហៅ អតីតសង្សាររបស់នាង ច្រើនដងក៏ដោយ ក៏លោក គុយ សិទ្ធិស័ក្ក មិនព្រមមកបំភ្លឺអ្វីនោះដែរ រហូតដល់ពេលនេះ។

៥) សាត រស្មី៖ នៅចាំបានអត់ ថាតារាស្រីដ៏ស្រស់ស្អាតរូបនេះ ធ្លាប់មានព័ត៌មានកក្រើកអ្វី? តារាស្រី សាត រស្មី ត្រូវបានគេដឹងលឺ ថាជាប្រពន្ធ របស់អតីតកីឡាប្រដាល់ និងជាតារាសម្តែង ជា ស្រួច។ តាមពិតរឿងមួយនេះ បានបញ្ចប់ និងពួកគេទាំងពីរនាក់បានលែងលះនឹងគ្នាដាច់ស្រេចគ្នាយូរហើយ តែមកពី គ្មានអ្នកណាដឹងថា រូបនាង ធ្លាប់ជាប្រពន្ធ របស់លោក ជា ស្រួច ទើបធ្វើឲ្យរឿងនេះ ផ្ទុះខ្លាំងបំផុតក្នុងឆ្នាំ២០១៦។

៦) ភិន សុដាលីស ៖ ព័ត៌មានរបស់ អ្នកម្តាយវ័យក្មេង ភិន សុដាលីស ក៏មិនណយដែរ គឺវ៉ាដាច់ និងល្បីបំផុត នៅក្នុងសង្គមហ្វេសប៊ុក ក្នុងឆ្នាំ២០១៦។ ចំពោះរឿងដែលល្បី ជាងគេសម្រាប់ អ្នកនាង ភិន សុដាលីស គឺនាង បានលែងលះ ជាមួយនឹង លោក ប៉ែន ចំរ៉ុង ហើយបន្ទាប់ពីពេលនោះមក មានរឿងជាច្រើន ត្រូវបានទម្លាយជាបន្តបន្ទាប់ ពីមូលហេតុ ដែលធ្វើឲ្យពួកគេសម្រេចចិត្តលែងលះនឹងគ្នា។ មិនតែប៉ុណ្ណោះ មហាជនក៏ដាក់ឈ្មោះ ឲ្យពួកគេទាំងពីរផងដែរ ជា«ប្តីប្រពន្ធផ្លេកបន្ទោរ» គឺមានន័យថាស្រលាញ់គ្នា ក៏លឿន បែកគ្នាក៏លឿន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា