តើអ្នកដឹងទេថា គ្រាន់តែរបៀបរបប រស់នៅប្រចាំថ្ងៃ ក៏អាចបណ្តាលឲ្យអ្នកឲ្យរស់នៅបានយ៉ាងយូរ ឬឆាប់បានដែរ។ គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវថ្មីៗនេះមួយ បានបង្ហាញថា ទម្លាប់មិនល្អមួយចំនួន រួមមានដូចជា ការជក់បារី ការពិសារគ្រឿងស្រវឹងច្រើនលើសលុប ការមិនធ្វើលំហាត់ប្រាណ និងការទទួលទានបន្លែផ្លែឈើមិនគ្រប់គ្រាន់ អាចកាត់អាយុរបស់អ្នក ប្រមាណជា ១២ ឆ្នាំឯណោះ។

ហេតុនេះ សូមអ្នកធ្វើការផ្លាស់ប្តូរទម្លាប់ទាំងនោះ រួចចាប់ផ្តើមទម្លាប់ល្អៗឡើងវិញ ដើម្បីឲ្យអាយុវែង តាមរយៈអាថ៌កំបាំងដូចខាងក្រោមនេះ ៖

១. កុំបរិភោគច្រើនហួសហេតុ

ប្រសិនបើអ្នកចង់រស់នៅដល់អាយុ ១០០ អ្នកមិនត្រូវទទួលទានច្រើនគ្រប់សព្វ រហូតនៅសល់ក្នុងចានតែបន្តិច ក៏មិនបាននោះទេ។ អ្នកនិពន្ធម្នាក់ឈ្មោះ Dan Buettner ដែលបានសិក្សាលើ ភាពយូរអង្វែងនៃពិភពលោក បានរកឃើញថា ប្រជាជនដែលមានវ័យចំណាស់ៗ តែងតែឈប់ទតួលទានអាហារភ្លាមៗ នៅពេលដែលពួកគេមានអារម្មណ៏ថាឆ្អែតបាន ៨០% ហើយ។ សូម្បីតែអ្នកស្រាវជ្រាវមកពី សាលកវិទ្យាល័យ St. Louis ក៏បានយល់ស្របថា ការទទួលទានអាហារតិចល្មម អាចជួយឲ្យអ្នកមានសុខភាពល្អបានដែរ។

២. ផ្លាស់ប្តូរការទទួលទានកាហ្វេ

សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ សូមងាកមកធ្វើការទទួលទានទឹកតែវិញទើបជាការប្រសើរ។ តែ មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហៅថា polyphenols ដែលអាចជួយជំងឺបេះដូង ជំងឺមហារីក និងភាពចាស់មុនអាយុបាន។ ការសិក្សា របស់ប្រទេសអ៊ីស្រាអែលមួយ បានរកឃើញថា អ្នកផឹកតែជាប្រចាំ ក្នុងកម្រិតមធ្យម រស់នៅយូរជាងអ្នកដែលមិនមានទម្លាប់ទទួលទានទឹកតែ។ 

៣. រួមភេទជាប្រចាំ យ៉ាងហោចណាស់ពីរដង ក្នុងមួយសប្តាហ៍

ការសិក្សាដ៏ធំមួយរបស់ ជនជាតិ Welsh បានរកឃើញថា អ្នករួមភេទតិចជាងម្តង ក្នុងមួយខែ មានប្រឈមមុខនឹងការស្លាប់មុនអាយុ ទ្វេដង ជាជាងអ្នកដែលរួមភេទ ពីរដង ក្នុងមួយសប្តាហ៍។ ជាក់ស្តែង ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាព រវាងគូស្វាមី និងភរិយា ក្នុងជីវិតផ្លូវភេទល្អហើយនោះ វាថែមទាំងជួយឲ្យសម្រស់ ប្រែជាក្មេងជាងវ័យ ៧ ឆ្នាំទៀតផង នេះបើយោងតាមការសិក្សាមួយដោយមន្ទីរពេទ្យ Royal Edinburgh ។ នេះអាចដោយសារតែ ការរួមភេទកាត់បន្ថយតានតឹង មានភាពរីករាយជាងមុន និងគេងលក់បានស្កប់ស្កល់។

៤. ចៀសវាងត្រូវកម្តៅថ្ងៃច្រើនពេក

អ្នកមិនត្រូវនៅក្រោមកម្តៅថ្ងៃ ច្រើនពេកនោះទេ ពីព្រោះវាមិនត្រឹមតែ ការពារអ្នកមិនឲ្យប្រឈមមុខនឹងជំងឺមហារីកស្បែកប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យសម្រស់នៅតែក្មេង ដោយការពារស្នាមជ្រួញ និងស្បែកធ្លាក់ទៀតផង។ វាមិនមែនជារឿងហួសពេលនៅឡើយទេ ក្នុងការចាប់ផ្តើមប្រើប្រាស់ ឡេការពារកម្តៅថ្ងៃ។ ជាពិសេស កុំផ្តោតតែលើផ្ទៃមុខ អ្នកគួរការពារត្រង់បរិវេណក និងដើមទ្រូងផង។ 

៥. ឈរជើងមួយ ឲ្យបានរៀងរាល់ព្រឹក

វាស្តាប់ទៅ ហាក់ដូចជាចម្លែកបន្តិចហើយ ប៉ុន្តែការឈរទប់ខ្លួនជើងមួយ ម្តងម្ខាង រៀងរាល់ពេលព្រឹកប្រមាណជា ៥ នាទី អាចធ្វើឲ្យរាងកាយរបស់អ្នកមានលំនឹង និងពង្រឹងសាច់ដុំស្នូល ដូចជា ឆ្អឹងខ្នង ត្រគាក និងពោះ។ បើយោងតាមគ្រូពេទ្យ Tom Salzman បានលើកឡើង ការអនុវត្តន៍សកម្មភាពនេះ ជាប្រចាំ នឹងផ្តល់ជាអត្ថប្រយោជន៍នៅថ្ងៃមុខ ដោយមិនងាយដួល ឬមានបញ្ហាបាក់ឆ្អឹងងាយឡើយ។

៦. មានទំនាក់ទំនងល្អ

ការអភិវឌ្ឍន៍ទំនាក់ទំនងក្នុងក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ ឲ្យបានរឹងមាំ គឺជាអាថ៌កំបាំង ដែលអ្នកអាចរស់នៅដល់អាយុ ១០០ នេះបើយោងតាមការសិក្សារបស់អូស្រ្តាលីថ្មីមួយ។ ទំនាក់ទំនងទាំងនោះ នឹងជួយគាំទ្រដល់ផ្លូវចិត្តរបស់អ្នក ដែលអាចជួយអ្នកឲ្យកាត់បន្ថយស្រ្តេស មានអារម្មណ៍រីករាយដោយសារការកើនឡើងនៃអរម៉ូន Dopamine និង Oxytocin ដែលថែមទាំងជួយដល់ ការលូតលាស់ខួរក្បាល និងប្រយុទ្ធប្រឆាំងភាពចាស់ផងដែរ។ 

៧. ចូលគេងមុន ១ ម៉ោង

ជាការពិតណាស់ យោងតាមការសិក្សាមួយថ្មីៗនេះ បានលើកឡើងថា ការគេងមិនបានគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកប្រឈមនឹងគ្រោះថ្នាក់ ទាក់ទងនឹងបញ្ហាសុខភាព ដូចជា ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។ ការសិក្សារបស់ Harvard Business School នៃសហរដ្ឋអាមេរិក ក៏បានបង្ហាញថា អ្នកដែលធ្លាប់តែចូលគេងយឺត ឬគេងបានតែ ៧ ម៉ោង រួមប្រែជាចូលគេងមួយម៉ោងមុន រាល់ថ្ងៃវិញ បានធ្លាក់ចុះសម្ពាធឈាមគួរឲ្យកត់សម្គាល់ និងថែមទាំងកាត់បន្ថយហានិភ័យ ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។

៨. សើចយ៉ាងហោចណាស់ ២០ ដងក្នុងមួយថ្ងៃ

តើអ្នកដឹងទេថា សំណើចអាចជួយដល់ប្រព័ន្ធភាពស៊ាំ កាត់បន្ថយអរម៉ូន ដែលបង្កជាភាពតានតឹង កាត់បន្ថយកោសិកាភាពចាស់ (T-cells) និងប្រយុទ្ធប្រឆាំងជំងឺមហារីក ទៀតផង។ ក្នុងនោះដែរសម្រាប់មនុស្សពេញវ័យ មួយថ្ងៃក៏គួរតែសើចឲ្យបាន ៥ ទៅ ១៥ ដង ជាមធ្យម តែបើបាន ២០ ដងក្នុងមួយថ្ងៃ ក៏កាន់តែល្អប្រសើរ។ 

៩. កុំជក់បារី

នេះបើយោងតាមការសិក្សា ដែលមានរយៈពេលវែងមួយ របស់ប្រទេស ហ្វាំងឡង់ បានបង្ហាញថា ការជក់បារីមិនត្រឹមតែអាយុខ្លីជីវិតរបស់អ្នកដោយប្រហែលជា ១០ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបន្ថយគុណភាពនៃជីវិតរបស់អ្នក នៅពេលចាស់ទៅទៀតផង ដោយអ្នកនឹងទទួលរងពីជំងឺផ្សេងៗ ដោយងាយ។

១០. កុំមើលទូរទស្សន៍ច្រើនពេក

ការសិក្សាមួយ ក្នុងឆ្នាំ ២០១០ បានរកឃើញថា អ្នកដែលមើលទូរទស្សន៍លើសពី ៤ ម៉ោងក្នុងមួយថ្ងៃ ឆាប់ឆ្លាប់ជាជាង អ្នកដែលមើលទូរទស្សន៍តិចជាង ២ ម៉ោងក្នុងមួយថ្ងៃ ៤៦%។ សូម្បីតែ ក្រុមអ្នកវិទ្យាសាស្ត្រនៅ វិទ្យាស្ថានជាតិជំងឺមហារីកសហរដ្ឋអាមេរិក ក៏បានលើកឡើងដែរថា នៅពេលដែលអ្នកឈានចូលវ័យ ២៥ ឆ្នាំ អ្នកនឹងខាតអាយុស្មើនឹង ២០ នាទី រៀងរាល់មួយម៉ោង នៃការមើលទូរទស្សន៍។ នេះក៏ព្រោះតែយើងចំណាយពេលអង្គុយ ដោយគ្មានធ្វើអ្វីសោះ បណ្តាលឲ្យសាច់ដុំ និងកាឡូរីគ្មានចលនា រួចបង្កជាហានិភ័យការកើតជំងឺ និងការស្លាប់យ៉ាងរហ័ស។ 

១១. បរិភោគបន្លែ ផ្លែឈើឲ្យបានច្រើន

របាយការណ៍ថ្មីមួយរបស់ European Heart Journal បានបង្ហាញថា អ្នកដែលទទួលទានបន្លែ និងផ្លែឈើ បានប្រមាណជា ៨ ប្រភេទក្នុងមួយថ្ងៃៗ មានលទ្ធភាពចៀសឆ្ងាយពី ជំងឺបេះដូង ១ ភាគ ៤ ខ្ពស់ជាង អ្នកដែលទទួលទានបន្លែផ្លែឈើតែ ៣ ប្រភេទ ជាមធ្យម។ នេះក៏ដោយសារតែ បន្លែនិងផ្លែឈើ សម្បូរទៅដោយវីតាមីនសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលបង្កើនប្រព័ន្ធភាពស៊ាំ និងប្រឆាំងភាពចាស់មុនអាយុ។

១២. លំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ជារឿងដែលត្រូវតែយកចិត្តទុកដាក់បំផុត ជាពិសេស យុវវ័យ។ ការសិក្សាឆ្នាំ ២០០៨ មួយបានបង្ហាញថា ការហាត់ប្រាណដូចជាការរត់ អាចបង្កើនអាយុរបស់អ្នកបាន ៤ ឆ្នាំបន្ថែមឯណោះ ពីព្រោះវាជួយដល់បេះដូង ចិត្តគំនិត និងប្រព័ន្ធមេតាប៉ូលីសទាំងមូល។ ហេតុនេះ ការធ្វើលំហាត់ប្រាណដោយការដើរ ឬការរត់ ត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃ ក៏គ្រប់គ្រាន់ណាស់ទៅហើយ៕ 

ប្រភព៖ Health | Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]