ភ្នំពេញ៖ កាលពីយប់មិញ តារាសម្តែងស្រីល្បីល្បាញអ្នកនាង សុខ សោម៉ាវត្តី បានទទួលលិខិតសរសើរ ពីសំណាក់កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំរបស់រោងភាពយន្តលេជេន នៅសាខាទួលគោក ក្នុងនាមជាតារាស្រីមួយដួង ដែលមានទេពកោសល្យខ្ពស់ ក្នុងការថតសម្តែងខ្សែភាពយន្តខ្មែរបានល្អ គ្រប់តួអង្គ គ្រប់ឈុតឆាកទាំងអស់ ទៅតាមការចង់បានរបស់ផលិតករខ្មែរ។

លើសពីនេះទៅទៀត អ្នកនាង សុខ សោម៉ាវត្តី ក៏បានជាប់ឈ្មោះជាតារាសម្តែងស្រីដែលថតរឿងបានច្រើនជាងគេឱ្យច្រើនផលិតកម្មក្នុងស្រុក និងជាប់ជាតារាស្រីដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងឆ្នាំ២០១៦នេះ ព្រោះភាគច្រើននាងបានដើរតួសម្តែងជាតួឯកស្រីគ្រប់រឿងឱ្យបណ្តាផលិតកម្មនានាក្នុងស្រុក។

ជាពិសេសគឺ អ្នកនាង សុខ សោម៉ាវត្តី ជាតួសម្តែងស្រីមួយរូប ដែលពោរពេញទៅដោយភាពក្រមិចក្រមើម គួរឱ្យស្រលាញ់ពីធម្មជាតិ ហើយជារឿយៗនាងតែងតែបានបង្កើតបរិយាកាសអ៊ូអរ ធ្វើឱ្យអ្នកទស្សនាមានភាពសប្បាយរីករាយ និងជក់ចិត្តតាមដានយ៉ាងខ្លាំង។ ក្រៅពីនេះនាងអាចដើរតួបានល្អជាច្រើនបែប មិនថាតែជាតួអង្គកំសត់ ស្លូតបូត ឬកាចនោះទេ ក៏អាចសម្តែងបានយ៉ាងសាកសម និងទទួលបានការពេញចិត្តពីសំណាក់ទស្សនិកជនអ្នកគាំទ្រទូទាំងប្រទេស។

ថ្លែងនៅក្នុងឱកាសនោះផងដែរ សោម៉ាវត្តី ក៏បានប្រាប់ឱ្យដឹងថា ខ្លួនពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះលិខិតសរសើរដែលទទួលបាននៅក្នុងឆ្នាំនេះ និងមិនភ្លេចថ្លែងអំណរគុណ ទៅដល់រោងភាពយន្តលេជេនដែលបានលើកទឹកចិត្ត ក៏ដូចជាបណ្តាអ្នកគាំទ្រទាំងអស់ផងដែរ ដែលតែងតែនិយមចូលចិត្តទស្សនាខ្សែភាពយន្តរបស់ខ្លួនកាលពីពេលកន្លងទៅ។

គួរឱ្យដឹងផងដែរថា ក្នុងកម្មវិធីយប់មិញនេះ ក៏មានការជូនលិខិតសរសើរទៅដល់ផលិតកម្មខ្មែរ និងក្រុមហ៊ុននាំចូលខ្សែភាពយន្តបរទេសប្រចាំឆ្នាំ២០១៦ របស់រោងភាពយន្តលេជេនជាច្រើនទៀតផង៕

ទស្សនាវីដេអូខាងក្រោម៖

សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី