(ភ្នំពេញ)៖ អតីតគូដណ្ដឹងរបស់កញ្ញា សុន ស្រីពេជ្រ គឺលោក ទាវ វិសាល ដែលជាមន្ត្រីរាជការក្នុងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងរៀបការក្នុងពេលឆាប់ៗនេះ ជាមួយនឹងគូស្នេហ៍ថ្មី ជានារីស្រស់ឆើតឆាយ បន្ទាប់ពីបានចែកចាន ចែកឆ្នាំងគ្នា ទាំងពាក់កណ្ដាលទី មិនបានក្រាបក្បាលដល់កន្ទេល ជាមួយគ្នា នឹងតារាចម្រៀងបែបស្រគត់ស្រគំ សុន ស្រីពេជ្រ រួចមក។

ជារឿងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ ស្រាប់តែធ្លាយដំណឹងថា តារាចម្រៀង សុន ស្រីពេជ្រ និងគូដណ្ដឹង ត្រូវបែកផ្លូវគ្នា ក្រោមហេតុផលរៀងៗខ្លួនថា មិនអាចនឹងរួមដំណើរជាមួយគ្នា ទៅមុខជាប្ដីប្រពន្ធ ពោលគឺអស់និស្ស័យ។ ម្យ៉ាងទៀត អតីតគូដណ្ដឹងរបស់ សុន ស្រីពេជ្រ ក៏បាននារីថ្មីម្នាក់ មកស្ទាក់យកដណ្ដើមស្នេហ៍ពីនាងផងដែរ ទើបស្រីពេជ្រ សម្រេចចិត្ត ជ្រើសរើសយកផ្លូវដើរចេញ។

តារាចម្រៀងស្រី សុន ស្រីពេជ្រ ហាក់រងសំពោធផ្លូវចិត្តយ៉ាងច្រើន ណាមួយឪពុករបស់នាង មិនអាចនិយាយស្ដីបាន ក្រោយពីជំងឺលើសឈាម បានធ្វើទុក្ខជាច្រើនលើកច្រើនសារ ក្នុងឆ្នាំនេះ។ អ្វីដែលសំខាន់ការងាររកប្រាក់ ជាបន្ទុករបស់នាង និងប្អូនប្រុសស្រីមួយចំនួន ខណៈដែលអ្នកចំាចាយ ច្រើនជាងអ្នករកលុយ ធ្វើឲ្យនាងកាន់តែរងទុក្ខ។ ជាការពិត រឿងបែកបាក់ដែលគ្មានអ្នកណាម្នាក់ ប្រាថ្នាចង់ជួបឡើយ។

ខុសពី សុន ស្រីពេជ្រ ដែលរងទុក្ខសោកសៅម្នាក់ឯង ងាកមកអតីតគូដណ្ដឹងរបស់នាងវិញ គឺលោក ទាវ វិសាល ដែលទើបតែឡើងតំណែងថ្មីៗនេះ បានបញ្ចេញមុខគូស្នេហ៍ថ្មី យ៉ាងបើកចំហរហើយ ព្រមទាំងប្រកាសថា ត្រៀមរៀបការនៅឆ្នាំក្រោយនេះ ទៀតផង។ កាលពីប៉ុន្មានថ្ងៃមុននេះ លោក ទាវ វិសាល បានបណ្ដើរគូដណ្ដឹង ដែលជាស្រីស្អាត ទាន់សម័យ តុបតែងខ្លួនលក្ខណៈគូស្នេហ៍ យ៉ាងស្រស់ស្អាត ទៅចូលរួមកម្មវិធីមួយ។ ក្រៅពីបង្អួតគូស្នេហ៍ ដែលជាស្រីស្អាត កាលីបហាយសូ លោកក៏បានប្រកាសថា ត្រៀមរៀបការនៅឆ្នាំក្រោយផងដែរ ដែលធ្វើឲ្យមហាជនមួយចំនួន គក់ទ្រូង អាណិត សុន ស្រីពេជ្រ ខ្លោចចិត្ត ព្រោះបែកពីនាងមិនបានប៉ុន្មានផង អតីតកូស្នេហ៍ប្រកាសរៀបការភ្លាមៗទៅហើយ។

រឿងរ៉ាវនេះ ហាក់បីដូចជាដូចទៅនឹងបទចម្រៀងរបស់នាង មានចំណងជើងថា «សង្សាររៀបការចោលខ្ញុំ» ដែលច្រៀងរៀបរាប់ពីនារីម្នាក់ ត្រូវសង្សារការចោល ពេលនេះធ្លាក់មកលើរូបនាងខ្លួនឯង គួរឲ្យអាសូរទឹកចិត្តស្រីម្នាក់ដែលខំស្មោះ។ រឿងរ៉ាវបែកបាក់នេះ គ្មាននរណាអាចវែកញែកបានទេ ព្រោះជារឿងមនុស្សពីរនាក់ ហើយម្នាក់ៗសុទ្ធតែ មានហេតុផលរៀងៗខ្លួន រហូតមិនអាចដើររួមផ្លូវ ជាមួយគ្នាទៀតបាន៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ ពីលើកមុនផងដែរថា ស៊ុន ស្រីពេជ្រ ផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង។ ស៊ុន ស្រីពេជ្រ ដែលជាតារាចម្រៀងដែលមាន ​ទឹកដមសំនៀងពិរោះរណ្តំចិត្ត ប្រចាំផលិតកម្មហង្សមាស បានសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗ ជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ចម្នាក់ តែមកដល់ខែនេះឆ្នាំ២០១៦ នាងបែរជាសម្រេចចិត្តផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង ក្រោយពីភ្ជាប់ពាក្យបាន១ឆ្នាំ ទាំងដែលនាង មិនបានបង្ហាញពីចំណងស្នេហ៍ប្រះស្រាំ និងមូលហេតុច្បាស់លាស់ឡើយ ។

បើតាមសារដែលកញ្ញា ស៊ុន ស្រីពេជ្រ សរសេររៀបរាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានសរសេរទទួលស្គាល់ ពីចំណងស្នេហា បែកបាក់ឲ្យដឹងថា «ពិត100% មានហេតុទើបមានផល មានភ្លើងទើបមានផ្សែង មិនមែននៅសុខៗក៏បែកគ្នានោះទេ អរគុណណាស់ទេវតា ដែលមិនបំផ្លាញអនាគតខ្ញុំ អរគុណដែលឲ្យ ខ្ញុំដឹងរឿងទាន់ពេល អាណិតតែពុកទេតែបើពុកដឹង ពុកនឹងអោបកូនស្រីយ៉ាងណែន ហើយនិយាយប្រាប់កូនស្រីថា មិនអីទេកូនអ្វីៗនឹងប្រសើរឡើង តែនេះពុកនិយាយមិនកើតទេ តើពុកនឹងឈឺចាប់ណែនក្នុងទ្រូងយ៉ាងណា ទៅមនុស្សដែលពុកស្រលាញ់បំផុត តែអោយពុកឈឺចាប់បំផុត តែកូនឈឺណាស់ពុកកូននឹងត្រូវទៅណាមកណា ត្រូវប្រឈមមុខហត់ នឹងឆ្លើយសំនួរគេគ្រប់គ្នាពីរឿងនេះ»។

នៅក្នុងនោះតារាស្រីរូបនេះ ក៏សុំចិត្តមហាជន កុំទម្លាក់កំហុសឲ្យនាង ក្នុងនាមអ្នកសិល្បៈថាខុសអី «សូមបងប្អូនកុំទំលាក់កំហុស ​ទៅលើអ្នកសិល្បៈ ទាំងមិនបានដឹងរឿងច្បាស់ អ្នកសិល្បៈក៏ចង់មានគ្រួសារមួយ និងមួយ ប្រកបដោយសុភមង្គល ដូចគេឯងគ្រប់គ្នាដែរ ខ្ញុំមិនស្អប់អ្នកណាម្នាក់ទេ ព្រោះមិនមែនគូរ ចុងក្រោយសូមអរគុណបងប្អូនទាំងអស់ ដែលនៅតែគាំទ្រ និងលើកទឹកចិត្តនាងខ្ញុំ សូមជួបតែក្តីសុខ តែសូមអ្នកឯងប្រយត្ន័ផង ព្រោះអ្នកសាងអីទទួលផលនោះ ដូចគ្នាកម្មមានពិត មិនចាំជាតិក្រោយទេ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ