ភ្នំពេញ ៖ ថ្ងៃទី២៨ ខែធ្នូ Genki Sushi ភោជនីយដ្ឋានស៊ូស៊ីជប៉ុន បង្កើតមុនគេដែលបានរួមបញ្ចូលនូវការផលិត ស្ដង់ដារគុណភាពខ្ពស់ ជាមួយរចនាបថតុម្ហូបវិលស្វ័យប្រវត្តិដ៏ទំនើប ថ្ងៃនេះបានចាប់បើកសម្ពោធសាខាដំបូង របស់ខ្លួននៅរាជធានីភ្នំពេញ។

ស្ថិតនៅទីតាំង ផ្លូវ310 សង្កាត់បឹងកេងកងទី1 ភោជនីយដ្ឋាននេះជាសាខាទី 301 ក្នុងពិភពលោក ហើយក៏ជាសាខាធំជាងគេផងដែរ។ ដោយសាងសង់លើផ្ទៃក្រឡាធំទូលាយរហូតដល់450 ម៉ែត្រក្រឡា ភោជនីយដ្ឋាននេះអាចទទួលភ្ញៀវបានរហូតដល់193នាក់ ក្នុងពេលតែមួយ ហើយក៏មានបន្ទប់ VIP ចំនួន 4 បន្ទប់ផងដែរ។

លោក តាកាស៊ី ហូស៊ីតូ អគ្គនាយកក្រុមហ៊ុន Genki Sushi មានប្រសាសន៍ឲ្យដឹងថា “យើងមានកិត្តិយស ដែលបាននាំយក ភោជនីយដ្ឋាន Genki Sushi មករាជធានីភ្នំពេញ និងណែនាំជូននូវមធ្យោបាយច្នៃប្រឌិតថ្មីក្នុង ការរីករាយទទួលទានស៊ូស៊ីស្រស់មានផាសុខភាពខ្ពស់។ លោកបានបន្តទៀតថា Genki Sushi ជាភោជនីយដ្ឋាន ដំបូងគេក្នុងលោក ដែលបានបង្កើតតុម្ហូប វិលស្វ័យប្រវត្តិ ដោយបច្ចេកវិទ្យាទំនើបខ្ពស់ ឬហៅថា កៃតិន (Kaiten) នៅតាមសាខានានារបស់យើង។ 

ប្រព័ន្ធបញ្ជូនម្ហូបនេះ បច្ចុប្បន្ននេះពេញនិយមខ្លាំងណាស់ នៅតាមបណ្ដាប្រទេសជាច្រើន ប៉ុន្តែយើងជា អ្នកបង្កើតមុនគេនៅជប៉ុនតាំងពីឆ្នាំ1968មកម៉្លេះ។

ដោយការប្ដេជ្ញា នាំមកនូវភាពច្នៃប្រឌិតថ្មីៗ ទោះជាយ៉ាងណាភោជនីយដ្ឋាននេះ នឹងមិនបញ្ឈប់ត្រឹមបច្ចេកវិទ្យា តុវិលស្វ័យប្រវត្តិនេះទេ។

លោក ហូស៊ីតូ បានបន្ថែមទៀតថា “យើងក៏ជាអ្នកដំបូងគេ ដែលបានណែនាំប្រព័ន្ធរថភ្លើង អ៊ីចហ្វ្រេសរត់ម្ហូបកូស៊ូគុ ដើម្បីបញ្ជូនអាហារទៅ កាន់អតិថិជនយើងផងដែរ។ រាងដូចរថភ្លើងអ៊ិចហ្វ្រេស ហើយរត់លើគន្លងខាងលើតុម្ហូប វិលស្វ័យប្រវត្តិ ប្រព័ន្ធរថភ្លើងដើរដោយបច្ចេកវិទ្យាទំនើបនេះ ធានាថាអាហារថ្មីៗ ស្រស់ៗ ទាំងអស់ចេញ ពីកន្លែងចម្អិនរបស់យើង បានទៅដល់ដៃអតិថិជនទាន់ចិត្តភ្លាមៗ។

លោកបានបន្ថែមទៀតថា Genki Sushi នាំយកតែផលិតផលស្រស់បំផុត ផ្ទាល់ពីទីផ្សារ រួចរៀបចំទុកដាក់ ក្នុងទីតាំងដ៏សមស្របបំផុតដើម្បីរក្សាគុណភាពបានល្អ។

“កាតព្វកិច្ចចម្បងរបស់យើង គឺនាំយកស៊ូស៊ីទៅដល់អតិថិជនគ្រប់រូប និងទទួលអារម្មណ៍រីករាយចំពោះសេវាយើង បម្រើជូនគ្រប់ចាន។ ម្ចាស់ភោជនីយដ្ឋាន Genki Sushi កម្ពុជា លោក សឺមេន លីមយ៉ាងតាត បានថ្លែងថា “ភ្នំពេញបច្ចុប្បន្ន សក្ដិសមជាមោទនភាពសម្រាប់សាខា Genki Sushi ដ៏ធំបំផុតក្នុងលោក។

លោកបានឲ្យដឹងថា “ដោយសារតែនេះជាកិត្តិយសមួយ ក្នុងដំណើរការបើកសាខាដ៏ធំបំផុតក្នុងលោក អ្វីដែលសំខាន់បំផុតសម្រាប់យើងគឺ ការបំពេញចិត្តអតិថិជនគ្រប់រូបតាមរយៈគ្រប់យ៉ាងដែលយើងធ្វើ រាប់ចាប់ពីគុណភាពអាហារ រហូតដល់ស្ដង់ដារបម្រើសេវាកម្មរបស់យើង។ ភោជនីយដ្ឋាន Genki Sushi មានភាពជឿជាក់ឈរលើជំហរដ៏រឹងមាំក្នុងទីផ្សារអាហារស៊ូស៊ីក្នុងតំបន់ ក៏ដូចជាជំរុញភាពរីកចម្រើនរបស់ខ្លួននៅទីនេះ។

បើតាមប្រសាសន៍លើកឡើងរស់លោក លីម បានបញ្ជាក់ថា “អាចនិយាយបានថាយើងជាអ្នកទើបនឹង ចាប់ផ្ដើមក្នុងទីផ្សារប្រកួតប្រជែងដ៏ច្រើនលើសលប់នេះ ប៉ុន្តែយើងមានបង្អែកមូលដ្ឋានរឹងមាំ តាមរយៈកេរ្តិ៍ឈ្មោះ ល្បីល្បាញ និងភាពរីកចម្រើន លើផលិតផលដែលអាចសម្របបានទៅនឹងបញ្ហាប្រឈមពេលវេលា និង តម្រូវការអតិថិជនយ៉ាងប្រាកដ។ លោក លីម បានបន្ថែមផងដែរថា “យើងបានវិវឌ្ឍខ្លួន ហើយបន្តរៀបចំឲ្យបាន ប្រសើរ ទាំងមុខម្ហូបដែលឆ្លុះបញ្ចាំងអំពីរសជាតិ និងវប្បធម៌ខ្មែរ និងសម្របតាមទម្លាប់សេវាកម្មអតិថិជន និងសេវាកម្មដទៃទៀតនៅកម្ពុជាដែលពេញនិយមនៅប្រទេសជប៉ុន បំពេញតាមសំណូមពរ និងតម្រូវការក្នុង តំបន់ផងដែរ។ 

ភោជនីយដ្ឋាន Genki Sushi ត្រូវបានបង្កើតឡើងនៅឆ្នាំ1968  ក្នុងប្រទេសជប៉ុន ខណៈដែលកាលនោះ ស្ថាបនិករបស់ខ្លួនលោក ហ្វូមីអូ សៃតូ ជាចុងភៅស៊ូស៊ីជប៉ុនវ័យទើបតែ24ឆ្នាំ បានស្រមៃចង់បង្កើតនូវ ដ្ឋានស៊ូស៊ីដ៏ទំនើបមួយដោយមានលក្ខណៈពិសេសប្លែកហៅថា កៃតិន (ប្រែមកមានន័យថា រង្វិល)។ ការរួម បញ្ចូលរវាងស៊ូស៊ីបែបប្រពៃណី ជាមួយបច្ចេកវិទ្យាទំនើប លោកបានសម្ពោធភោជនីយដ្ឋានក្រោមគោលគំនិត ស៊ូស៊ីកៃតិន និងការប្រើប្រាស់តុម្ហូបវិលស្វ័យប្រវត្តិមុនគេបង្អស់។

គោលគំនិតថ្មីនេះបានទទួលការពេញនិយមយ៉ាងឆាប់រហ័សហើយមានការគាំទ្រពីមហាជនដ៏ច្រើនលើសលប់។

ក្រុមហ៊ុន Genki Sushi Co.Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ1990 ហើយមួយឆ្នាំក្រោយមកត្រូវបានចុះបញ្ចី ក្នុងទីផ្សារមូលបត្រតូក្យូ (ផ្សារភាគហ៊ុន)។ ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីផ្ដល់នូវអាហារថ្មីស្រស់ ក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើនឡើង ហើយបានពង្រីកសាខារបស់ខ្លួនទូទាំងប្រទេសជប៉ុន។

Genki Sushi បានប្រឡូកក្នុងទីផ្សារអន្តរជាតិក្នុងឆ្នាំ1992 ហើយបានក្លាយជាសញ្ញាណយុគសម័យថ្មីមួយ សម្រាប់ក្រុមហ៊ុន។ ការពង្រីកសាខាតាមតំបន់បានកើនឡើងយ៉ាងឆាប់រហ័សដោយក្នុងនោះសាខា Genki Sushi បានបើកនៅហាវ៉ៃ សិង្ហបុរី ហុងកុង ម៉ាឡេស៊ី តៃវ៉ាន់ និងបណ្ដាប្រទេសដទៃទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]