ភ្នំពេញ៖ មិនខុសពីពាក្យថា អាគមន៍ផ្សំអាយ៉ូស (អាយុ) នោះឡើយ ថ្វីត្បិតតែបច្ចុប្បន្ន ជាសម័យបច្ចេកវិទ្យា ជឿនលឿនយ៉ាងណាក្តី តែប្រជាជនខ្មែរយើងមួយចំនួននៅតែមានអបិយជំនឿ ដែលមានតាំងពីបរមបុរាណមកផងដែរ។

ជាក់ស្តែងដូចជា «អំបោះក្រហម ឬខ្សែសីមា» ជាដើម ដែលបច្ចុប្បន្នគេសង្កេតឃើញថា មិនថាតែបងប្អូនប្រជាជនខ្មែរយើង ឬអ្នកកាត់ខ្សែស្រឡាយ ខ្មែរ-ចិន ឬវៀតណាមឡើយ គឺតែងតែពាក់វានៅនឹងដៃ ឬដាក់ទៅតាមខ្លួន  មិនខុសគ្នាប៉ុន្មានទៅនឹងខ្សែចង្កេះ  គាថា  ឬយ័នបាលីអ្វីនោះឡើយ។  ខណៈអ្នកមួយចំនួនយល់ឃើញថា  ពាក់ខ្សែសីមាធ្វើឲ្យពួកគេមានរាសីខ្ពស់  យីអ៊ុនឡើង  និងសុខសប្បាយ  ឬអារម្មណ៍ជ្រះថ្លា ជាដើម។

ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ទាក់ទងទៅនឹង អបិយជំនឿលើការពាក់ខ្សែសីមានេះ  ក្រុមការងារខ្មែរឡូតយើង  បានសាកសួរបងប្អូនខ្មែរយើងមួយចំនួនដោយក្នុងនោះរួមមានទាំងព្រះសង្ឃផងដែរ  ដើម្បីធ្វើការចែករំលែកចំណេះដឹង  និងការយល់ឃើញផ្សេងៗគ្នាទៅលើអបិយជំនឿដូចបានលើកឡើងខាងលើ។

បើតាមការឲ្យដឹងពីព្រះតេជគុណ ព្រះនាមភិក្ខុអតិគុណត្ថេរោ សន នឿន គង់នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ បច្ចុប្បន្នព្រះតេជគុណ ជាសមណនិស្សិតនៅសាកលវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ បានផ្តល់សង្ឃដីកាយ៉ាងក្បោះក្បាយ មកកាន់ក្រុមការងារ Khmerload ថា៖

«បើយើងនិយាយពីខ្សែអំបោះវិញ មាន២យ៉ាង គឺអំបោះពណ៌ក្រហម និងអំបោះពណ៌ស។ ភាគច្រើនគេតែងប្រើអំបោះពណ៌ក្រហម នៅក្នុងពិធីមង្គលការសម្រាប់ចងដៃ គូស្វាមីភរិយាថ្មី គឺដើម្បីបញ្ជាក់ថាអ្នកទាំងពីរនោះ គឺមានចំណងអាពាហ៍ពិពាហ៍ ដោយមានការដឹងលឺពីចាស់ទុំ មេបា ចៅមហាទាំងសងខាងជាដើម។ ហើយវាក៏ជាសញ្ញាណមួយ បង្ហាញឲ្យឃើញពីការថែរក្សា មរតកវប្បធម៌ជាតិ ដែលគេតែងតែឃើញមាននៅក្នុងពិធីមង្គលការ។ ព្រោះអំបោះក្រហម គឺជាអំបោះផ្លូវការមួយ ដែលគេយកប្រើក្នុងពិធី មានតាំងពីសម័យរឿងនគរគោកធ្លក នគរភ្នំ ព្រះថោងតោងស្បៃនាងនាគ អីជាដើម។ ម្យ៉ាងវិញទៀត ការចងដៃដោយប្រើអំបោះក្រហម ក្នុងពិធីមង្គលការនេះ ក៏ជាសញ្ញាឬការជូនពរ ឲ្យគូស្វាមីភរិយាថ្មី មានធនធានទ្រព្យសម្បត្តិ លុយកាក់ហូរចូល និងមានសុភមង្គលរស់នៅជាមួយគ្នាតទៅមុខទៀតផងដែរ»

រូបភាព៖ ព្រះតេជគុណ ព្រះនាមភិក្ខុអតិគុណត្ថេរោ សន នឿន

ព្រតេជគុណបន្តថា «ដោយឡែក បើយើងនិយាយពីខ្សែសីមាវិញ ក៏មានលក្ខណៈពីរយ៉ាងផងដែរ គឺអំបោះសីមាក្រហម និងស។ ប៉ុន្តែវាមានលក្ខណៈសម្គាល់ថា ខ្សែអំបោះសីមាពណ៌ស គេតែងប្រើវាក្នុងពិធីបុណ្យ ដូចជាបុណ្យបញ្ចុះសីមាជាដើម ដោយមានការអភិសេក ចំនួន៣យប់៣ថ្ងៃ។ ចំពោះសីមាក្រហមក៏ដូចគ្នាផងដែរ គេតែងប្រើវាទៅតាមលក្ខណៈនៃពិធីនីមួយៗ។ ខ្សែសីមា មានន័យថាគឺជាការហ៊ុំព័ទ្ធមួយ ដែលមានការបូងសួង តម្លើងរាសី ដែលគេអាចយកវាទៅប្រើប្រាស់ជាផ្លូវការបាន ដើម្បីទប់ស្កាត់ជាមួយនឹងពពួកអមនុស្សទាំងឡាយ (ខ្មោច ព្រាយ បីសាច...) ដែលមានបំណងមកបៀតបៀន ចំពោះសរីរាង្គកាយរបស់យើង។ ខ្សែអំបោះដែលគេបាន អភិសេកប្រសិទ្ធិធិ ឬបញ្ចុះវេទមន្ត មន្តអាគមទៅលើវា រួចរាល់ហើយនោះ គេហៅថាខ្សែសីមា ដែលបុគ្គលណាពាក់វាហើយ គឺនឹងអាចបញ្ចៀស ឬការពារខ្លួន ពីពពួកអមនុស្សទាំងផងនោះ។ ប៉ុន្តែលុះត្រាតែអ្នកពាក់ ត្រូវមានគុណធម៌លើខ្លួនឯង និងអ្នកដទៃ ពោលគឺជាលក្ខណៈមនុស្ស មិនមានការព្យាបាទលើអ្នកដទៃ។ ឯអ្នកខ្លះទៀត ពាក់អំបោះក្រហម ឬខ្សែសីមា ដោយគ្រាន់តែយល់ឃើញថា ឬចង់លំអរកាយ (ដៃ) របស់គេប៉ុណ្ណោះ»

ព្រះតេជគុណ សន នឿន មានសង្ឃដីកា បន្ថែមចុងក្រោយថា «...ពេលខ្លះយើងពិបាកថា វាបញ្ជាក់ថាពេលណាគួរឲ្យជឿមិនជឿ ឬស័ក្តិសិទ្ធិមិនស័ក្តិសិទ្ធិបានទេ។ តែយើងអាចសង្កេតតាមរយៈខ្លួនយើងផ្ទាល់ បន្ទាប់ពីបានពាក់ឬប្រើប្រាស់វា ថាតើវាអាចជួយអ្វីយើងបានខ្លះ ធូរស្រាលឬយ៉ាងណា។ នេះគ្រាន់តែជាការចែករំលែក នូវចំនេះដឹងខ្លះៗរបស់អាត្មាតែប៉ុណ្ណោះ ខុសឆ្គងត្រង់ណាមេត្តា ក៏សូមខន្តីអភ័យទោសផងដែរ»

ជ្រាបកាន់តែច្បាស់ ចូរស្តាប់សង្ឃដីការរបស់ព្រះតេជគុណ ខាងក្រោមទាំងអស់គ្នា៖

ជួបជាមួយនឹងនិស្សិតវ័យ២៣ឆ្នាំ នៃសាកលវិទ្យាល័យបៀលប្រាយ យុវជន គីម សៅ ក៏បានជម្រាបមកកាន់ ក្រុមការងារខ្មែរឡូតយើង ឲ្យដឹងដែរថា «ចំពោះការពាក់ខ្សែសីមា ខ្ញុំមានអារម្មណ៍ថា ដូចជាមានរបស់អ្វីម្យ៉ាងតាមជួយ និងថែរក្សាខ្ញុំនៅរាល់ពេលខ្ញុំជួបបញ្ហា។ ជាពិសេសជាងនេះទៅទៀត ខ្ញុំមានជំនឿថា វានាំមកនូវលាបរាសីសមប្រកប មិនថាតែការសិក្សា ឬការងារតែងប្រសើរឡើង ឬមានអ្នកស្រលាញ់ចូលចិត្តច្រើនជាដើម។ ហើយអ្វីដែលសំខាន់ នៅពេលខ្ញុំពាក់ខ្សែសីមា វាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ជ្រះស្រលះក្នុងចិត្ត បានមួយកម្រិតផងដែរ។ ដូចនេះហើយ ខ្ញុំគិតថាការពាក់ខ្សែសីមា ហាក់បីដូចជា មានវត្ថុស័ក្តិសិទ្ធម្យ៉ាង នៅចាំជួយតាមថែរក្សាលើរូបខ្ញុំជានិច្ចផងដែរ»

យុវជនរូបនេះ បានបន្ថែមទៀតថា «...បើនិយាយទៅបច្ចុប្បន្ន ខ្ញុំក៏សង្កេតឃើញថា មិនថាតែក្មេងចាស់ប្រុសស្រីនោះទេ គឺភាគច្រើនទៅហើយ ដែលពាក់ខ្សែសីមា (ពណ៌ក្រហម) នៅជាប់នៅនឹងដៃរបស់ពួកគេ។ ហើយខ្ញុំក៏ជឿជាក់ថា ពួកគេទាំងអស់ ក៏មានជំនឿនឹងការយល់ឃើញ មិនខុសគ្នាប៉ុន្មានពីខ្ញុំឡើយ។ ខណៈមនុស្សមួយចំនួន ក៏យល់ឃើញថា ពាក់ខ្សែសីមា ក៏ជាការលំអរដៃរបស់ពួកគេម្យ៉ាងផងដែរ»

រូបភាព៖ យុវជន គីម សៅ

ដោយឡែក បងប្រុស ឈៀងហួរ សព្វថ្ងៃជាបុគ្គលិក បម្រើការនៅក្រុមឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា «កាលនៅពីក្មេងធ្លាប់នៅជាមួយតា តាគាត់យកខ្សែសីមាមកចងដៃ គាត់ប្រាប់ថាជួយការពារ មិនឲ្យមានគ្រោះថ្នាក់ ឬរឿងមិនល្អកើតឡើង ហើយក៏នាំឲ្យមាន សំណាងល្អផងដែរ»

បងប្រុស បន្តថា «...សម្រាប់ខ្ញុំយល់ឃើញថា វាជារឿងធម្មតាៗ ទោះពាក់ក៏មានរឿងល្អ និងអាក្រក់ ទោះអត់ពាក់ក៏ដូចគ្នា។ តែដោយសារតែ ធ្លាប់ពាក់វាតាំងពីតូចមកទៅហើយ ក៏ចេះតែពាក់ទៀតទៅ ណាមួយពេលដែលអត់ពាក់វា មានអារម្មណ៍ថា ស្រឡះដៃម៉េចមិនដឹងទេ ដូចមិនទម្លាប់ ចឹងក៏ចេះតែទៅរកខ្សែសីមា មកពាក់ទៀតទៅ»

រូបភាព៖ ឈៀង ហួរ

ចំពោះកញ្ញា ស្រីអូន និស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសមួយរូប ក៏បានលើកឡើងដែរថា «ការពាក់ខ្សែអំបោះក្រហម ឬគ្រប់គ្នាហៅថាជាខ្សែសីមានេះ សម្រាប់ខ្ញុំយល់ឃើញថា វាជួយកម្ចាត់ចេញនូវសំណាងអាក្រក់ និងព្រលឹងវិញ្ញាណមិនល្អណាមួយ (ខ្មោច ព្រាយ បីសាច) ដែលមានបំណងចង់មកយារយី លើរូបរាងកាយយើងជាដើម។ ព្រោះដោយសារតែ ខ្សែអំបោះក្រហម ដែលយកមកពាក់នៅនឹងដៃនេះ គឺវាមានសូត្រមន្តអាគម ឬប្រសិទ្ធី ពីសំណាក់ព្រះសង្ឃ អាចារ្យ ឬអ្នកដែលចេះខាងធម៌អាថ៌»

កញ្ញា បន្តថា «...បើនិយាយទៅកាលនៅតូច ធ្លាប់លឺចាស់ៗ យាយតា និងម៉ាក់របស់ខ្ញុំផ្ទាល់តែម្តង ពួកគាត់ក៏ធ្លាប់ប្រាប់ដែរថា ពាក់ខ្សែសីមានៅនឹងដៃ គឺជួយបញ្ចៀសនូវជំងឺផ្សេងៗ និងការពារកុំឲ្យខ្មោចលងជាដើម។ ចឹងហើយបានជាខ្ញុំ ចេះតែទម្លាប់ពាក់វាមករហូតហ្នឹង ទោះបីជាវាអាចជួយការពារយើងបាន ឬមិនបានក៏ដោយ ព្រោះខ្ញុំយល់ឃើញថាវាដូចជា គ្មានបញ្ហាអីផង។ ម្យ៉ាងវិញ ពេលពាក់វាទៅឃើញថា ស្អាតដៃម្យ៉ាងដែរ»

រូបភាព​៖ កញ្ញា ស្រីអូន

សរុបមក នេះគ្រាន់តែជាការយល់ឃើញ ពីសំណាក់បងប្អូនខ្មែរយើងមួយចំនួនតូច ដែលបានចែកមកលែកមកកាន់ ក្រុមការងារខ្មែរឡូតយើងតែប៉ុណ្ណោះ។ ទាក់ទងទៅនឹងជំនឿយល់ឃើញបែបណាផ្សេងនោះ គឺអាស្រ័យទៅលើ បងប្អូនជាអ្នកវិភាគបន្ថែមតែប៉ុណ្ណោះ ៕

ចុះសម្រាប់ប្រិយមិត្ត មានការយល់ឃើញយ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]