កាលពីថ្ងៃសុក្រកន្លងទៅនេះ ចាងហ្វាងផលិតកម្ម និងជាផលិតករនៃផលិតកម្ម AD MUSIC លោក អ៊ុង ឌុចសិត្ថាវីរៈ បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ ស្ថានីយទូរទស្សន៍ភីអិនអិន ពីមូលហេតុចម្បងដែលភីអិនអិន សម្រេចចិត្ត ប្រគល់រឿងទុំទាវអោយមកផលិតកម្មលោក យកមកផលិតថ្មីនិងថតជាខ្សែភាពយន្តភាគដោយដាក់ចំណងជើង «ភក្តីស្នេហ៍ទ្វេភព» និងកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនថា ដោយសារតែរឿងទុំទាវ ជារឿងអក្សរសិល្ប៍ខ្មែរដ៍ល្បី និងមានបង្កប់នូវទស្សនៈមួយគឺនំមិនធំជាងនាឡិ ដែលផ្តល់ជាចម្ងល់ដល់យុវវជនសម័យថ្មី ហើយមកដល់សព្វថ្ងៃនេះ អ្វីដែលយុវជនទទួលបានគឺហាក់ដូចជាផ្ទុយស្រឡះ និងម្យ៉ាងទៀតដោយ ភីអិនអិនមានគោលការណ៍គាំទ្រ នូវសាច់រឿងក្នុងស្រុកច្រើនជាជាងការទិញសាច់រឿងបរទេស ក្នុងនោះភីអិនអិន បានកំណត់អោយលោករក្សានូវសាច់រឿងបុរាណ តាមលំនារឿងដើម ចំណែកឯសាច់រឿងសម័យ គឺត្រូវនិពន្ធទៅតាមបរិបទសម័យបច្ចុប្បន្ន ដើម្បីអោយមានការទាក់ទាញ ជូនទស្សនិកជនទស្សនា។

លោកបញ្ជាក់បន្ថែមថារឿង «ភក្តីស្នេហ៍ទ្វេភព» លោកមានការផលិត យ៉ាងសម្រិតសម្រាំង ដោយចំណាយពេលវេលាក្នុងការផលិត រហូតដល់ទៅមួយឆ្នាំមុននឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហើយក៏មានការថ្លឹងថ្លែងសាច់រឿង រវាងសម័យកាលចាស់ និងសម័យកាលថ្មី ក្នុងសាច់រឿងតែមួយដោយសារតែរឿងនេះមានលាយគ្នាទាំងឈុតឆាកបូរាណ និងសម័យ។ ជាពិសេស បទចំរៀងក្នុងរឿងនេះគឺត្រូវច្រៀងថ្មីទាំងអស់ ដោយរក្សារប៉ារ៉ូលចាស់សរុបទាំងអស់ ២០បទ បូករួមទាំងការស្មូត្រដោយអ្នកជំនាញផងដែរ។

រឿង «ភក្តីស្នេហ៍ទ្វេភព» គ្រងដំណែងតួឯកដោយលោក អ៊ុន សុទ្ធា ចាប់ដៃគូជាមួយតារាសម្បុរស្រអែម កញ្ញា មឿង សុផាណែត រួមជាមួយនឹងតារាល្បីៗជាច្រើនរូបទៀត ហើយក៏កំពុងតែអង្រួនចិត្តប្រិយមិត្តទស្សនិកជន អោយទន្ទឹងរង់ចាំទស្សនាពីមួយសប្តាហ៍ទៅមួយ សប្តាហ៍ និងមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៨:០០-៩:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាកិច្ចសម្ភាសន៍ពិសេសសូមចុច៖

https://www.facebook.com/PNNTVCambodia/videos/1314353618636357/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]