រាជធានីភ្នំពេញ ៖ នៅពេលខាងមុខនេះ ប្រទេសកម្ពុជា នឹងមានពហុកីឡដ្ឋានជាតិដ៏ទំនើបមួយ ដែលអាចទទួល ធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម នៅឆ្នាំ២០២០ខាងមុខនេះ ។ នេះបើយោងតាមក្រុមមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្ហើប ឲ្យដឹងនៅព្រឹក ថ្ងៃទី ១៩ កញ្ញា ២០១២ ខណៈពេលដែលក្រុមមន្រ្តីទាំងនោះ បានអញ្ជើញទៅពិនិត្យមើលទីតាំង ដែលត្រូវសាងសង់ពហុកីឡដ្ឋានថ្មីនេះ លើផ្ទៃដីប្រមាណ៨៣ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៏ របស់លោក ឧកញ៉ាលី យ៉ុងផាត់ ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកថោង ខុន បានអះអាងថា នៅមុនឆ្នាំ២០២០ កម្ពុជា នឹងមានពហុកីឡដ្ឋានដ៏ទំនើបមិនធ្លាប់មាននៅព្រះរាជាណាចក្រកម្ពុជា ដែលជាលើកដំបូងជាគំរូនៅក្នុងប្រទេស ព្រម ទាំងនៅក្នុងតំបន់ដែលជា ពហុកីឡដ្ឋានបំរើឲ្យពហុវិសយ័កីឡា និងអាចទទូលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២០ខាងមុខ ក៏ដូចជាអាចទទួលរៀបចំការប្រកួតកីឡាក្នុងព្រឹត្តិការធំៗនោះថែមទៀត។

ចំណែកអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍ខណៈពេលចុះពិនិត្យមើលទីតំាងសាងសង់ពហុកីឡដ្ឋានជាតិនោះដែរថា ស្របពេលដែលកំណើនសេដ្ឋកិច្ច និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង វិសយ័ កីឡាជាមុខព្រួញមួយចាំបាច់មានការអភិវឌ្ឍន៍ ក្រោមចក្ខុវិសយ័ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ពហុកីឡដ្ឋាន ដែលត្រូវសាងសង់នាពេលនេះមានឈ្មោះថា៖ «ពហុកីឡ ដ្ឋានជាតិមរតកតេជោ»សាងសង់លើតំបន់អភិវឌ្ឍន៍របស់លោក ឧកញ៉ាលី យ៉ុងផាត់ ដែលមានហេដ្ឋារចនាសម្ពន្ធ័ស្រាប់ទីតាំងនេះលែងនៅឆ្ងាយពីរាជធានីភ្នំពេញហើយ ហើយពហុកីឡដ្ឋាននេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១២ខាងមុខនេះ ។ យ៉ាងណាក៏ដោយក្រុមមន្រ្តីទំាងនោះមិនបានទម្លាយឲ្យដឹងនូវទឹកប្រាក់ដែលត្រូវយកមកសាង់សង់ពហុកីឡាដ្ឋានជាតិមរតកតេជោនេះ មានចំនួនប៉ុន្មាននោះទេ ។

គួរកត់សម្គាល់ដែរថា គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានលក្ខណៈទំនើបលើកដំបូងនឹងអាចទទួលការរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាកីឡាស៊ីហ្គេមនៅឆ្នាំ២០២០នេះ គឺធ្វើឡើងនៅបន្ទាប់ពីពហុកីឡដ្ឋានជាតិអូឡំាពិកកម្ពុជា ដែលសាង សង់ឡើងក្នុងទសវត្សទី៦០ ហើយជាពហុកីឡដ្ឋានដ៏ធំមួយនិងល្បីល្បាញនៅទ្វីបអាស៊ីនាសម័យកាលនោះ កំពុងមានសភាពចាស់ ទ្រុឌទ្រោមនៅផ្នែកខ្លះ និងកំពុងបាត់សោភ័ណ្ឌភាពនោះថែមទៀត ខណៈពេលដែលនៅជុំវិញពហុកីឡដ្ឋានជាតិនេះ ត្រូវបាន គេ សាងសង់អាគារផ្ទះល្វែង ផ្សារទំនើប អាគារពាណិជ្ជកម្មនៅព័ទ្ធជុំវិញ និងកំពុងសាងសង់អាគារខ្ពស់ៗបន្ថែម។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]