ក្លិនខ្លួន គឺជាបញ្ហាចោទដ៏សំខាន់មួយ របស់មនុស្សម្នាក់ៗ ជាពិសេស នៅក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ត្រូវទៅសំភាសន៍ ឬត្រូវណាត់ជួបជាមួយគ្រួសារ និងមិត្តភក្តិជាដើម។ ជួនកាលវាអាចបង្កជាបញ្ហា កាន់តែធ្ងន់ធ្ងរ ពីព្រោះមិនថាអ្នកងូតទឹកច្រើន ឬបាញ់ទឹកអប់ឈួលប៉ុណ្ណាឡើយ ក្លិនខ្លួនរបស់អ្នក នៅតែលុបក្លិនក្រអូបចេញបានទៅវិញ ហាក់ដូចជាមិនអាចកម្ចាត់បានទាល់តែសោះ។ ហេតុនេះជំនួសឲ្យការដោះស្រាយដោយការងូតទឹក និងការបាញ់ទឹកអប់ អ្នកគួរតាមដានរបបអាហាររបស់អ្នក ពីព្រោះអាហារមួយចំនួន អាចបង្កជាក្លិនខ្លួនអាក្រក់បាន។

ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកគួរចៀសវាង ដើម្បីការពារបញ្ហាក្លិនខ្លួនអាក្រក់ ៖

១. ខ្ទឹមស

ខ្ទឹមស គឺជាឱសថធម្មជាតិ ជួយដល់ប្រព័ន្ធភាពស៊ាំ និងមានអត្ថប្រយោជន៍ ដល់សុខភាពជាច្រើនផ្សេងទៀត ប៉ុន្តែទន្ទឹមនឹងនោះដែរ វាក៏អាចធ្វើឲ្យអ្នកមានបញ្ហាក្លិនខ្លួនខ្លាំងផងដែរ។ ជាការពិតណាស់ ក្លិនរបស់ខ្ទឹមស អាចជាប់ខ្យល់ដង្ហើមរបស់អ្នកដល់ទៅ ៧២ ម៉ោងឯណោះ ហើយថែមទាំងអាច ជាប់ក្លិនទៅតាមទឹកនោមទៀតផង។ នេះដោយសារតែ ខ្ទឹមស មានផ្ទុកទៅដោយសារធាតុ Allicin ទើបបណ្តាលឲ្យមានក្លិនខ្លួនអាក្រក់ និងខ្យល់ដង្ហើមមិនល្អ។ ហេតុនេះ អ្នកមិនគួរទទួលទានអាហារណា ដែលមានខ្ទឹមសឆៅច្រើនពេកទេ និងគួរចម្អិនវាឲ្យឆ្អិនសឹមទទួលទាន។ 

២. ខ្ទឹមបារាំង

ខ្ទឹមបារាំង ក៏មិនខុសពីខ្ទឹមស ប៉ុន្មានដែរ ពីព្រោះវាអាចបង្កជាក្លិនខ្លួន និងខ្យល់ដង្ហើមអាក្រក់បាន។ មិនត្រឹមតែប៉ុណ្ណោះ វាហាក់ដូចជាស្កាត ជាប់អណ្តាតយ៉ាងយូរទៀតផង។ នេះក៏ដោយសារតែ ខ្ទឹមបារាំងមានផ្ទុក នូវសមាសធាតុស្ពាន់ធ័រ ដែលរំលាយជាម៉ូលេគុលក្លិន ធ្វើដំណើរទៅដល់សួត តាមរយៈចរន្តឈាម និងបង្កជាក្លិនមិនល្អមកក្រៅ នៅពេលដែលអ្នកទទួលទានទាំងឆៅ។ ហេតុនេះ ដើម្បីចៀសវាងក្លិនមិនល្អរាប់ម៉ោង របស់ខ្ទឹមបារាំង អ្នកមិនគួរទតួលទានវាច្រើនលើសលុបពេកទេ។ 

៣. សាច់សត្វ

អ្នកដែលចូលចិត្តទទួលទានសាច់ មិនថាជាសាច់គោ ឬសាច់ជ្រូក (លើកលែងសាច់មាន់) ប្រាកដជាមានបញ្ហាក្លិនខ្លួន មិនល្អជាក់ជាមិនខាន។ វាកើតឡើងដោយសារតែ សាច់ទាំងនោះ ទាមទារពេលវេលាយូរបន្តិច ដើម្បីធ្វើការរំលាយ។ ជាលទ្ធផល វាបណ្តាលឲ្យមានខ្យល់ដង្ហើម និងក្លិនខ្លួនអាក្រក់។ ប្រសិនជាអាច អ្នកគួរតែកាត់ផ្តាច់ការទទួលទានសាច់ ចេញទាំងស្រុងពី របបអាហារប្រចាំថ្ងៃក៏បាន ពីព្រោះវាអាចបង្កជាបញ្ហាសុខភាពដទៃផ្សេងទៀតជាច្រើន។ ប៉ុន្តែ ប្រសិនបើមិនអាចទេ ក៏យ៉ាងហោចណាស់ក៏អ្នកគួរកាត់បន្ថយសាច់ រួចជំនួសដោយគ្រឿងសមុទ្រវិញ ទើបជាការប្រសើរ។ 

៤. បន្លែប្រភេទ Cruciferous

បន្លែប្រភេទ Cruciferous រួមមានដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្តោប មានផ្ទុកទៅដោយសារធាតុប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចបណ្តាលឲ្យអ្នកមានក្លិនខ្លួន និងខ្យល់ដង្ហើមមិនល្អ។ បន្លែទាំងនេះ មានផ្ទុកសារជាតិគីមីស្ពាន់ធ័រ ដែលបង្កើតបានជាក្លិន នៅពេលដែលអ្នកបែកញើស បន្ទាប់ពីទទួលទានវា។ ផ្ទុយទៅវិញ ប្រភេទបន្លែទាំងនេះ មានសារៈសំខាន់សម្រាប់សុខភាពណាស់ ដូច្នេះ អ្នកមិនចាំបាច់កាត់បន្ថយការបរិភោគវាទេ។ អ្នកគ្រាន់តែយកបន្លែទាំងនោះ ស្រុះក្នុងទឹកអំបិលប្រៃតិចៗ មុនយកទៅចម្អិនជាការស្រេច។ 

៥. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតមធ្យម ឬយូរៗម្តង មិនជាថ្វីឡើយ ប៉ុន្តែប្រសិនបើអ្នកទទួលទានលើសកំណត់ហួសហេតុ វានឹងបង្កជាក្លិនមិនល្អ តាមរន្ធញើសជាក់ជាមិនខាន ដែលក្លិននោះ ដូចជាក្លិនរបស់ស្រា ឬស្រាបៀរយ៉ាងអ៊ីចឹង។ លើសពីនេះទៅទៀត វាធ្វើឲ្យខ្យល់ដង្ហើមមានក្លិនអាក្រក់ជាប់យ៉ាងយូរ ទោះជាទំពារស្ករកៅស៊ូក៏ដោយ។ ហេតុនេះ អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន នៅពេលអ្នកពិសារគ្រឿងស្រវឹង ជាពិសេស មិនត្រូវទទួលទានលើសលុបពេកទេ។ 

៦. សាច់ត្រី និងថ្នាំគ្រាប់ខ្លាញ់ត្រី

ត្រី ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សុខភាពមនុស្ស ដោយសារតែវាមានផ្ទុក Omega-3 ដ៏សំខាន់។ ប៉ុន្តែសាច់ត្រី ក៏មានផ្ទុកសារធាតុ Choline ដែលអាចបង្កជាក្លិនខ្លួនមិនល្អបានដែរ នៅពេលទទួលទាន។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែថ្នាំគ្រាប់ខ្លាញ់ត្រី ដែលល្អសម្រាប់សុខភាព ជាពិសេស បេះដូងនោះ ក៏បង្កជាបញ្ហាក្លិនខ្លួនឆ្អាប ដូចជាត្រីយ៉ាងដូច្នោះដែរ។ មនុស្សមួយចំនួន ថែមទាំងជួបប្រទះបញ្ហាភើ និងចង់ក្អួតទៀតផង បន្ទាប់ពីប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រីនេះ។ ហេតុនេះ សូមអ្នកកុំទទួលទានលើសកំណត់ និងសាកសួរអ្នកជំនាញឲ្យបានច្បាស់លាស់ជាមុន ទើបជាការប្រសើរ។ 

៧. កាហ្វេ

ស្រដៀងទៅនឹង គ្រឿងស្រវឹងដែរ កាហ្វេមានឥទ្ធិពល ធ្វើឲ្យអ្នកនោមញឹក និងបង្កជាក្លិនដល់ទឹកនោមរបស់អ្នកថែមទៀតផង។ ភេសជ្ជៈមួយនេះ អាចបណ្តាលឲ្យអ្នកងាយនឹងបែកញើស និងមានក្លិនខ្លួន។ ជាពិសេស វាមានជាតិអាស៊ីត ធ្វើឲ្យមាត់ប្រែជាស្ងួត និងធុំក្លិនមិនល្អ ហើយថែមទាំងបង្កជាបាក់តេរី កកើតក្នុងមាត់ថែមទៀត។ បើសិនជាអាច អ្នកគួរជំនួសកាហ្វេ ដោយទឹកតែវិញ ទើបជាការប្រសើរ ពីព្រោះវាមិនត្រឹមតែការពារក្លិនមិនល្អប៉ុណ្ណោះទេ វាថែមទាំងល្អសម្រាប់សុខភាពទាំងមូលទៀតផង។ 

៨. អាហារមិនល្អសម្រាប់សុខភាព

អាហារដែលមិនល្អ សម្រាប់សុខភាព ដូចជា ប៊ឺហ្គឺ ភីហ្សា មាន់បំពង សូដា -ល- សុទ្ធតែអាចបង្កជាហានិភ័យ ក្លិនខ្លួន ដល់អ្នកចូលចិត្តទទួលទាន។ វាជាអាហារ ដែលមិនល្អសម្រាប់សុខភាពឡើយ ប្រសិនបើទទួលទានលើសកំណត់ ហើយក៏មិនសូវមានអ្នកដឹងថា វាអាចបង្កជាក្លិនមិនល្អ ដល់រាងកាយដែរ។ ជាក់ស្តែងអាហារទាំងនោះ ត្រូវបានធ្វើឡើងដោយ គ្រឿងផ្សំ ជាច្រើនប្រភេទ ដែលបណ្តាលឲ្យកម្រិតកូឡេស្តេរ៉ូលមានការកើនឡើង និងកំចាត់ចោលនូវម៉ូលេគុល ដែលធ្វើឲ្យក្លិនខ្លួនក្រអូប។ ហេតុនេះ អ្នកគួរតែកាត់បន្ថយ ការទទួលទានអាហារទាំងនេះ តាមដែលអាចធ្វើទៅបាន ទើបជាការល្អ។ 

៩. ទទួលទានបន្លែបៃតងតិច

វាជារឿងសំខាន់ណាស់ ក្នុងការទទួលទានបន្លែបៃតង ពីព្រោះវាមិនត្រឹមតែជួយ ដល់សុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ វាថែមទាំងជួយអ្នក មិនឲ្យមានបញ្ហាក្លិនខ្លួនទៀតផង។ សារធាតុ Chlorophyllin ដែលត្រូវបានគេរកឃើញក្នុង រុក្ខជាតិបៃតង ត្រូវបានគេប្រើដើម្បីទទួលបានក្លិនក្រអូប នៅលើមុខរបួស ដែលមានក្លិនមិនល្អ តាំងពីឆ្នាំ ១៩៤០ និង ១៩៥០ មកម្ល៉េះ។ ហេតុនេះ អ្នកត្រូវចេះរៀបចំរបបអាហារ ឲ្យបានត្រឹមត្រូវ ចាប់ពីថ្ងៃនេះតទៅ៕ 

ប្រភព៖ Top 10 Home Remedies | Men's Fitness | Medical Daily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]