ចិន៖ សារព័ត៌មានដេលីមែល បានចុះផ្សាយថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៦ថា គ្រូបង្រៀនស្រីវ័យក្មេង នៅសាលាបណ្តុះបណ្តាលកុមារមួយកន្លែង ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ បន្ទាប់ពីគេដឹងថា អ្នកគ្រូរូបនោះបានវាយធ្វើបាប កុមារីតូចៗចំនួន២នាក់ ដោយខឹងពួកគេមិនចាំនូវក្បាច់រាំ សម្រាប់ត្រៀមរាំព្រឹត្តិការណ៍នៃពិធីបុណ្យគ្រីស្មាស់ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។

ប្រភពសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីប៉ុន្មានថ្ងៃមុន នៃពិធីបុណ្យគ្រីស្មាស់ចូលមកដល់ ស្ថិតក្នុងទីក្រុង Lu’an ភាគខាងកើតខេត្ត Anhui ប្រទេសចិន ដែលមានក្មេងប្រុសស្រីជាច្រើន បាននិងកំពុងតែធ្វើការហាត់សមក្បាច់រាំ ដើម្បីឡើងសម្តែងនៅចំពោះមុខ អាណាព្យាបាលរបស់ពួកគេ អបអរសាទរក្នុងឱកាស នៃពិធីបុណ្យណូអែល។

ក្នុងនោះតាមរយៈវីដេអូឃឃ្លីប ដែលថតជាប់ដោយកាម៉េរាសុវត្ថិភាព គេឃើញកុមារី២នាក់ មានអាយុចន្លោះពី ៤ទៅ៥ឆ្នាំ ត្រូវបានគ្រូបង្ហាត់រាំរបស់គេ ចាប់អូសចេញពីវង់រាំភ្លាមៗ  ដោយសារតែក្មេងស្រីទាំងពីរនោះ មិនចងចាំនូវក្បាច់រាំ ដែលគ្រូរបស់ពួកគេបានបង្ហាត់ ជាហេតុធ្វើឲ្យអ្នកគ្រូស្រីនោះក្តៅចិត្ត ក៏ដាក់ពិន័យធម៌ក្តៅ ដោយការចាប់អូសពួកគេផ្អឹបទៅនឹងជញ្ជាំងថ្នាក់ មុនពេលធ្វើសកម្មភាព ទាត់ធាក់ និងថែមទាំងទះកំផ្លៀង លើរូបរាងកាយក្មេងស្រីរងគ្រោះទាំងពីរយ៉ាងដំណំទៀតផង។ លុះក្រោយមក ទើបគ្រូស្រីនោះ អនុញ្ញាតឲ្យកុមារីរងគ្រោះទាំងពីរ ចូលហាត់រាំក្នុងវង់ជាធម្មតាវិញ។

គេជឿជាក់ថា ក្មេងស្រីរងគ្រោះទាំងពីរនាក់ ទំនងជាប្រាប់ឪពុកម្តាយរបស់ពួកគេ ពីហេតុការណ៍ដែលបានកើតឡើង ទើបឪពុករបស់ពួកគេបានប្តឹងទាមទារ ឲ្យខាងសាលាបណ្តុះបណ្តាលមួយនេះ ឆែកមើលកាម៉េរាសុវត្ថិភាព ពីទិដ្ឋភាពនៅក្នុងថ្នាក់តែម្តង។

បន្ទាប់ពីឪពុកម្តាយ របស់កុមារីរងគ្រោះទាំងពីរនាក់ បានឃើញពីសកម្មភាព ក្នុងកាមេរ៉ាសុវត្ថិភាពហើយនោះ ធ្វើឲ្យពួកគាត់ជាអាណាព្យាបាល ភ្ញាក់ផ្អើលនិងខកចិត្តយ៉ាងខ្លាំង នូវអ្វីដែលបានកើតឡើង ហើយក៏បានប្តឹងឲ្យខាងសាលា ធ្វើការបញ្ឈប់គ្រូអសីលធម៌ខាងលើនោះចេញពីការងារផងដែរ។

ទីបំផុតខាងសាលាក៏បានសម្រេចតាមការយល់ឃើញពីសំណាក់ ឪពុកម្តាយកុមារីរងគ្រោះទាំងពីរ ហើយខាងសាលាក៏បានចូលខ្លួន ចរចាជាមួយឪពុកម្តាយរបស់ពួកគេ ដើម្បីធ្វើការសងជំងឺចិត្ត នូវរឿងរ៉ាវដែលបានកើតឡើងផងដែរ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?   

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]