ការចាក់សាក់រូបភាពផ្សេងៗ ឬបាឡីមន្តអាគមន៍ជាដើម បានកើតមាននៅក្នុងសង្គមខ្មែរ ជាយូរណាស់មកហើយ ចាប់តាំងពីបុរាណកាលមក ហើយវានៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ការសាក់មានច្រើនបែបច្រើនយ៉ាង និងស្ថិតនៅលើផ្នែកផ្សេងៗនៃរាងកាយ អាស្រ័យទៅលើគោលបំណងរបស់អ្នកដែលចង់សាក់។

បច្ចុប្បន្នការចាក់សាក់ ហាក់មានភាពពេញនិយមខ្លាំងសម្រាប់យុវវ័យមួយចំនួន ដើម្បីបង្ហាញពីភាពរឹងមាំ ស្រស់ស្អាត សង្ហា ភាពក្លាហាន ឬជាការសាក់ដើម្បីដាក់បាឡីមន្តអាគមន៍ ផ្លូវងងឹតនៅលើរាងកាយជាដើម។ ក៏ប៉ុន្តែបើទោះជាការចាក់សាក់នេះ បានកើតមានជាយូរមកហើយក៏ដោយ ក៏នៅក្នុងសង្គមបច្ចុប្បន្នបានចាត់ទុកអ្នកដែលមានសាក់នៅលើខ្លួនថា ជាមនុស្សមិនល្អ កោងកាច បងតូចបងធំជាដើម។

តើអ្នកចាក់សាក់ សុទ្ធតែជាមនុស្សមិនល្អមែនឬ? ដើម្បីដឹងច្បាស់ពីបញ្ហាមួយនេះ ខ្មែរឡូត នឹងលើកយកប្រធានបទនេះមកជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងពីបទពិសោធន៍នៃការចាក់សាក់ និងមូលហេតុដែលយុវវ័យបច្ចុប្បន្ននិយមការចាក់សាក់។ តែមុនដំបូងយើងត្រូវដឹងសិនថា តើការចាក់សាក់ជាអ្វី? 

ការសាក់ គឺជាចាក់ទឹកថ្នាំពណ៌ខ្មៅ ខៀវ ក្រហម ឬចម្រុះពណ៌ចូលទៅក្នុងស្បែក នៅលើរាងកាយរបស់យើង តាមរយៈឧបករណ៍មុតស្រួចសម្រាប់ចាក់សាក់ ដើម្បីបង្កើតជាអក្សរ ឬរូបភាពផ្សេងៗ។ កាលពីបុរាណកាល ការចាក់សាក់ត្រូវបានធ្វើឡើងក្នុងទម្រង់ជារូបភាពយ័ន្ត សញ្ញាកុលសម្ព័ន្ធ បក្ស និងបាឡីគារថា មន្តអាគមន៍ជាដើម និងប្រើប្រាស់ទឹកខ្មៅ ឬខៀវតែប៉ុណ្ណោះ។ ដោយឡែកនាពេលបច្ចុប្បន្នការសាក់ ហាក់វិវឌ្ឍន៍ទៅមុខខ្លាំងមួយកម្រិតហួសពីការសាក់រូបភាពនានា យ័ន្ត ឬមន្តអាគមន៍លើរាងកាយទៅទៀត ដោយវាត្រូវបានគេប្រើជាការសាក់ចិញ្ចើម និងសាក់បបូរមាត់ ថែមទៀតផង រួមជាមួយនឹងពណ៌ចម្រុះ។

ការសាក់ មិនមែនសុទ្ធតែមិនមានបញ្ហាសម្រាប់មនុស្សគ្រប់គ្នានោះទេ បើទោះបីជាការសាក់ ប្រព្រឹត្តទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានអនាម័យគ្រប់គ្រាន់ក៏ដោយ។ រាល់ការសាក់សុទ្ធតែត្រូវចំណាយថវិកា ថាមពល កម្លាំងកាយ និងការតាំងចិត្ដខ្ពស់ ព្រោះការសាក់មានការឈឺចាប់ខ្លាំង ដោយសារត្រូវយកដែកមុតស្រួចមកចាក់ទៅលើរាងកាយ ហើយនៅពេលដែលចង់លុបវិញនោះ ក៏ជាបញ្ហាមួយដែរ ព្រោះមិនមែនងាយស្រួលលុប ដូចជាលុបអក្សរលើក្តារខៀននោះទេ។

យុវវ័យបច្ចុប្បន្នចូលចិត្តការចាក់សាក់ គឺដើម្បីសោភ័ណភាព ដើម្បីបង្ហាញពីភាពរឹងមាំ សង្ហា ក្លាហាន ភាពទាក់ទាញ ឬបង្ហាញពីភក្តីភាព ក្តីស្រឡាញ់ចំពោះនរណាម្នាក់ ជាដើម។ ដោយជួបសម្ភាសន៍ជាមួយយុវជន ពុធ អ៊ំអូន ដែលជាកីឡាករប្រដាល់មួយរូបបានឲ្យដឹងថា រូបគេបានសាក់រូបនៅលើខ្លួនចាប់តាំងពីបានចូលហ្វឹកហាត់ជាកីឡាករ។ ហើយការសាក់រូបនេះដែរ គឺធ្វើឡើងដើម្បីបញ្ចូលមន្តអាគមន៍មហាកម្លាំង និងបង្ហាញពីភាពរឹងមាំ ក្លាហានដល់គូប្រយុទ្ធជាដើម។ 

ចំណែកឯបងប្រុស សត្យា ជាបុគ្គលិកនៅក្នុងហាងមួយ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា គាត់បានសាក់រូបនៅលើដៃរបស់គាត់ជាយូរមកហើយ ហើយការសាក់នេះ គឺដោយសារតែគាត់ស្រលាញ់សិល្បៈនៃការសាក់ខ្លាំង ហើយក៏ចង់បង្ហាញពីសិល្បៈនៃការចាក់សាក់របស់ខ្មែរ ទៅឲ្យបរទេសបានឃើញផងដែរ

ក្រឡេកមកជួបនារីរូបស្រស់ សុជីវី វិញ បានឲ្យដឹងដែរថា ការចាក់សាក់របស់គាត់ គ្រាន់តែជារូបតូចមួយប៉ុណ្ណោះ ហើយការចាក់សាក់នោះទៀតសោត គឺធ្វើឡើងជាមួយនឹងសង្សាររបស់គាត់ ដែលមានរូបភាពលក្ខណៈជាគូស្នេហ៍ ដើម្បីរំឮកអនុស្សាវរីយ៍ នៃចំណងស្នេហារបស់ពួកគេ

ដើម្បីឲ្យកាន់តែច្បាស់ជាងនេះទៅទៀតលើសិល្បៈនៃការសាក់រូប ក្រុមការងារ ខ្មែរឡូត ក៏បានជួបសម្ភាសន៍ជាមួយអ្នកជំនាញនៅក្នុងហាងសាក់រូប RSD Tattoo ក្បែរវិមានឯករាជ្យ ផងដែរ។ អ្នកជំនាញបានឲ្យដឹងថា ការសាក់របស់ខ្មែរ គឺមានតាំងពីយូរណាស់មកហើយ ដែលភាគច្រើនគឺមានលក្ខណៈជាយ័ន ចំណែកឯការសាក់បែបជប៉ុន ក៏មានប្រវត្តិផ្សេងៗផងដែរ ដូចជា យ៉ាគូសារ ជាដើម រីឯអឺរ៉ុប ក៏មានប្រភេទផ្សេងៗគ្នាផងដែរ ទៅតាមវប្បធម៌នីមួយៗ។ 

លោកបន្តថា បច្ចុប្បន្នការសាក់បានក្លាយទៅជាសិល្បៈមួយបែប ជាគំនូរលើស្បែកក្នុងលក្ខណៈលម្អខ្លួន ហើយក៏ជាការពេញនិយមមួយដែរ ចំពោះអ្នកដែលចូលចិត្ត និងស្រលាញ់ការសាក់រូប ពួកគេនឹងធ្វើការស្វែរករូបភាពដែលពួកគេពេញចិត្ត ដើម្បីធ្វើការសាក់។ ចំពោះដំណើរការនៃការសាក់បច្ចុប្នន្ន ក៏មានភាពទំនើបខ្លាំងផងដែរ ដោយកាលពីសម័យបុរាណ ការសាក់ត្រូវបានធ្វើឡើងដោយប្រើឧបករណ៍ម្ជុលស្រួចៗ ឬប្រើប្ញស្សីដើម្បីបុកសាក់ចាក់ចេញជាងអក្សរ ឬរូបភាពផ្សេងៗ ដោយឡែកនាពេលបច្ចុប្បន្នការសាក់ត្រូវបានធ្វើឡើងដោយប្រើឧបករណ៍ទំនើបជំនួសវិញ ថែមទាំងមានសុវត្ថិភាពខ្ពស់។

ចំពោះហេតុផលនៃការសាក់ លោកបានឲ្យដឹងថា សាក់នីមួយៗគឺសម្រាប់បុគ្គលម្នាក់ ហើយអត្ថន័យក៏ទៅតាមបុគ្គលម្នាក់ៗផងដែរ អ្នកខ្លះសាក់ដើម្បីបញ្ជាក់ការស្រលាញ់ (ដូចជាចាក់ឈ្មោះមនុស្សជាទីស្រលាញ់ ឬគ្រួសារ) អ្នកខ្លះចាក់ដើម្បីជាការចងចាំ នូវអ្វីមួយដែលបានកើតឡើងក្នុងជីវិត ទុកជាអនុស្សាវរីយ៍អស់មួយជីវិត ឬការសាក់រូបប្រាសាទដើម្បីបង្ហាញពីវប្បធម៌ ឬសិល្បៈដូនតា។ រីឯមួយចំនួនទៀតធ្វើការសាក់ ដើម្បីហុងស៊ុយរបស់ពួកគេ ទៅតាមក្បួន ឬជំនឿផ្សេងៗ ទៅលើរាសី ការរកស៊ី ការងារ និងយ័ន្តការពារជាដើម។ បុគ្គលផ្សេងទៀតសាក់ ក្នុងន័យបញ្ជាក់ពីការជោគជ័យរបស់ខ្លួន ដូច្នេះនៅពេលដែលពួកគេសម្រេចបានអ្វីមួយ ពួកគេនឹងធ្វើការសាក់តែម្តង។ 

ចំពោះផលប៉ះពាល់នៃការចាក់សាក់ គឺកើតមានឡើងទាំងនៅលើដំណើរការ នៃការចាក់សាក់ និងសង្គមផងដែរ។ ផលប៉ះពាល់លើរាងកាយអាចកើតមានឡើងអាស្រ័យទៅលើដំណើរការនៃការចាក់សាក់ ឧបករណ៍សាក់ គុណភាពទឹកថ្នាំ ដែលវាអាចបណ្តាលការសាក់មានសភាពមិនស្អាត មានស្នាមផ្លែ ក្លាយនៅលើរាងកាយជាដើម។

ចំពោះសង្គមបច្ចុប្បន្នក៏ជាបញ្ហាសំខាន់ផងដែរ ដោយសង្កេតឃើញថា អ្នកដែលមិនចូលចិត្តមនុស្សសាក់មានច្រើន ហើយភាគច្រើនជាមនុស្សវ័យចំណាស់។ រាល់ការសាក់នីមួយៗបុគ្គលខ្លួនឯង ជាអ្នកសម្រេចិត្តដោយផ្ទាល់ ហើយអ្នកដែលសាក់ភាគច្រើនជាមនុស្សដែលមានឯករាជ្យផ្ទាល់ខ្លួន មិននៅក្រោមបង្គាប់នរណាម្នាក់ ដូច្នេះគេមានសិទ្ធិក្នុងការសាក់។ បុគ្គលមួយចំនួនអាចជួបប្រទះបញ្ហាមួយចំនួន នៅពេលដែលទៅដាក់ពាក្យធ្វើការជាដើម។

ទាក់ទងទៅនឹង ផ្នត់គំនិតដែលដក់ជាប់មកជាយូរថា មនុស្សមានសាក់នៅលើខ្លួនថា ជាមនុស្សមិនល្អ កោងកាច បងតូចបងធំជាដើម អ្នកជំនាញបានពន្យល់ថា វាអាស្រ័យទៅលើប្រព័ន្ធអប់រំ និងការផ្សព្វផ្សាយ ដោយតែងតែផ្សព្វផ្សាយថា ពេលដែលមនុស្សមានសាក់ គឺជាមនុស្សអាក្រក់ មនុស្សមិនល្អ ទាំងក្នុងវីដេអូចម្រៀង និងភាពយន្តជាដើម ជាឧទាហរណ៍តួអង្គរំលោភ ចាប់ជំរិត ឬបងធំគឺជាមនុស្សកាច និងសុទ្ធតែមានសាក់នៅខ្លួន។ ដូច្នេះហើយទើបធ្វើឲ្យសង្គមខ្មែរបច្ចុប្បន្នគិតថា ឲ្យតែជាមនុស្សមានសាក់ គឺជាមនុស្សមិនល្អតែម្តង។ តែមានខ្លះក៏មិនល្អពិតមែនដែរ ដោយមានសាក់តិចតួច អួតថាខ្លួនពូកែ ដើរបង្កជម្លោះ ឈ្លោះទាស់ទែងគ្នាធ្វើឲ្យគេកោតខ្លាច ចរិតធ្វើកោងកាច ទើបគេមើលមកយល់ច្រឡំថាពួកអ្នកមានសាក់ជាបងធំ។

បន្ទាប់ពីបានដឹងនូវហេតុផល និងបទពិសោធន៍នៃការចាក់សាក់រួចមក យុវវ័យ​បច្ចុប្បន្ន​ដែល​ចង់សាក់ មុននឹងធ្វើការសាក់ គួរតែសម្រេចចិត្តឲ្យច្បាស់លាស់ជាមុនសិន ពីព្រោះបើសាក់ហើយគឺដូចជាពាក្យចាស់និយាយថា កាប់ថ្មចំណាំអីចឹង មិនមែនចង់លុបក៏លុបបានភ្លាមៗនោះទេ។ ហើយបើសម្រេចចិត្តច្បាស់លាស់ហើយ យុវវ័យគួរតែស្វែងយល់ពីការសាក់ឲ្យបានច្រើន ថាការសាក់របស់ខ្លួនមានអត្ថន័យដូចម្តេច កុំឲ្យមានពាក្យស្តាយក្រោយនៅថ្ងៃអនាគត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]