បារាំង៖ សារព័ត៌មាន Independent របស់អង់គ្លេស បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ ប្រទេសបារាំង បានធ្វើការបង្ហាញផ្លូវបន្ទះសូឡា ស្រូបពន្លឺព្រះអាទិត្យ លើកដំបូងរបស់ពិភពលោក នៅភូមិតូចមួយ ក្នុងរដ្ឋ Normandy ភាគខាងជើងប្រទេសបារាំង។

ផ្លូវនេះត្រូវបានគេដាក់ឈ្មោះឲ្យថា “Wattway” និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថានបារាំង លោកស្រី Ségolène Royal ដែលបាននិយាយកាលពីដើមឆ្នាំនេះថា លោកស្រីចង់សាងសង់ ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យនេះប្រវែង ១,០០០គីឡូម៉ែត្រនៅក្នុងប្រទេសបារាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យ “Wattway” មួយនេះ ត្រូវបានអភិវឌ្ឍឡើងជាង៥ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសាងសង់ Colas ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍យក្ស របស់បារាំង Bougyes ។ 

ការសាងសង់ផ្លូវនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាល ដោយចំណាយទឹកប្រាក់ ៥,២ លានដុល្លារ មានប្រវែង១គីឡូម៉ែត្រ គ្របដណ្តប់ដោយផ្ទាំងស្រូបពន្លឺព្រះអាទិត្យទំហំ ២,៨០០ ម៉ែត្រការ៉េ ឆ្លងកាត់ភូមិ Tourouvre-au-Perche ។ ហើយថាមពលអគ្គិសនី ដែលទទួលបានអាចបំភ្លឺភ្លើងនៅតាមផ្លូវ ក្នុងភូមិដែលមានប្រជាជនរស់នៅចំនួន ៣.៤០០ គ្រួសារ។

ប្រភពព័ត៌មានបន្តថា គេរំពឹងថា ផ្លូវនេះនឹងត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ ជាមធ្យមក្នុងមួយថ្ងៃ ២,០០០នាក់ ហើយបច្នុប្បន្នផ្លូវនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលធ្វើតេស្តរយៈពេល២ឆ្នាំសិន ខណៈការចំណាយលើការសាងសង់ហាក់មានតម្លៃថ្លៃ។

លោក Piers Barnes សហការីស្រាវជ្រាវរូបវិទ្យា នៅសាកលវិទ្យាល័យក្រុងឡុងដ៍ បាននិយាយថា “ការចំណាយ និងពេលវេលាសាងសង់ផ្លូវនេះ គឺជាកត្តាដ៏សំខាន់ ដែលរារាំងដល់ការអភិវឌ្ឍផ្លូវបន្ទះសូឡា”។

គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅទៅទាំងពិភពលោកកំពុងធ្វើការពិសោធន៍ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើផ្លូវ។ ខណៈដែលប្រទេសហូឡង់ មានផ្លូវស្រូបពន្លឺព្រះអាទិត្យ ប្រវែង៧០ម៉ែត្រ ដែលដំណើរការចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះក្នុងលក្ខណៈជាផ្លូវសម្រាប់ជិះកង់មួយខ្សែ៕ 

ប្រភព៖ Independent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]