(ភ្នំពេញ)៖ ជាការពិត នៅតាមបណ្ដាផលិតកម្មជាច្រើន ដែលបានផលិតរឿង ទាំងរឿងភាគ និងរឿងខ្នាតធំ ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ និងតាមរោងភាពយន្តនានាសព្វថ្ងៃនេះ មានផលិតករមួយចំនួន តម្រូវឲ្យតួសម្ដែង សម្ដែងត្រូវនឹងអត្តចរិតរបស់ខ្លួន ដែលមានពីធម្មជាតិមក ដោយមិនចាំបាច់ពត់ពេន ធ្វើឫកសមសួន ផ្ទុយពីចរិតពិតនោះឡើយ។ ប៉ុន្តែក្នុងនោះ ក៏មានផលិតករខ្លះ រឿងខ្លះ តម្រូវឲ្យតារាសម្ដែង សម្ដែងខុសពីអត្តចរិតរបស់ខ្លួន ដែលធ្វើឲ្យអ្នកទស្សនា គិតថា ឆ្គងៗ សម្ដែងមិនសម និងហាក់មិនចូលតួជាដើម។

យ៉ាងណាមិញ សម្រាប់តារាសម្ដែង ដែលត្រូវបានមហាជនគិតថា មានលក្ខណៈលេចធ្លោជាងគេ ក្នុងឆ្នាំ២០១៦នេះ អ្នកនាង សុខ សោម៉ាវត្តី បានព្រលយឲ្យទស្សនិកជន ក៏ដូចជាផលិតករឲ្យបានដឹង ក្នុងពិធីសម្ពោធរឿង «សួស្ដីលោកគ្រូកំឡោះ» កាលពីពេលថ្មីៗនេះថា ថ្វីត្បិតតែនាងជាតារាសម្ដែង មានបទពិសោធច្រើនឆ្នាំ និងទទួលបានការគាំទ្រខ្លាំង ក្នុងអាជីពជាអ្នកសិល្បៈសព្វថ្ងៃនេះក្ដី ប៉ុន្តែសម្រាប់ការសម្ដែងរឿងនីមួយៗ នាងមិនចង់សម្ដែងឲ្យខុសពីអត្តចរិតរបស់ខ្លួន តាមការចង់បានរបស់ផលិតករនោះទេ ព្រោះនាងពិបាកក្នុងការសម្ដែង ជាពិសេសការធ្វើទឹកមុខ រៀបចំឫកពារ កាយវិការ និងសម្ដីសម្ដៅជាដើម ពោលនាងចង់សម្ដែងរឿងណា ដែលត្រូវនឹងអត្តចរិតពីធម្មជាតិរបស់ខ្លួនពិតៗ ក្នុងន័យបង្កលក្ខណៈងាយស្រួល ងាយចូលតួ និងដើម្បីជៀសផុត ពីការរិះគន់របស់មហាជនថា នាងសម្ដែងឆ្គងៗ។

សុខ សោម៉ាវត្តី និយាយថា «សម្រាប់ខ្ញុំការសម្ដែងរឿង.. រឿងអ្វីក៏ខ្ញុំអាចសម្ដែងបានដែរ ប៉ុន្តែសាច់រឿងណា ដែលខុសពីអត្តចរិតរបស់ខ្ញុំ គឺមានលក្ខណៈពិបាកបន្តិច និយាយរួម គឺ សម្ដែងទម្រាំត្រូវ អាចច្រើនដង។ បងប្អូនទស្សនិកជន ដឹងស្រាប់ហើយថា ខ្ញុំមានចរិតបែបណា? ខ្ញុំក៏ដឹងដែរថា ពេលរឿងណាមួយ ផលិតករឲ្យខ្ញុំសម្ដែង តាមចរិតពិតរបស់ខ្ញុំ គឺមានការគាំទ្រច្រើន ប៉ុន្តែបើរឿងណា ផលិតករឲ្យខ្ញុំសម្ដែង ខុសពីចរិតពិត គឺមានអ្នកទស្សនាច្រើន បង្វែទៅជាការរិះគន់វិញ..!»

ប៉ុន្តែសម្រាប់រឿង «សួស្ដីលោកគ្រូកំឡោះ» ជាវណ្ណកម្មថ្មី របស់ផលិតកម្ម «មហាហង្ស» ចុងឆ្នាំ២០១៦នេះ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពេលកំពុងដាក់បញ្ចាំង ក្នុងរោងភាពយន្ត ត្រូវបានតារាសម្ដែង សុខ សោម៉ាវត្តី បញ្ជាក់ថា ផលិតករ បានតម្រូវឲ្យនាង សម្ដែងខុសពីអត្តចរិតពិតខ្លះ និងសម្ដែងត្រូវនឹងចរិតពិតពីធម្មជាតិខ្លះ ជាហេតុនាំឲ្យនាង មានការពិបាក សម្ដែងមិនសូវត្រូវតាមអ្វី ដែលផលិតករចង់បាន។ តែយ៉ាងណា សុខ សោម៉ាវត្តី តាំងចិត្តថា ត្រូវតែធ្វើឲ្យល្អ ព្រោះក្នុងនាមជាតារាសម្ដែងមួយរូប ត្រូវតែឆ្លងកាត់គ្រប់រសជាតិ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដែលតែងតែគាំទ្រនាង តាំងពីដើមរៀងមក។

រឿង «សួស្ដីលោកគ្រូកំឡោះ» សម្រាប់តារាសម្ដែង សុខ សោម៉ាវត្តី គឺទទួលបានតំណែងជាតួឯក ជាមួយនឹងលោក ជា សុវណ្ណនរាហ៍ ដែលជាតួឯកប្រុស ខណៈអ្នកទាំងពីរ ធ្លាប់សម្ដែងជាមួយគ្នា ជាច្រើនរឿងមកហើយ។ ពួកគេទាំងពីរ ក៏តែងទទួលបានការកោតសរសើរ ពីទស្សនិកជនផងដែរ ថា សម្ដែងសមគ្នា ស៊ីសង្វាក់គ្នា និងមានលក្ខណៈ កំប្លុកកំប្លែងច្រើន ធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច។

សូមបញ្ជាក់ថា សុខ សោម៉ាវត្តី គឺជាតារាសម្ដែង មានអត្តចរិតពីធម្មជាតិ ជាមនុស្សក្រម៉ិចក្រម៉ើម ចូលចិត្តធ្វើអ្វីបែបកំប្លែងៗ លេងសើចច្រើន ដែលចរិតទាំងអស់នេះហើយ ធ្វើឲ្យនាងមានការគាំទ្រខ្លាំង រហូតមកដល់សព្វថ្ងៃនេះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សុខ សោម៉ាវត្តី ច្រណែននឹងគូស្នេហ៍ថៃមួយគូ ដល់ថ្នាក់នាងបង្ហាញអារម្មណ៍ពិត តាមហ្វេសប៊ុក។ គួររំលឹកផងដែរថា តារាសម្តែងថៃស្រី នាង Chippy និងកីឡាករប្រដាល់ប្រចាំប្រទេសថៃ លោក Antoine Pinto ដែលគេស្គាល់ថាជាគូស្នេហ៍ ខុសអាជីពដែលសាកសមនឹងគ្នាបំផុត ហើយបើនិយាយពីរូបសម្ផស្សវិញ គឺស្រស់ស្អាត សង្ហា មិនចាញ់គ្នាប៉ុន្មាននោះទេ។ លើសពីនេះ នាពេលបច្ចុប្បន្នពួកគេទាំងពីរ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងកោតសរសើរពេញទំហឹង ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានទៀតផង។

ជាការពិតណាស់ គេតែងសង្កេតឃើញថា អ្នកទាំងពីរ បង្ហោះវីដេអូ ផ្អែមល្អែមជាមួយគ្នាជារឿយៗ ដែលធ្វើឲ្យមនុស្សទូទាំងពិភពលោក ច្រណែននឹងស្នេហា របស់ពួកគេជាខ្លាំង។ បើទោះបីជាពួកគេ មានអាជីពខុសគ្នាយ៉ាងណាក្តី ដោយម្នាក់ជាតារាសម្តែង រីឯម្នាក់ទៀតជាកីឡាករប្រដាល់ ប៉ុន្តែពួកគេពិតជាស្រលាញ់គ្នាខ្លាំងមែនទែន។

គូស្នេហ៍មួយគូនេះ ក៏បានបង្ហោះវីដេអូផ្អែមល្អែមថ្មីមួយទៀត ដោយលោក Antoine Pinto បានអង្គុយផាត់មុខឲ្យមិត្តស្រីជាទីស្រលាញ់ នាងChippy ដែលវីដេអូនេះ បានធ្វើឲ្យតារាសម្តែងស្រី និងជាពិធីការីនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី ទ្រាំចុចស៊ែរបន្តមិនបាន មើលទៅនាងហាក់បីដូចជាច្រណែននឹងស្នេហា របស់តារាថៃមួយគូនេះណាស់ ដោយក្នុងនោះនាងសរសេរសារដ៏មានអត្ថន័យប៉ុន្មានឃ្លាថា៖

«ការពិតស្នេហាអាចផ្លាស់ប្ដូរពិភពលោកទាំងមូល បានឲ្យក្លាយជាពណ៌ស៊ីជម្ពូហើយក៏អាចផ្លាស់ប្ដូរមនុស្សម្នាក់ ទៅជាមនុស្សម្នាក់ទៀតបានដូចគ្នា មើលតែពូម្នាក់នៅក្នុងវីដេអូនេះទៅ ហើយឡើងខ្លួនឯងអ្នកប្រដាល់សោះដល់ពេលមានសង្សាតារា មានអីឥលូវប្ដូរអាជីពពីអ្នកប្រដាល់មកជាអ្នកផាត់មុខបាត់ មិនដឹងពេលណាដល់វេនខ្លួនឯង hahahaha #jealouse គូគេ #belike»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី