(ភ្នំពេញ)៖ បេក្ខនារី ឈិន​ ម៉ានិច្ច ទទួលបានជ័យជំនះលេខ១ នៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២ វគ្គផ្តាច់ព្រ័តរបស់ទូរទស្សន៍ ហង្សមាស ដែលទើបបានបញ្ចប់នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅស្ទូឌីយោហង្សមាស ផ្សារទំនើបអេអនម៉ល ជាន់ទី៤។

ជាមួយនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអរសាទរចំពោះបេក្ខនារី ឈិន ម៉ានិច្ច ដែលទទួលបានជ័យជំនះលេខ១ នៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា៖

ខ្ញុំសូមអបអរសាទរចំពោះ បេក្ខនារី ឈិន​ ម៉ានិច្ច ដែលទទួលបានជ័យជំនះលេខ១ នៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២ វគ្គផ្តាច់ព្រ័តរបស់ទូរទស្សន៍ហង្សមាស ដែលទើបបានបញ្ចប់ នៅមុននេះបន្តិច។ តាមរយៈការប្រកួតប្រជែងកម្រិតអន្តរជាតិនេះ គឺបានបង្ហាញអោយឃើញនូវសមត្ថភាពពិតរបស់ក្មួយៗទាំងអស់។ ម្នាក់ៗគឺសុទ្ឋតែមានទេពកោសល្យ និងសមត្ថភាពគួរអោយសរ សើរ។ ទោះបីក្មួយៗមួយចំនួនមិនបានជាប់ជ័យលាភីលេខមួយក្តី គឺត្រូវតាំងចិត្តខិតខំអោយកាន់តែល្អជាងនេះ ដើម្បីចូលរួមប្រកួត ប្រជែងនៅវគ្គក្រោយៗទៀត។

សូមអរគុណដល់ក្មួយៗគណកម្មការទាំងអស់ដូចជា ក្មួយព្រាប សុវត្ថិ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ណុបបាយ៉ារិទ្ឋ និង ក្មួយ ឆន សុវណ្ណរាជ ព្រមទាំងលោកនាយកស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីផ្តល់ឱកាសអោយយុវជន បានចូលរួមប្រកួតប្រជែង សមត្ថភាពលើផ្នែកចម្រៀង។

ចំពោះក្មួយៗដែលមិនទាន់បានជាប់ក្នុងវគ្គនេះ គឺកុំទាន់អស់សង្ឃឹម ត្រូវព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងយក ជ័យជំនះអោយបាននៅវគ្គលើកក្រោយ។ ជូនពរក្មួយៗព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ ជោគជ័យ និងសំណាងល្អគ្រប់ៗគ្នា៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីម្សិលមិញផងដែរថា តាមរយៈ Poll ស្ទង់មតិមួយរបស់ខ្មែរឡូត ដើម្បីអាចឲ្យប្រិយមិត្តលើបណ្តាញសង្គមហ្វេសប៊ុក ចូលរួមគាំទ្របេក្ខជន-បេក្ខនារី ដែលខ្លួនស្រលាញ់ពេញចិត្ត ចង់ឲ្យទទួលជ័យលាភី ក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ដែលត្រូវបានបង្ហោះចាប់តាំងពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ គិតមកទល់ថ្ងៃអាទិត្យនេះ បានបង្ហាញលទ្ធផលមកហើយ ដោយក្នុងនោះទទួលបានចំនួន Vote និង Comment យ៉ាងច្រើន។

បើយើងងាកមកមើលការបោះឆ្នោតតាម Poll វិញយើងឃើញថា បេក្ខនារី ហ៊ុន លីដា កំពុងនាំមុខបេក្ខនារី ឈិន ម៉ានិច្ច និងបេក្ខជន នួន សុធារ័ក្ស ជាបណ្តោះអាសន្ននៅឡើយ ដែលទិន្នន័យនេះ បង្ហាញពីការគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច