សៀមរាប៖ លោកតាម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងហ្វេសប៊ុក ក្រោយពីវីដេអូដែលគាត់រៀបរាប់ប្រវត្តិខ្លះៗដែលគាត់ដឹង ប្រាប់ដល់អ្នកទេសចរខ្មែរ ដែលទៅទស្សនាប្រាសាទអង្គរតូច ក្នុងខេត្តសៀមរាប។

ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Ly So Pheak បានថតវីដេអូបង្ហោះលើហ្វេសប៊ុក កាលពីថ្ងៃទី ២៣ ខែធ្នូ ២០១៦ ទទួលបានការចុចមើលជាង ១៤ម៉ឺនដង គិតត្រឹមព្រឹកថ្ងៃអាទិត្យទី២៥ ធ្នូ នេះ ដោយសារមានការចុចចែករំលែកបន្តយ៉ាងច្រើន ជិត ៨ពាន់ដង។ 

សូមបញ្ជាក់ថា នេះមិនមែនជាការផ្សព្វផ្សាយថាអ្វីដែលលោកតារៀបរាប់ ជាការពិតមែន ឬយ៉ាងណានោះទេ ដែលនេះគ្រាន់តែជាការចែករំលែកនូវអ្វីដែលជាទីចាប់អារម្មណ៍ និងជាប្រធានបទកំពុងទាក់ទាញអ្នកលេងហ្វេសប៊ុកប៉ុណ្ណោះ។ សូមត្រិះរិះពិចារណាតាមការគួរ៕ ដើម្បីជ្រាបច្បាស់ តាមដានវីដេអូទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ ដឹងទេ ប្រទេសណាខ្លះ ដែលបានជួយអង្គរ ក្រោយពេលដែលអង្គរ ត្រូវបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក?

ចាប់តាំងពីអង្គរ បានក្លាយជាសម្បត្តិ បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មក ប្រទេសជាច្រើន ចាប់ផ្តើមចូលរួម ក្នុងកិច្ចការអភិរក្ស និងជួសជុលស្តារឡើង នូវប្រាសាទមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ។

ក្នុង នាមជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចការអភិរក្ស និង អភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ ដោយមានភារកិច្ចជាម្ចាស់ផ្ទះផង ជាអ្នកសម្របសម្រួល ជាមួយស្ថាប័ន អន្តរជាតិផង ដោយឆ្លងតាមក្រុមជំនាញនៃគណៈកម្មាធិការICC-Angkor ដើម្បីជួសជុលអភិរក្សកេរមតកដូនតា។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបញ្ជាក់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ថា ចាប់តាំងពីអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក មានស្ថាប័នអន្តរជាតិ ជាច្រើន បានមកជួយស្រោចស្រង់អង្គរ មានទាំងគម្រោងអភិរក្ស ជួសជុល ប្រាសាទ ស្រាវជ្រាវ បណ្តុះបណ្តាល, និង អភិវឌ្ឍន៍សហគមន៍។ និយាយពីគម្រោងអភិរក្ស និងជួសជុលស្តារប្រាសាទ លោកទីណាបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២មក មានស្ថាប័ន អន្តរជាតិចំនួន២១ មកពី១៣ប្រទេស បានអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទចំនួន៣១គម្រោង។

ប្រទេសទាំង១៣នោះរួមមាន ចិន សាធារណរដ្ឋឆែក បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ស៊្វីស អាមេរិក អូស្ត្រាលី ហុងគ្រី និងសាធារណរដ្ឋកូរ៉េ។ ក្នុងនោះមានប្រទេសចំនួន៤ បានបញ្ចប់គម្រោង របស់ខ្លួន ទាំងស្រុង គឺ សាធារណរដ្ឋឆែក ឥណ្ឌូណេស៊ី ស៊្វីស និងហុងគ្រី។ តាមរយៈគម្រោងទាំងនេះ ប្រាសាទដែលមាន សភាពទ្រុឌទ្រោម ក្បាច់ចម្លាក់ និងរចនាសម្ព័ន្ធជាច្រើនត្រូវបានជួសជុលស្តារឡើងវិញជាបន្តបន្ទាប់។

បន្ថែមពីលើគម្រោងអភិរក្ស និងជួសជុលប្រាសាទ មានស្ថាប័នចំនួន៣៤ មកពីប្រទេសចំនួន១១ រួមមាន អូស្ត្រាលី បារាំង ហុងគ្រី អាមេរិក ជប៉ុន ថៃ អង់គ្លេស ចិន សិង្ហបុរី និងអ៊ីតាលី បានផ្តោតលើការសិក្សាស្រាវជ្រាវ និង បណ្តុះបណ្តាលធនធានមនុស្ស។ គម្រោងទាំងចំនួន៤៤នេះ បានផ្តោតយ៉ាងសំខាន់លើកិច្ចការ ស្រាវជ្រាវ ក្នុងឧទ្យានអង្គរ និងបណ្តុះបណ្តាលអ្នកជំនាញនៃអាជ្ញាធរអប្សរា ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈជាច្រើនរូបទៀតផង។

ក្រៅពីគម្រោងអភិរក្ស ជួសជុលប្រាសាទ ស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ក៏នៅមានស្ថាប័នចំនួន ១០ទៀតបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ និងភូមិធម្មជាតិរុនតាឯក ដូចជាការអភិវឌ្ឍ ទេសចរណ៍សហគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាតនិងអនាម័យ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បរិស្ថាន និងការអប់រំជាដើម។ ស្ថាប័នដែលអនុវត្តគម្រោងខាងលើនេះមានប្រទេសញ៉ូវហ្សេឡែន បារាំង ជប៉ុន អាមេរិក ចិន និងសាធារណរដ្ឋកូរ៉េ។

ស្ថាប័នអន្តរជាតិទាំងអស់ដែលបានអនុវត្តគម្រោងរបស់ខ្លួននៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសគឺ គម្រោង អភិរក្ស ជួសជុល និងការសិក្សាស្រាវជ្រាវ គឺសុទ្ធតែត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងអនុម័តពីគណៈកម្មាធិការ អន្តរជាតិ ICC-Angkor។ គ្រប់គម្រោងដែលអនុវត្តក្នុងរមណីយដ្ឋានអង្គរ តែងមានមន្ត្រីជំនាញអាជ្ញាធរ ជាតិ អប្សរា ចូលរួមអនុវត្ត។

តាមរយៈការចូលរួមនេះ មន្ត្រីជំនាញជាច្រើនបានពង្រឹងសមត្ថភាពរបស់ខ្លួន ហើយអាច កាន់គម្រោងជាច្រើនបានដោយខ្លួនឯងនាពេលបច្ចុប្បន្ន ដែលនេះគឺជាទិសដៅដ៏សំខាន់ សមនឹងពាក្យ ស្លោក ដែលគេតែងលើកឡើងថា មរតកខ្មែរ ធ្វើដោយកូនខ្មែរ និងដើម្បីកូនខ្មែរ។ ជាក់ស្តែង បច្ចុប្បន្ន មានគម្រោង អភិរក្សជួសជុលជាច្រើនដែលកំពុងអនុវត្តដោយមន្ត្រីជំនាញខ្មែរសុទ្ធសាធ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ