ភាពល្បីល្បាញនៃបទចម្រៀងរបស់ក្មេងខ្មែរ បានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមចង់ដឹងនូវខ្សែជីវិតតស៊ូរបស់ពួកគាត់ ដែលមានទេពកោសល្យអាចនិពន្ធ និងច្រៀងរួមជាមួយគ្នាបានយ៉ាងល្អ។

ជឿជាក់ថាអ្នកគាំទ្រ ប្រាកដជាចង់ដឹងឈ្មោះពិត ប្រវត្តិពិតរបស់អ្នកទាំងពីរ តើគាត់រៀនបានកម្រិតណា ស្រុកកំណើតនៅខេត្តណា ចេះនិពន្ធនិងច្រៀងតាំងពីពេលណាបានជួបឧបសគ្គ និងឆ្លងកាត់នូវភាពលំបាកបែបណាខ្លះ ទើបអាចក្លាយខ្លួនជាតារាចម្រៀងវ័យក្មេងដូចសព្វថ្ងៃនេះ?

ខាងក្រោមនេះ គឺជាបទសម្ភាសន៍តាមទូរស័ព្ទរវាង ក្រុមក្មេងខ្មែរនិង ក្រុមការងារម៉េកណូលា គីងកុ ភ្លឹសរយៈពេល 15 នាទី ។

សមាជិកក្រុម “ក្មេងខ្មែរ” មានឈ្មោះពិតប្រាកដ គឺ កៅ ពន្លឺ និង ជា សុជាតិ។ ពន្លឺ មានជំនាញខាង រ៉េប និពន្ធ និងមានអាយុ ២៤ឆ្នាំ និងមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រអក្សរ សាស្ត្រអង់គ្លេស ឯកទេសគ្រូបង្រៀន នៅសកលវិទ្យាល័យ IFL ជាក្មេងដែលយកចិត្តទុកដាក់នឹងការរៀនសូត្រ ទំនេរពីការសិក្សាច្រៀងលេងកម្សាន្ត និងស្រម៉ៃថាខ្លួននឹងក្លាយជាអ្នកចម្រៀងយុវវ័យម្នាក់។ រីឯ សុជាតិ ដែលមានជំនាញខាងច្រៀង និពន្ធ លេងហ្គីតា មានអាយុ ២១ឆ្នាំស្រុកកំណើតនៅខេត្ត កំពង់ស្ពឺជាយុវជន យកចិត្តទុកដាក់នឹងការសិក្សា ស្វះស្វែងរៀនសូត្រ រហូតបានទទួលស្គាល់ជាសិស្សពូកែ និងមានក្តីស្រម៉ៃចង់ក្លាយជាអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងម្នាក់។ ភាពជឿជាក់និងឆន្ទៈដ៏មោះមុតរបស់អ្នកទាំងពីរ បានធ្វើឲ្យក្តីស្រម៉ៃរបស់ពួកគេបានក្លាយជាការពិត។  

សូមស្វែងយល់ជីវិតពិតរបស់ក្មេងខ្មែរ ឲ្យកានតែច្បាស់តាមរយៈកិច្ចសម្ភាសន៍ដូចខាងក្រោម៖

សំណួរ៖ តើប្អូនមានទំនោរចិត្ដស្រឡាញ់តន្ត្រី ចម្រៀងនេះតាំងពីតូចមកមែនទេ?

ចម្លើយ៖ ពន្លឺ បាទបង ខ្ញុំចូលចិត្តច្រៀងបែបរ៉េបខ្លាំងណាស់ តាំងពីតូចដល់ធំដើរទៅណាមកណា ខ្ញុំតែងតែរ៉េបរហូត ហើយឥឡូវនេះក្រៅពីច្រៀងរ៉េប ខ្ញុំក៏ខិតខំហ្វឹកហាត់ច្រៀងឲ្យកាន់តែល្អ បន្ថែមទៀត។

សុជាតិ: ចំណែកខ្ញុំវិញ មានចំណូលចិត្តហាត់រៀនលេងហ្គីតា តាំងពីអាយុ 8 ឆ្នាំ ហើយសព្វថ្ងៃនេះខ្ញុំបាទ ក៏បានពង្រឹងបន្ថែមលើជំនាញច្រៀង និងរាំរបស់ខ្ញុំជាបន្តបន្ទាប់ផងដែរ។ 

សំណួរ៖ តើប្អូនគិតថា ប្អូនគឺជាសិស្សល្អម្នាក់ដែរឬទេ? តើការសិក្សាមានសារៈសំខាន់ យ៉ាងដូចម្តេចចំពោះប្អូន?

ចម្លើយ៖ ពន្លឺ:ការសិក្សាមានតម្លៃខ្លាំងណាស់សម្រាប់ពួកខ្ញុំ។ កាលនៅរៀន ពួកយើងបានខិតខំប្រឹងប្រែងសិក្សាយ៉ាងខ្លាំង រហូតបានក្លាយជាសិស្សពូកែ។

សំណួរ៖ តើចំណេះដឹងអ្វីខ្លះដែលអ្នកទាំងពីរទទួលបានពីការសិក្សា ហើយបានយកទៅអនុវត្តន៍ ជាប្រយោជន៍សម្រាប់អាជីពចម្រៀងរបស់ប្អូនសព្វថ្ងៃនេះ?

ចម្លើយ៖ សុជាតិ:បាទបង! គឺការយកចិត្តទុកដាក់និងការចងចាំខ្ពស់ ក្នុងនាមពួកខ្ញុំបាទជាអ្នកនិពន្ធចម្រៀងដោយខ្លួនឯង ពួកខ្ញុំចាំបាច់ត្រូវយល់អត្ថន័យនៃពាក្យ និងឃ្លាជួនរណ្តំ ដើម្បីនិពន្ធចម្រៀងមួយបទឲ្យស្តាប់ទៅពិរោះ មានអត្ថន័យគ្រប់គ្រាន់ និងច្បាស់លាស់ ទោះបីជាឃ្លារ៉េបក៏ដោយ។

សំណួរ៖ ដើម្បីក្លាយជាគូចម្រៀងដ៏ស័ក្តិសម តើប្អូនសហការគ្នាជាគូចម្រៀងយ៉ាងដូចម្តេច?

ពន្លឺ:បាទបង! ពួកយើងបានប្រឹងប្រែងខ្លាំងណាស់ ក្នុងការធ្វើការងារឲ្យស៊ីសង្វាក់គ្នា ពេលខ្លះពួកយើង ក៏មានបញ្ហាទាស់យោបល់គ្នាផងដែរ តែពួកយើងមិនបានបោះបង់ចោលឆន្ទៈរួមរបស់យើងនោះឡើយ ពួកយើងព្យាយាមស្វែងយល់ពីគ្នា យោគយល់គ្នា និងគោរពស្រលាញ់គ្នា ព្រោះការសាមគ្គីជាធ្លុងមួយគឺពិតជាកម្លាំងសំខាន់ដើម្បីក្តីស្រម៉ៃរួមរបស់យើងទាំងពីរ។

សំណួរ៖ តើអ្វីដែលជំរុញទឹកចិត្តរបស់អ្នកទាំងពីរ នៅពីក្រោយការផលិតបទចម្រៀងថ្មីមួយ ដែលអាចទទួលបានការគាំទ្រ និងមានប្រជាប្រិយខ្ពស់ ដូចជាបទចម្រៀង បុណ្យភូមិនេះ?

ចម្លើយ៖ ពន្លឺ: អ្វីដែលអស្ចារ្យនៅពីក្រោយបទចម្រៀងបុណ្យភូមិនេះ គឺពួកយើងបាននិពន្ធចម្រៀងនេះឡើង ដោយមានការចូលរួមពីមិត្តភ័ក្តិ យើងធ្វើចម្រៀងនេះឡើងទាំងអស់គ្នា ដើម្បីកែលម្អបទចម្រៀង ”បុណ្យភូមិ” នេះឲ្យកាន់តែល្អដូចអ្វីដែលបងប្អូនគ្រប់គ្នាបានស្តាប់ និងស្រឡាញ់ចូលចិត្ត។ ទាំងនេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ពួកយើង ព្រោះពួកយើងបានចំណាយទាំងពេលវេលា ទាំងកម្លាំងកាយ និងកម្លាំងចិត្តយ៉ាងច្រើនទម្រាំបានចេញជាផ្លែផ្កាដូចនេះ។  

សំណួរ៖ តើប្អូនធ្លាប់គិតថាបទចម្រៀងនេះ នឹងទទួលបានការពេញនិយមខ្លាំងពីអ្នកគាំទ្រ ដូចសព្វថ្ងៃនេះដែរឬទេ?

ចម្លើយ៖ ពន្លឺ: ពួកខ្ញុំមានសង្ឃឹមថា បទចម្រៀងនេះនឹងទទួលការពេញនិយមប៉ុន្តែពួកខ្ញុំមិនបានគិតថាបទនេះនឹងល្បីខ្លាំងយ៉ាងនេះឡើយ។ ពួកខ្ញុំមានមោទនភាពនិងសប្បាយចិត្តខ្លាំងណាស់ នៅពេលអ្នកទាំងអស់គ្នាគាំទ្រស្នាដៃរបស់ពួកខ្ញុំ។ សព្វថ្ងៃនេះនៅតាមពិធីមង្គលការ បងប្អូននិយមយកបទ ”បុណ្យភូមិ” មករាំ ច្រៀងយ៉ាងសប្បាយរីករាយ ហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើប និងពិសេសខ្លាំងមែនទែន។

សំណួរ៖ តើប្អូនមានដំបូន្មានអ្វីខ្លះ ដល់សិស្សឯទៀត នៅក្នុងពេលបច្ចុប្បន្ននេះ?

ចម្លើយ៖ សុជាតិ: ការសិក្សាគឺជាទ្រព្យធន ដ៏មានតម្លៃសម្រាប់មនុស្សយើងម្នាក់ៗហើយវាក៏ជាធនធាន នឹងអាចជួយសម្រេចក្តីស្រម៉ៃឲ្យក្លាយជាការពិត ដូច្នេះសូមប្អូនៗទាំងអស់គ្នា ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើន ចេះច្រើនចម្រើនអនាគត។

សំណួរ៖ តើប្អូនមានផែនការអ្វីខ្លះសម្រាប់អនាគត? និងគម្រោងនឹងចេញបទចម្រៀងថ្មីដែរឬទេ?

ចម្លើយ៖ ពន្លឺ បាទ មានបង! ផែនការសម្រាប់អនាគតរបស់យើងគឺ ខិតខំរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីនិពន្ធបទភ្លេង និងចម្រៀងពិរោះៗ ត្រូវនឹងស្ថានភាពយុវជន និងចំណូលចិត្តរបស់ពួកគាត់ឲ្យកាន់តែខ្លាំងបន្ថែមទៀត។ នៅក្នុងឆ្នាំថ្មី 2017នេះ ពួកយើងនឹងចេញបទចម្រៀងថ្មីៗ ហើយសង្ឃឹមថាបងប្អូន មិត្តយុវវ័យទាំងអស់នឹងចូលចិត្ត ហើយគាំទ្រពួកយើងដូចបទបុណ្យភូមិ ផងដែរ។

សំណួរ៖ តើប្អូនធ្វើយ៉ាងណាដើម្បីថែរក្សាសុខភាពឲ្យបានល្អ?

ចម្លើយ៖ សុជាតិ តាមធម្មតាខ្ញុំចូលចិត្តលេងកីឡា គេងឲ្យបានគ្រប់គ្រាន់ និងញ៉ាំ ទឹកដោះគោ គីងកុ ព្រោះខ្ញុំត្រូវការថែទាំសុខភាព និងខួរក្បាលឲ្យបានល្អ ដើម្បីខិតខំរៀនសូត្រនិងធ្វើការ។

ពន្លឺ៖ សម្រាប់ខ្ញុំ គឺខ្ញុំផ្តោតទៅលើការញ៉ាំអាហារឲ្យបានទៀងទាត់ និងហាត់ប្រាណ មិនប៉ះពាល់គ្រឿងស្រវឹង ឬក៏គ្រឿងញៀនដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ 

សំណួរ៖ ជាចុងក្រោយនេះ តើមានពាក្យពេចន៍អ្វី ផ្ញើជូនអ្នកគាំទ្ររបស់ប្អូនដែរឬទេ?

ចម្លើយ៖ ពន្លឺ  ខ្ញុំបាទសូមផ្តាំផ្ញើទៅមិត្តយុវវ័យទាំងអស់គ្នា ខ្ញុំក៏ជាយុវវជនម្នាក់ដែរ ខ្ញុំដឹងថាយុវវ័យចូលចិត្តធ្វើអ្វីសប្បាយៗ តែកុំសប្បាយភ្លេចខ្លួន កុំលលេងជាមួយគ្រឿងញៀន វាបំផ្លាញអនាគតរបស់អ្នក “យុវជនល្អ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន” បើអ្នកអផ្សុកចង់កម្សាន្ត សូមយកពេលវេលានោះមក ស្តាប់បទចម្រៀងវិញ។

សុជាតិ៖ ចំណែកខ្ញុំសូមឲ្យមិត្តយុវវ័យ យកចិត្តទុកដាក់ខិតខំរៀនសូត្រ ទាន់ខ្លួននៅក្មេង ចំណេះវិជ្ជាគឺជាស្ពានចម្លងយើងទៅរកភាពជោគជ័យ និងក្តីស្រម៉ៃរបស់ខ្លួន ពុំមានអ្នកណាម្នាក់អាចជួយយើងបានឡើយ បើយើងមិនអាចជួយខ្លួនឯងនោះ។ ហើយបើថុញថប់ អ្នកអាចសម្រាក ទៅលេងកីឡាដើម្បីសុខភាព។

បន្ទាប់ពីបានជ្រាបច្បាស់ពីជីវប្រវត្តិ តស៊ូរបស់ “ក្មេងខ្មែរ” រួចហើយ យើងពិតជាមានមោទនភាពចំពោះយុវជនទាំងពីរនេះ ទាំងទេពកោសល្យ និពន្ធ និង ច្រៀង របស់ “ក្មេងខ្មែរ” ពិតជាមានលក្ខណៈពិសេស ដែលធ្វើឲ្យពួកគេទទួលបានប្រជាប្រិភាពខ្ពស់ហើយយើងសង្ឃឹមថា វិថីនៃក្តីស្រម៉ៃរបស់អ្នកទាំងពីរកាន់តែរីកចម្រើន និងកាន់តែទទួលបានពីការគាំទ្ររបស់មហាជន។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុជាតិ