ឥណ្ឌា៖ ស្រ្តីជាម្តាយជនជាតិឥណ្ឌាម្នាក់ ដោយសារតែកើតមានបញ្ហាក្នុងគ្រួសារ រំខានដល់ផ្លូវចិត្តធ្ងន់ធ្ងរ ដាច់ចិត្តហ៊ានលើកដៃ វាយទាត់ច្រំធាក់ លើកូនប្រុសតូចខ្លួនឯង យ៉ាងដំណំស្ទើរស្លាប់ស្ទើររស់។

ប្រភពបានឲ្យដឹងថា ស្រ្តីជាម្តាយវ័យ ២៨ឆ្នាំម្នាក់ រស់នៅភាគខាងកើត នៃទីក្រុង Delhi ប្រទេសឥណ្ឌា ត្រូវបានថតជាប់ក្នុងកាម៉េរាសុវត្ថិភាព CCTV នៅផ្ទះសាច់ថ្លៃរបស់នាង ដែលបង្ហាញពីសកម្មភាពវាយធ្វើបាប យ៉ាងចាស់ដៃជាទីបំផុត ទៅកូនប្រុសតូចរបស់ខ្លួន ដែលមានអាយុទើបតែ ១៨ខែ ទាត់ធាក់យ៉ាងដំណំ។

ក្នុងនោះតាមរយៈវីដេអូឃ្លីប ត្រង់ចំណុចខ្លះគេឃើញថា ស្រ្តីជាម្តាយវ័យក្មេង មិនបង្ហាញអត្តសញ្ញាណរូបនេះ បានរុញទម្លាក់កូនប្រុសរបស់ខ្លួន ធ្លាក់ពីលើកាំជណ្តើរ និងយកស្បែកជើងផ្ទាត់ មកវាយតប់លើកូនខ្លួនឯងយ៉ាងខ្លាំងៗ ហើយក៏មានកន្លែងខ្លះទៀតក្នុងវីដេអូ គេឃើញថា ស្រ្តីជាម្តាយរូបនេះ បានលើកជើងរបស់ខ្លួន ជាន់កូនខ្លួនឯងទាំងកំរោលផងដែរ។ ការវាយតប់នេះ ត្រូវបានបញ្ឈប់ ខណៈមានសមាជិកគ្រួសាររបស់នាងម្នាក់ បានចូលមកជួយ រួចក៏លើកកុមារារងគ្រោះ ចេញពីកន្លែងហេតុតែម្តង។

បើតាមការឲ្យដឹងពី ស្នងការរងប៉ូលិសលោក Omvir Singh និយាយថា ស្រ្តីជាម្តាយរូបនេះបានអះអាងថា នាងពិតជាបានវាយធ្វើបាប កូនប្រុសខ្លួនឯង យ៉ាងពិតប្រាកដមែន នោះក៏ដោយសារតែ នាងអាក់អន់ចិត្តក្នុងគ្រួសារ។ នាងនិយាយថា ប្តីរបស់នាង និងបងប្អូនសាច់ថ្លៃនាង ធ្វើទុក្ខបុកម្នេញលើរូបនាងខ្លាំងពេក ទើបនាងខឹងចិត្តវាយធ្វើបាប លើកូនប្រុសខ្លួនឯងតែម្តងទៅ។

លោកស្នងការរង Omvir Singh បន្ថែមថា «នាងបានប្រតិកម្ម រហូតវាយធ្វើបាបកូនខ្លួនឯង យ៉ាងដូចនេះ ក៏ព្រោះតែ នាងរងការរំលោភបំពាន ទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលកើតចេញពី បងប្អូនសាច់ថ្លៃរបស់នាង»

ទោះបីជាយ៉ាងណាក្តី បើតាមការរៀបរាប់ពីសំណាក់ បងប្អូនសាច់ថ្លៃរបស់នាងវិញ បានអះអាងថា នេះគ្រាន់តែជាវីដេអូឃ្លីបមួយតែប៉ុណ្ណោះ ដែលពួកគេបានថតបាន ពីសកម្មភាពស្រ្តីជាម្តាយរូបនេះ បានវាយធ្វើបាបទៅលើកូនប្រុសរបស់ខ្លួន។ ព្រោះថា នៅមានវីដេអូឃ្លីបជាច្រើនផ្សេងទៀត ដែលបង្ហាញពីសកម្មភាព ស្រ្តីជាម្តាយរូបនេះ វាយយ៉ាងចាស់ដៃ ទៅលើកូនប្រុសនាង ទាំងគ្មានហេតុផលផងដែរ។

ប្រភពដដែលបានដឹងទៀតថា ក្រោយកើតហេតុ បងប្អូនសាច់ថ្លៃរបស់នាង ក៏បានបញ្ជូនវីដេអូឃ្លីបវាយតប់នេះ ទៅកាន់ខាងគណៈកម្មការដើម្បីស្រ្តី ប្រចាំទីក្រុង Delhi (Delhi Commission for Women) ដោយមានអ្នកស្រី Swati Maliwal ជាប្រធាន ដើម្បីធ្វើការពិនិត្យមើល។ បន្ទាប់ពីបានពិនិត្យមើលរួចរាល់ លើករណីនេះហើយ អ្នកស្រី Swati Maliwal ក៏បានបញ្ជាឲ្យខាងមន្រ្តីប៉ូលិសក្នុងស្រុក រៀបចំឯកសារសំណុំរឿង ដើម្បីចាត់ការស្រ្តីជាម្តាយរូបនេះតាមផ្លូវច្បាប់ផងដែរ ៕ 

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]