ភ្នំពេញ៖ កេរ្តិ៍ឈ្មោះកាន់តែល្បី កាន់តែធ្វើឲ្យ តារាចម្រៀងប្រុសរូបសង្ហា ដេវីត ទទួលបានការងារសិល្បៈច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់ រហូតធ្វើឲ្យរូបលោក អាចទិញរថយន្តមួយគ្រឿង កាលពីម្សិលមិញ គ្រាន់តែចូលសិល្បៈមិនបានប៉ុន្មានផង។

នេះជាមោទនភាពមួយ របស់លោក ដេវីត ដែលអាចមានសមត្ថភាព ក្នុងការទិញរថយន្តទំនើបមួយគ្រឿង និងរបស់ប្រើប្រាស់ទំនើបៗ ដែលជាកម្លាំងញើសឈាមរបស់រូបលោកផ្ទាល់។ ចុះចង់ដឹងទេថា ពេលឃើញលោក ដេវីត ចំណាយទៅលើរបស់ថ្លៃៗយ៉ាងនេះ តើអ្នកម្តាយលោក គិតយ៉ាងណាទៅវិញ?

ចំពោះអ្នកស្រី ច័ន្ទ សុខជា ដែលជាម្តាយវ័យក្មេង របស់តារាប្រុសរូបនេះ ក៏បានបង្ហាញអារម្មណ៍ពិតតាមរយៈហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុនផងដែរ លើអត្ថបទមួយរបស់ខ្មែរឡូត ដែលបានចុះផ្សាយ ទាក់ទងនឹងនាឡិកាដាំពេជ្រ របស់កូនប្រុសអ្នកស្រី។

ក្នុងនោះអ្នកស្រី បានសរសេរថា "អត់បានទេ ល្បីគ្រប់រឿងហើយកូនប្រុសម្តាយ ប៉ុន្តែok ធ្វើការហត់នឿយ ជីវិតហត់នឿយ ច្រើនមកហើយ មានគ្រប់រសជាតិ អ្វីដែលសប្បាយចិត្តធ្វើចុះកូនសម្លាញ់ យ៉ាងណាកូនរបស់ម៉ែ ក៏ធ្វើដោយពាក្យថា(សុច្ចរិត) ok គាំទ្រប្រុសស្អាតដ៏ខ្ពស់ស្រឡះនេះផងណាបងៗប្អូនៗ មិត្តសម្លាញ់ទាំងអស់"

ទឹកចិត្តរបស់អ្នកម្តាយ ឲ្យតែកូនសប្បាយចិត្ត ទោះជាកូនចំណាយថវិកាទៅលើរបស់របរថ្លៃៗ ក៏អ្នកម្តាយមិនដែលហាមឃាត់ រឺថាស្តីឲ្យនោះដែរ៕ 

អ្នកម្តាយ លោក ដេវីត

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោក ដេវីត បានដាំពេជ្រ លើនាឡិកាថ្មីរបស់លោក ដែលចំណាយខ្ទង់ម៉ឺនដុល្លារ។

ក្រោយពីទទួលបានភាពជោគជ័យខ្ពស់ លើបទចម្រៀង«រាំញីកែងជើង» បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ លោក ងួន ចាន់ដេវីត ឬជី ដេវីត ឡើងកូដខ្លាំងមិនធម្មតា ដែលនាពេលបច្ចុប្បន្ន រូបលោកស្ទើរតែគ្មានពេលសម្រាក ព្រោះរវល់នឹងការងារសិល្បៈ មិនថានៅភ្នំពេញ រឺក៏តាមបណ្តាខេត្ត។

ស្របនឹងទីផ្សារសិល្បៈរបស់តារាប្រុសរូបសង្ហា កំពុងរីកដូចផ្សិតនេះផងដែរ រូបលោក ក៏មិនភ្លេចក្នុងការទិញនូវសម្ភារនិយមទំនើបៗ ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់ខ្លួននោះដែរ។

លោក ដេវីត បានថតបង្ហោះ នូវនាឡិកាម៉ាក Rolex មួយគ្រឿង ដែលវាមិនមែនជានាឡិកាធម្មតាប៉ុណ្ណោះទេ គឺរូបលោក បានទៅបន្ថែមពេជ្រជាច្រើនគ្រាប់នៅពីលើទៀតផង។ បើតាមការសង្កេត គឺការចំណាយទៅលើការដាំត្បូងពេជ្រ លើនាឡិកា របស់លោក ដេវីត ក៏អស់មិនតិចដែរ មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ ព្រោះមើលទៅ ត្បូងពេជ្រច្រើនពេញនាឡិកាតែម្តង។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏មានការភ្ញាក់ផ្អើល ពេលឃើញ លោក ដេវីត ហ៊ានចំណាយដាំពេជ្រ ទៅលើនាឡិកា ប្រហែលជារូបលោក ទទួលបានចំណូលខ្ពស់ពីវិស័យសិល្បៈហើយ ទើបហ៊ានចាយវាយដល់ខ្ទង់ម៉ឺនដុល្លារយ៉ាងដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត