ចិន៖ សារព័ត៌មាន សៀងហៃ ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះថា រថភ្លើងគ្មានមនុស្សបើកដំបូងគេរបស់ចិន គ្រោងនឹងដាក់សម្ពោធ បើកឲ្យដំណើរការជាផ្លូវការហើយ ក្នុងទីក្រុងហុង នាដើមសប្តាហ៍ក្រោយនេះ ជាមួយនឹងសមត្ថភាពពិសេស ដែលមិននឹកស្មានដល់។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រថភ្លើងគ្មានមនុស្ស ប្រភេទ៣ទូ ចំនួន១០គ្រឿង នឹងត្រូវចាប់ផ្តើមដាក់ឲ្យដំណើរការ នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅលើខ្សែបន្ទាត់រថភ្លើង South Island Line នៃទីក្រុងហុងកុង ប្រទេសចិន តភ្ជាប់ទៅកាន់ តំបន់ភាគខាងត្បូង ដោយក្នុងនោះ ទៅដល់តំបន់ឧទ្យាន Ocean Park ជាលើកដំបូងផងដែរ។

រថភ្លើងប្រភេទនេះ ត្រូវបានផលិតឡើងក្នុងទីក្រុង Qingdoa ភាគខាងកើតខេត្ត Shandong ដោយក្រុមហ៊ុន CRRC Qingdao Sifang ដែលជាក្រុមហ៊ុនមួយ មានឯកទេសជំនាញក្នុងការផលិត រថភ្លើងដែលមានល្បឿនលឿន។

លោក Jiang Xin ប្រធានក្រុមផ្នែកបច្ចេកទេស ផលិតរថភ្លើងប្រភេទនេះ បានមានប្រសាសន៍ថា  វាមិនត្រឹមតែជារថភ្លើង ដែលមានសុវត្ថិភាពខ្ពស់តែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រសិទ្ធិភាពសុវត្ថិភាព ដែលអាចធានាទុកចិត្តបាន បើធៀបទៅនឹងរថភ្លើងមានមនុស្សបើកផងដែរ។

លោកបន្ថែមថា «អ្វីដែលពិសេសជាងនេះទៀតនោះ រថភ្លើងទាំងអស់នេះ មិនត្រឹមតែអាចជួយកាត់បន្ថយ ឬបង្ការបញ្ហាភ្លាំងភ្លាត់ របស់បុគ្គលិកតែប៉ុណ្ណោះទេ តែវាថែមទាំងជួយបញ្ចៀស នូវគ្រោះថ្នាក់ផ្សេងៗជាច្រើនទៀត ដែលបណ្តាលមកពីកត្តារួមមាន អ្នកបើកបរហេវហត់អស់កម្លាំង ឬពេលបុគ្គលិកឈឺស្កាត់ជាដើម ថែមទៀតផង»

គួរឲ្យដឹងដែរថា កន្លងមករថភ្លើងគ្មានមនុស្សបើក ក៏ធ្លាប់បានដាក់ដំណើរការផងដែរ នៅក្នុងទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងក្នុងទីក្រុងគ័ងចូវ ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រុមអ្នកឯកទេសជំនាញ របស់ក្រុមហ៊ុន CRRC ផលិតរថភ្លើង បានធ្វើការស្នើសុំ ឲ្យមានការត្រួតពិនិត្យឡើងវិញ លើប្រតិបត្តិការ បូករួមទាំងបច្ចេកវិទ្យាស្នូលនៃរថភ្លើង ដែលដាក់ដំណើរការនោះ តម្រូវឲ្យមានការចូលរួមអភិវឌ្ឍន៍បន្ថែម ពីសំណាក់ក្រុមហ៊ុនបរទេសនានា ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាពផងដែរ។

ជាក់ស្តែង ដូចជារថភ្លើងក្រោមដីគ្មានមនុស្សបើក ផលិតដោយក្រុមហ៊ុនជំនាញ CRRC ដែលនឹងត្រូវបានដាក់ដំណើរការ នៅសប្តាហ៍ក្រោយនេះ ក្នុងទីក្រុងហុងកុង គឺពិតជាធានាបាននូវសុវត្ថិភាព បានយ៉ាងល្អផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]