ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននាំមេដាយកិត្តិយសមកបំពាក់ជូន អត្តពលិកតៃខ្វាន់ដូ គឺកីឡាការិនី ស៊ន សៀវមីុ ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីរូបនេះ ក្នុងការខិតខំប្រឹងប្រែងព្យាយាម រហូតទទួលបានសិទ្ធិឡើងទៅប្រកួតក្នុងព្រឹត្តការណ៍អូឡាំពិកឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកន្លងទៅ។

ក្នុងកម្មវិធីបំពាក់មេដាយកិត្តិយសនេះ ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន បានក្រើនរំលឹកដល់កីឡាការិនីរូបនេះថា «ត្រូវបន្តខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទៅចូលរួមការប្រកួតអន្តរជាតិផ្សេងៗទៀត ក្រៅពីការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ ខាងមុខនេះ» ។

ដោយឡែក ចំពោះកីឡាការិនី ស៊ន សៀវមីុ វិញក៏ប្តេជ្ញា និងតាំងចិត្តផងដែរថានឹងខិតខំហ្វឹកហាត់ ដើម្បីទទួលមេដាយមកជូនជាតិ និងមាតុភូមិ។ ហើយឆ្នាំ២០១៧ ខាងមុខនេះដែរ កីឡាការិនីរូបនេះ បានដាក់គោលដៅ២ គឺការប្រកួតជ្រើសរើសជើងឯកអាស៊ីនៅសាធារណរដ្ឋកូរ៉េ និងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ថែមទៀតផង៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស៊ន សៀវមីុ មានមហាកិត្តិយស ដែលបានជ្រេីសរើសនាង ជាអ្នកកាន់ និងដុតភ្លេីងគប់ កាលពីព្រឹត្តការណ៍កីឡាជាតិកន្លងទៅ។ ការកាន់ភ្លើងគប់ និងការអុជភ្លើងគប់នេះ គឺជាប្រពៃណីទំនៀមទំលាប់មួយដែលមានតាំងពីយូរលង់ណាស់មកហើយ ដែលកើតចេញដំបូងពីព្រឹត្តការណ៍អូឡាំពិកមកម្ល៉េះ រហូតមកទល់ពេលបច្ចុប្បន្ននេះ គ្រប់ប្រភេទកម្មវិធីកីឡាទាំងអស់ សុទ្ធតែមានរៀបចំនូវកម្មវិធីនេះ មុននឹងបើកការប្រកួត។

ទើបដូច្នេះហើយ  កីឡាការិនីឆ្នើម ស៊ន សៀវមីុ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះ ត្រូវបានជ្រើសរើស និងអ្នកតំណាងឲ្យកម្មវិធីទាំងមូល កាន់និងអុជភ្លើងគប់ ដើម្បីបើកកម្មវិធីជាផ្លូវការ។

ក្នុងនោះ សៀវមីុ បានឲ្យដឹងថា «មហាកិត្តិយសសម្រាប់នាងខ្ញុំ ដែលបានជ្រើសរើសជាអ្នកកាន់ និងដុតភ្លើងគប់ #កីឡាជាតិលើកទី១» ។ ជាមួយនឹងការលើកឡើងរបស់ សៀវមីុ  ក៏បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការសាទរ និងក្តីមោទនភាពចំពោះកីឡាការិនីរូបនេះទៀតផង។ នេះបើយោងតាមទំព័ររបស់ សៀវមីុ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ក្នុងដំណើរ កាន់ និងអុជភ្លើងគប់នេះ ក៏បានចូលរួមជាកិត្តិយសពីសំណាក់កីឡាករជើងចាស់ទសវត្សទី ៨០ និង៩០ ផងដែរ និងជាពិសេសទៀតនោះ ក៏មានតំណាងកីឡាករបាល់ទាត់ឆ្នើមប្រចាំក្រុមជម្រើសជាតិកម្ពុជាផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]