(ភ្នំពេញ)៖ តារាសម្តែង និងជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត ជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញទស្សនៈរបស់ខ្លួន ដោយបង្ហាញពីការឈឺចាប់ ខណៈដែលវិស័យសិល្បៈខ្មែរបច្ចុប្បន្ន មិនត្រូវបានផ្តល់តម្លៃ ពីសំណាក់ខ្មែរគ្នាឯង ហើយបែរជាគាំទ្រសិល្បៈជាតិសាសន៍ផ្សេងវិញ រហូតធ្វើឲ្យមានការបាក់ទឹកចិត្ត ពីតារាសិល្បៈជំនាន់ក្រោយៗនោះ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងបែបនេះថា «ថ្ងៃនេះខ្ញុំសុំនិយាយរឿងក្នុងចិត្ត របស់អ្នកសិល្បៈខ្មែរបន្តិច មានអ្នកចង់និយាយ តែគ្នាមិនហ៊ាន ព្រោះបណ្តាញសង្គម គឺបង្កើតមកសម្រាប់វាយប្រហារគ្នាឯង មានច្រើនណាស់ ខ្ញុំដឹងថា ពេលខ្ញុំនិយាយព័ត៌មាន និងយកទៅផ្សាយ ដោយមិនមានការអនុញាត ព្រោះជាសេរីភាព នៃអ្នកលេង Facebook សាធារណៈ ហើយអ្នកដែលមិនពេញចិត្ត គឺច្បាស់ជាជេរខ្ញុំ ដៀលខ្ញុំ វាយប្រហារខ្ញុំ រិះគន់ខ្ញុំ តែខ្ញុំនៅតែនិយាយ ព្រោះខ្ញុំអាណិតក្មេងៗពន្លកសិល្បៈ ជំនាន់ក្រោយបើវិស័យសិល្បៈយើង កាន់តែរីកចំរើនសិល្បការិនី សិល្បករ ជំនាន់ក្រោយ កាន់តែមានឱកាស និងមានទីផ្សារសិល្បៈ ដូចស្រុកគេ»។

តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា «ខ្ញុំឃើញប្អូនៗជំនាន់ក្រោយ ខំប្រឹងណាស់លើវិស័យនេះ តែពេលខ្លះគ្នាគ្មានកន្លែងឈរឲ្យ បានត្រឹមត្រូវ និង មានលំនឹងលើវិស័យនេះទេ ព្រោះផ្លូវសិល្បៈយើងត្រូវ បានឲ្យគេដើរជាមួយយ៉ាង ដូចផ្ទះសម្បែង រស់នៅរួមគ្នា ខ្ញុំអាណិតខ្លួនឯង ដែលកើតក្នុងពិភពសិល្បៈ ដែលទន់ខ្សោយ និងតូចទាបហើយរិតតែអាណិតក្មេងៗជំនាន់ក្រោយ ពេលខ្លះខ្ញុំឃើញការប្រកួត កម្មវិធីម្តងៗទោះមានអ្នកចាញ់និងអ្នកឈ្នះក៏ទឹកភ្នែកខ្ញុំហូរ ព្រោះពេលខ្លះអ្នកឈ្នះ ក៏មិនប្រាកដថា គ្នាមានការងារធ្វើ និងទ្រនំច្បាស់លាស់ លើផ្លូវនេះ!»។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយទៀតថា «ទស្សនិកជនខ្លះដៀលថា ខ្មែរមិនចេះធ្វើអ្វី ដែលជារបស់ខ្លួនឯង ចាំតែ copy ពីគេសួរថា តើពេលគ្នាផលិតអ្វី ដែលជារបស់ខ្លួន ហើយមានអ្នកគាំទ្រទេ ? គឺនៅតែរិះគន់ស្នាដៃខ្មែរគ្នាឯងដដែលទេ បើមិនទើសនេះ ក៏ទើសនោះដែរ មិនដែលអត់ឱនឲ្យគ្នាសោះ អាចអធ្យាស្រ័យបាន ក៏មិនអធ្យាស្រ័យដែរ គ្រាន់តែអធ្យាស្រ័យ ដើម្បីកែលម្អរក៏សឹងតែមិនព្រម ចិត្តចង្អៀតជាមួយសិល្បៈ ឯងណាស់!»។

«copy ដៀលថា ចំឡងផលិតខ្លួនឯងដៀលថា អន់ស្តាប់មិនកើត មើលមិនយល់ឥឡូវនេះ ទស្សនិកជនមិនបាច់បារម្ភ និងមើលការ Copy ពីគេ ឬក៏មើលស្នាដៃ ដែលអន់របស់ខ្មែរគ្នាឯងទៀតទេ មើលគេ ដោយសេរីហើយសឹងតែ គ្រប់ពេលគ្រប់កន្លែង។ ខ្ញុំគិតថា ពួកយើងគួរតែលប់ បំបាត់សិល្បៈជាតិយើងទៅ គ្មានប្រយោជន៍ទេ ហើយកុំបន្ទោសរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ គឺមហាជនយើងទេ ដែលមិនត្រូវការភាពយន្តខ្មែរ ពេលបញ្ចាំងម្តងៗ សឹងតែសំពះអង្វរ ទើបមានអ្នកទៅទស្សនា ឱសិល្បៈខ្ញុំអើយ អភ័ព្វម៉្លេះ ? »។ នេះជាពាក្យសម្តីបន្ថែម របស់ ចន ច័ន្ទលក្ខិណា៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា