ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបខ្លះៗមកហើយ ពីលោកតា យិត សារិន ជាសាស្ត្រា ចារ្យល្ខោនខោល បានធ្លាក់ខ្លួនឈឺខ្លាំង រហូតត្រូវបញ្ចូនទៅប្រទេសថៃជាបន្ទាន់ផងដែរ កាលពីថ្ងៃទី ២០ ខែធ្នូ កន្លងទៅនេះ។

កាលពីម្សិលមិញ មានគណនីហ្វេសប៊ុករបស់បុរសម្នាក់ បានបង្ហោះរូប និងសកម្មភាពរបស់លោកតា ពេលពិសារអាហារ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សុរិន។ ក្នុងនោះដែរ រូបលោក ក៏បានសរសេររៀបរាប់ថា "នេះជាវីដេអូលោកតា កំពុងតែពិសារអាហារពេលព្រឹកនៅមន្ទីរពេទ្យសុរិន ពេលដែលផុសតារាថៃ ឬតារាទាត់បាល់ណាម្នាក់ មានបញ្ហានាំគ្នា Share ច្រើនគ្នា តែពេលនេះ លោកតាល្ខោនខោល ដែលខំថែនូវសិល្បៈនេះជូនជាតិ ធ្លាក់ខ្លួន ឈឺហេតុអ្វីមិន Share ជួយ ដូចនឹងតារាថៃ ដែលទៅ ខ្ញុំពិតជាសោកស្តាយ និងអាណិតលោកតាជាខ្លាំង។ លេខទំនាក់ទំនងដើម្បី ជួយលោកតា 070 660088 076 7777371"

សារមួយនេះ គឺបានបង្ហាញឲ្យឃើញថា បុរសរូបនោះ ពិតជាអន់ចិត្ត ហើយថែមទាំងធ្វើការប្រៀបធៀប លោកតា និងតារាថៃ ដែលមនុស្សភាគច្រើន បាននាំគ្នាបន់ស្រន់ និងស៊ែររូបយ៉ាងច្រើនសន្ធឹកសន្ធាប់ ពេលតារាថៃណាមួយ ឈឺធ្ងន់ម្តងៗ តែបើជាលោកតា យិត សារិនវិញ មិនសូវមានអ្នកណាខ្វល់ និងចាប់អារម្មណ៍បន្តិចសោះ៕  

ពេលលោកតា កំពុងសម្រាក នៅប្រទេសថៃ

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង លោកតា យិត សារិនផងដែរ តារាសម្តែងប្រុស លោក សាវិន ហ្វីលីព បានស្វែងរកមូលនិធិ ជូនលោកតា។

តារាសម្តែងប្រុស លោក សាវិន ហ្វីលីព បានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក នឹងប្រគល់លុយទាំងអស់ ជូន សាស្រ្តាចារ្យល្ខោនខោល យិត សារិន ពេលត្រឡប់ពីប្រទេសថៃវិញ។

តារាប្រុសរូបនេះ បានសរសេររៀបរាប់ថា "ដំណឹងទាន់ហេតុការណ៍៖ លោកសាស្រ្តាចារ្យល្ខោនខោល យិត សារិន អាយុ៩១ឆ្នាំ ហៅលោកគ្រូ ស កំពុងធ្វើដំណើរតាមរថយន្តចេញពីភ្នំពេញ ទៅខេត្តសុរិនប្រទេសថៃដើម្បីព្យាបាលជម្ងឺជាបន្ទាន់ នាជីវិតចុងក្រោយរបស់គាត់ ដោយត្រូវឆ្លងកាត់ខេត្តសៀមរាប, លោក យៀង វ៉ាន់ឌី ដែលជាកូនសិស្សរបស់គាត់ដែលកំពុងជូនដំណើរ លោកតាបានប្រាប់មូលនិធិយើងថា គាត់នឹងត្រូវឈប់សំចតក្នុងខេត្តសៀមរាបសិនដើម្បីទទួលថវិកាឧបត្ថម្ភពីលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មុនបន្តដំណើរទៅខេត្តសុរិន .. ដូច្នេះ មូលនិធិ " សាវិន ដើម្បីកុមារ" និង មូលនិធិតារារះថ្មីរបស់តារាបង្ហាញម៉ូត អេនណា សូរ្យ នឹងប្រគល់ជូនថវិកាទាំងអស់ ជូនគាត់ពេលគាត់ត្រលប់មកដល់ភ្នំពេញវិញ , សូមអរគុណ ... ដោយក្ដីរាប់អាន , សាវិន ហ្វីលីព ស្ថានិកមូលនិធិ " សាវិនដើម្បីកុមារ"។

គួររំលឹកផងដែរថា លោកតា យិត សារិន ជាលោកគ្រូល្ខោនខោលមួយរូប មានវ័យ៩១ឆ្នាំទៅហើយ តែពេលនេះ លោកតាមានជម្ងឺជាប់កាយយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចបន្តអាជីពជា លោកគ្រូល្ខោនខោលនេះបានតទៅទៀតនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]