អាមេរិក៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថាបនិកបណ្តាញសង្គមយក្ស Facebook លោក Mark Zuckerberg បានបង្ហាញនូវវីដេអូដ៏អស្ចារ្យមួយ នៃជំនួយការសម្លេង ឬ Voice Assistant ដែលបង្កើតឡើងសម្រាប់គ្រួសាររបស់លោក មានឈ្មោះថា ចាវីស (Jarvis)។

ជំនួយការសំឡេង Jarvis នេះគឺពោពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ វាអាចឲ្យយើងធ្វើការបញ្ជា និងសួរសំណួរផ្សេងៗ ទៅកាន់ឧបករណ៍អេឡិចត្រូនិចដែលមាននៅក្នុងផ្ទះ ឬទូរស័ព្ទស្មាតហ្វូន ដោយគ្រាន់តែប្រើប្រាស់សម្លេងប៉ុណ្ណោះ។

Jarvis ត្រូវបានគេស្គាល់ទូទាំងពិភពលោកជាយូរណាស់មកហើយ ថាវាជាបច្ចេកវិទ្យាជំនួយការសំឡេង ដ៏ទំនើប និងវៃឆ្លាតបំផុត ដែលមាននៅក្នុងភាពយន្តហូលីវូដ បែបវិទ្យាសាស្រ្តដ៏ល្បី អាយរ័នម៉ែន (Iron Man) ហើយវាមានតែនៅក្នុងភាពយន្តតែប៉ុណ្ណោះ។ 

រីឯជំនួយការសំឡេង របស់មេ Facebook លោក Mark Zuckerberg នៅពេលនេះ គឺដំណើរការដោយកម្មវិធី App មូយដែលបំពាក់នៅលើទូរស័ព្ទ ក្នុងការចាប់យកសម្លេង ដើម្បីប្រតិបត្តិការ។ វាមានសមត្ថភាពអាចប្រាប់ពីពេលវេលា សីតុណ្ហភាពនៅក្នុងបន្ទប់ កិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃ បង្រៀនភាសា និងកំណត់ការប្រជុំជាដើម។

មិនតែប៉ុណ្ណោះ Jarvis ក៏អាចចង់ចាំមុខមាត់ សំឡេង របស់សមាជិកគ្រួសារបានផងដែរ ហើយវាថែមទាំងអាចដឹងពីអ្វីដែលអ្នកស្នើសុំថា ត្រូវ ឬខុសទៀតផង។ Jarvis អាចចាក់ចម្រៀង ហៅទូរស័ព្ទទៅនរណាម្នាក់ បិទបើកអំពូលភ្លើង និងអាចប្រាប់ពីការក្រើនរំឮក ទៅដល់អ្នក នៅពេលដែលកូនតូច ដើរចេញទៅឆ្ងាយ។

ជំនួយការសម្លេង របស់ លោក Mark Zuckerberg មួយនេះ ពិតជាអស្ចារ្យ ដែលធ្វើឲ្យអ្នកមិនសរសើរ មិនបានឡើយ ព្រោះវាស្ទើតែដូច ជំនួយការសម្លេង Jarvis នៅក្នុងរឿងហូលីវូដទៅហើយ។ តែទោះជាយ៉ាងណាជំនួយការសម្លេងមួយនេះ នៅមិនទាន់ជាផលិតផលសម្រេចនៅឡើយទេ ដោយសារលោក Mark Zuckerberg កំពុងធ្វើការបង្កើតវានៅឡើយ និងត្រូវចំណាយពេលច្រើនទៀត។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ជំនួយការសម្លេង ឬ Voice Assistant ដែលមានភាពល្បីល្បាញ និងកំពុងត្រូវបានគេប្រើប្រាស់នោះ មានចំនួន២ គឺ Siri របស់ក្រុមហ៊ុន Apple ហើយវាត្រូវបានគេបំពាក់លើគ្រប់ឧបករណ៍ទាំងអស់របស់ Apple។ ចុងក្រោយគឺ Google Assistant ជាជំនួយការសម្លេង របស់ក្រុមហ៊ុន Google វាត្រូវបានគេបំពាក់ទៅលើឧបករណ៍អេឡិចត្រូនិច ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]