រុស្ស៊ី៖ ការទៅលេង និងងូតទឹកសមុទ្រ គឺជារឿងដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់ទៅលេង ដោយក្តីសប្បាយរីករាយ ក៏ប៉ុន្តែអ្នកអាចនឹងគិតឡើងវិញម្តងទៀត នៅពេលដែលអ្នកបានឃើញរូបរាងសត្វចម្លែក ក្រោមសមុទ្រដ៏សែនជ្រៅទាំងអស់នេះ។

សារព័ត៌មាន ដេលីម៉ែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ថា កាលពីពេលថ្មីៗនេះ លោក Roman Fedortsov អ្នកនេសាទសញ្ជាតិរុស្ស៊ី បានបង្ហាញនូវសត្វចម្លែកក្រោមសមុទ្រ ដែលមានរូបរាងគួរឲ្យខ្លាចជាច្រើនប្រភេទ នៅលើបណ្តាញសង្គម Twitter របស់លោក ដែលវានឹងធ្វើឲ្យអ្នកអាចគិតឡើងវិញម្តងទៀត មុនពេលឈានជើងទៅឆ្នេរសមុទ្រ។

សារព័ត៌មានរុស្ស៊ី Moscow Times បានផ្សាយថា អ្នកនេសាទរូបនេះ ធ្វើការនៅលើទូកនេសាទមួយ ដែលមានមូលដ្ឋាននៅក្នុងកំពង់ផែភាគពាយ័ព្យប្រទេសរុស្ស៊ី ហើយគាត់បានចាប់ផ្តើមការចែករំលែករូបភាព នៃការរកឃើញដ៏គួរឱ្យកត់សម្គាល់របស់គាត់ ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ។ សត្វចម្លែកៗជាច្រើន ត្រូវបានលោកនាំយកពីផ្ទៃបាតសមុទ្រដ៏ងងឹត មកកាន់ពិភពលោកខាងលើ។

ក្នុងចំណោមសត្វចម្លែកទាំងនោះ មានសត្វមួយប្រភេទដែលដូចជាត្រីឆ្លាម elusive eel ត្រូវបានគេមើលឃើញថា ជាសត្វដ៏គួរឲ្យខ្លាចមួយ ដោយសារវាមានធ្មេញច្រើន ញឹកជាប់គ្នាដូចជារណា។ វាត្រូវបាគេហៅថា “វត្ថុបុរាណ” ដែលមានជីវិត ដោយសារតែលក្ខណៈពិសេសដំបូងរបស់ខ្លួនវានេះឯង។

លោក Roman Fedortsov ក៏បានបង្ហាញនូវរូបភាពរបស់សត្វចម្លែក Chimaera ដែលជាត្រីមួយប្រភេទ ត្រូវបានគេស្គាល់ជាទូទៅថាជា "ត្រីឆ្លាមខ្មោច" ។ Chimaera ត្រូវបានគេស្គាល់តាមរយៈព្រុយស្លាប និងកន្ទុយវែងដូចជាខ្សែតីរបស់ពួកវា ហើយតាមរយៈរូបភាពដែលលោក Fedortsov បង្ហោះ បានបង្ហាញកាន់តែច្បាស់ថា វាមានភ្នែកពណ៌បៃតង។

ខណៈដែលអ្នកនេសាទរូបនេះត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ដែលពូកែរកឃើញសត្វសមុទ្រចម្លែកជាងអ្នកដទៃផ្សេងទៀតនោះ ក៏សត្វមួយចំនួនដែលលោកចាប់បាន បានធ្វើឲ្យលោកមិនយល់ផងដែរ។ ជាឧទាហរណ៍ តាមរយៈរូបភាពសត្វចម្លែកមួយ ដែលមានថ្គាមធំ និងធ្មេញយ៉ាងមុត អ្នកនេសាទរូបនេះបានសរសេរថា “យើងនៅតែជជែកគ្នាអំពីសត្វមួយនេះ។ តើវាជាសត្វអ្វី?”។

ប្រភពព័ត៌មានបន្តថា មិនមែនសត្វទាំងអស់ដែលលោក Fedortsov ចាប់បាន គឺសុទ្ធតែជាត្រីទាំងអស់នោះទេ លោកក៏ធ្លាប់ចាប់បានពីងពាងសមុទ្រ ពណ៌ទឹកក្រូចមួយក្បាលផងដែរ ដែលមានជើងធំៗ និងវែង ហើយមានទំហំប៉ុនបាតដៃមនុស្ស។ សត្វចម្លែកក្នុងសមុទ្រទឹកជ្រៅទាំងនោះ ក៏អាចជួបផលប៉ះពាល់ដ់រូបរាងរបស់វាផងដែរ ដោយសារការផ្លាស់ប្តូរសម្ពាធ នៅពេលដែលពួកវាត្រូវបានគេនាំយកមកកាន់ផ្ទៃទឹក។

ចង់ដឹងថា សត្វចម្លែកក្រោមសមុទ្រដ៏សែនជ្រៅទាំងនេះ មានរូបរាងយ៉ាងណា តោះទៅមើលទាំងអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]