ជារៀងរាល់ឆ្នាំ គេតែងតែប្រារព្ធធ្វើនូវពិធីសែននំអីុ និងនំបាញ់ចានឿក ដែលជាទំនៀមទំលាប់របស់ចិន ។ លើសពីនេះទៅទៀត ថ្ងៃបុណ្យសែននំអ៊ីនេះផងដែរនៅក្នុងប្រទេសកម្ពុជាយើង តែងតែមានរៀបចំនូវពិធីហែរអ្នកតា និងជាថ្ងៃដែលមនុស្សម្នានាំគ្នាចេញទៅមើលចង្កៀងគោម និងទាយប្រាស្នាហើយក៏ជាថ្ងៃដែលអាចមើលដឹងពីភោគផលក្នុងឆ្នាំថ្មីផងដែរ ។

ជាការពិតណាស់ ហើយថ្ងៃនេះផងដែរ Khmerload ក៏សូមណែនាំប្រិយមិត្តពីរបៀបធ្វើ នំអ៊ី និង នំបាញ់ចានឿកតាមវិធីងាយៗ និងធ្វើដោយផ្ទាល់ដៃខ្លួនឯង ដើម្បីជាការសាទរសិរីមង្គលឆ្នាំថ្មីនេះជាមួយនឹងការទទួលទាននំអីុ លើករាសីសុំសេចក្តីសុខនិងទទួលបានលាភសក្ការៈថ្មីៗ នៅក្នុងឆ្នាំ២០១៧ខាងមុខនេះផងដែរ។

ជាក់ស្តែងវិធីធ្វើខាងក្រោមនេះ ធានាថាប្រិយមិត្តនឹងចំណេញប្រាក់ស្ទើរតែពាក់កណ្តាលពីការទិញនំអីុ និងនំបាញ់ចានឿកពីគេមកស្រាប់ ដោយមិនត្រឹមតែមានតម្លៃថ្លៃនោះទេ ហើយថែមទៀត ស្នូលនំតូចៗផងដែរ បើនិយាយទៅគឺញុំមិនសូវជាពេញមាត់ដូចជាធ្វើដោយខ្លួនឯងនោះទេ។ ម៉្យាងមួយវិញទៀត បើសិនជាអ្នកធ្វើនំសិរីមង្គលនេះជាមួយនឹងគ្រួសារ ឬក៏បងប្អូនញាតិមិត្តរបស់អ្នក ធានាថាប្រាកដជាសប្បាយជាក់ជាមិនខាន។

ដូចនេះ កុំឲ្យខាតពេលយូរ តោះមករៀនពីរបៀបធ្វើទាំងអស់គ្នា៖

ដោយវិធីធ្វើទាំងអស់ ចែកចេញជា៣ដំណាក់កាល

ដំណាក់កាលទី១៖ គឺយើងត្រូវធ្វើស្នូលនំ និងលាយគ្រឿងផ្សំ

ដោយគ្រឿងផ្សំមានដូចជា៖

-ខ្ទិះដូង

-ល្ង

-ម្សៅដំណើប

-សណ្តែកបាយ (ពណ៌លឿង)

-ស្ករត្នោត ឬ ស្ករស

-ស្លឹកខ្ទឹម, ខ្ទឹមស និង ខ្ទឹមក្រហម

*របៀបធ្វើ ពីដំបូងយើងត្រូវធ្វើស្នូលនំបាញ់ចានឿកជាមុនសិន ដោយយើងត្រូវជ្រើសរើសយកសណ្តែកបាយ បរិមាណដែលអ្នកគិតថា សមល្មមនឹងទទួលទានគ្រប់គ្រាន់ បន្ទាប់មកយើងត្រូវលាងសណ្តែកនោះយ៉ាងហោចណាស់២ដងបានហើយ រួចដាក់សណ្តែកនោះចូលក្នុងឆ្នាំង ដោយដាក់បរិមាណទឹកឲ្យច្រើន ដូចជាការដាំបបរដែរ រួចដាក់អំបិលនិងប៊ីចេញចូល។

បន្ទាប់ពីនេះយើងក៏យកវា ទៅដាក់ដាំឲ្យពុះ ពោលគឺដាំឲ្យឆ្អិនដើម្បីឲ្យសណ្តែកផុយល្អ។ ក្រោយពីសណ្តែកឆ្អិនហើយ យើងត្រូវយកឆ្នាំងឬក៏ខ្ទះផ្សេងមួយទៀត រួចចាក់ខ្ទិះដូងចូលដោយយក ខ្ទិះដើមសុទ្ធមិនដាក់ទឹក ប្រើសីតុណ្ហភាពភ្លើងខ្លាំងល្មម បន្ទាប់មកដួសសណ្តែកដែលឆ្អិនអម្បាញមិញ ដាក់់ចូលទៅក្នុងទៅក្នុងខ្ទិះដូងនោះ រួចកូវា ឬ ឆាវាឲ្យរីងទឹក ពោលគឺកូឲ្យវាដាច់ទឹក។

បន្ទាប់ពីនេះយើងត្រូវហាន់ស្លឹកខ្ទឹមឲ្យតូច និងបំពងខ្ទឹមស និងខ្ទឹមក្រហម រួចដាក់វាចូលទៅក្នុងសណ្តែកខ្ទិះដូង ដែលយើងទើបតែកូឲ្យដាច់ទឹកអម្បាញមិញនេះ បន្ទាប់មកទៀត យើងក៏ច្របល់ ឬក៏ច្របាច់វា ធ្វើយ៉ាងណាឲ្យវាចូលគ្នាសប់ល្អ រួចភ្លក់រសជាតិរបស់វាមើល ហើយបើស្ទើរមិនសូវត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក អ្នកក៏អាចបន្ថែមគ្រឿងផ្សំថែមទៀត ដោយមានដូចជា ស្ករស អំបិល ប៊ីចេង តាមចំណូលដែលអ្នកចូលចិត្ត។

ក្រោយពីលាយគ្រឿងផ្សំសព្វគ្រប់អស់ហើយ យើងក៏ចាប់ផ្តើមមូលស្នូលសណ្តែកនោះ ឲ្យដូចជាកូនបាល់ដូច្នោះដែរ ប៉ុន្តែមូលវាឲ្យតូចៗបានហើយ ដើម្បីងាយស្រួលក្នុងការវិចខ្ជប់សំបក នៅដំណាក់កាលទី២ ។

យ៉ាងណាមិញ ការធ្វើស្នូលបានចប់រួចរាល់ ឥលូវនេះចូលមកដល់ការធ្វើសំបកខ្ជប់ស្នូលវិញម្តង ងាយៗមិនពិបាក ដោយគ្រាន់តែយកម្សៅដំណើប យកមកលាយជាមួយនឹងខ្ទិះដូង ឬទឹកឆ្អិនធម្មតាក៏បាន ដាក់បរិមាណទឹកវាឲ្យល្មមជាមួយនឹងម្សៅ ដើម្បីចៀសវាងកុំឲ្យម្សៅនោះជ្រាយពេក ឬក៏រឹងពេក ដែលពិបាកក្នុងការខ្ចប់ជាមួយនឹងស្នូល។

ដំណាក់កាលទី២៖

គឺរបៀបស្ងោរនំ ដោយយើងត្រូវដាក់ដាំទឹកនៅក្នុងឆ្នាំងធំល្មមមួយ ចាំរហូតដល់ទឹកនោះពុះ បន្ទាប់មកយើងក៏ ច្បិចយកម្សៅតូចល្មមយកមកខ្ចប់ ជាមួយស្នូលនំម្តងមួយគ្រាប់ៗ ទំលាក់វាចូលទៅក្នុងទឹកដែលកំពុងពុះនោះ ត្រូវលុញនំនោះក្នុងទម្ងន់ដៃថ្មមៗ កុំប្រើកំលាំងធ្ងន់ពេក បើពុំនោះទេពេលដែលដាក់ចូលក្នុងទឹកពុះមិនយូរប៉ុន្មាន វានឹងធ្លាយស្នូលចេញមកក្រៅជាក់ជាមិនខាន។ 

ខណៈដែលយើងកំពុងលុញជាបន្តបន្ទាប់ យើងនឹងឃើញមាននំមួយចំនួនវានឹងអណ្តែតមកខាងលើ ដែលជាសញ្ញាបញ្ជាក់ថាវាបានឆ្អិនហើយ ឃើញបែបនេះយើងគប្បីស្រង នំដែលអណ្តែតនោះដាក់នៅក្នុងទឹកធម្មតា មិនក្តៅ ហើយក៏មិនត្រជាក់។ ចំណែកឯការធ្វើនំអីុវិញគឺងាយស្រួលបំផុត ដោយគ្រាប់តែលុញ ម្សៅខ្ជប់នំបាញ់ចានឿកនោះ ឲ្យតូចៗ រួចទម្លាប់ចូលក្នុងទឹកដែលកំពុងពុះនោះ រងចាំវាអណ្តែតមកខាងលើរួចស្រងជាចេញជាការស្រេច។

គូសបញ្ជាក់ថា ដំណាក់កាលទី២នេះ គឺយើងត្រូវដាក់ភ្លើងឲ្យទឹកពុះរហូត ចាប់តាំងពីចាប់ផ្តើមដំណើរការរហូតដល់ចប់ដំណើរការ ។

ដំណាក់កាលទី៣៖

គឺជាដំណើរការចុងក្រោយ នោះគឺការធ្វើទឹកស្ករ ដែលក្នុងនោះយើងចង់ធ្វើជាស្ករស ក៏បាន ឬក៏ជាស្ករត្នោតក៏បានតាមចំណង់ចំណូលចិត្តរបស់យើង យើងគប្បីចិតខ្ញីជាបន្ទះស្តើងៗ ដាក់ចូលទៅក្នុងទឹកស្ករដែលយើងធ្វើនោះ ដើម្បីបន្ថែមក្លិន និងរសជាតិ ឲ្យកាន់តែឈ្ងុយឆ្ងាញ់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]