សព្វថ្ងៃនេះ ការប្រើប្រាស់ជី និងសារធាតុគីមីផ្សេងៗ ក្នុងវិស័យកសិកម្ម លែងជាបញ្ហាគួរឲ្យភ្ញាក់ផ្អើលទៀតហើយ ជាពិសេស គឺបន្លែ និងផ្លែឈើ ដែលមនុស្សត្រូវទទួលទានជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាធ្លាប់ តាមដានសកម្មភាពរបស់ម៉ាក់ នៅពេលដែលគាត់ទិញបន្លែ ផ្លែឈើម្តងៗជាក់ជាមិនខាន។

ជាក់ស្តែង អ្នកមិនចាំបាច់ចាំសួរ និងចាំសង្កេតតទៅទៀតទេ ពីព្រោះថ្ងៃនេះ យើងនឹងលើកយកពីវិធីសាស្រ្ត ក្នុងការជ្រើសរើសប្រភេទ បន្លែ ផ្លែឈើ ដែលមានគុណភាពស្រស់ល្អ គ្មានជាតិគីមី ជូនប្រិយមិត្តខ្មែរឡូតទាំងអស់គ្នា!

# ដំបូងអ្នកត្រូវស្វែងយល់ពីចំណុចមូលដ្ឋានមួយចំនួន ជាមុនសិន ដើម្បីអាចធានាថាអ្នកអាចទិញបានបន្លែ និងផ្លែឈើ ដែលគ្មានជាតិគីមី ឬលូតលាស់ដោយធម្មជាតិបាន

១. ជំហានដំបូង ៖ តាមរដូវកាល

ជ្រើសរើស បន្លែនិងផ្លែឈើ តាមរដូវកាលមានន័យថា អ្នកទទួលទានអាហារ ដូចដែលធម្មជាតិបានបម្រុងទុក។ ជាពិសេស វាប្រាកដជាត្រូវបានដាក់លក់ភ្លាមៗ ក្រោយពីប្រមូលផល ហេតុនេះ អ្នកនឹងទទួលបានបន្លែនិងផ្លែឈើ ដែលស្រស់ និងផ្តល់នូវសុខភាពល្អបំផុត ជាក់ជាមិនខាន។

២. ជំហានទីពីរ ៖ ប្រើភ្នែក

សូមកុំជ្រើសរើសបន្លែនិងផ្លែឈើ ដែលរលោងស្អាត មើលទៅឥតខ្ចោះ ឲ្យសោះ។ ទំហំក៏មិនចាំបាច់ធំដែរ ជាពិសេស មានពណ៌ស្រស់ធម្មតា មិនមែនដិតភ្លឺ ដូចជាបន្ថែមពណ៌នោះទេ។ សម្រាប់បន្លែស្លឹកវិញ មើលលើពណ៌បែតងស្រស់របស់វា ជាពិសេស កុំឲ្យមានពណ៌លឿងនៅចុងសន្លឹកឲ្យសោះ។ ជាងនេះទៅទៀត ជ្រើសរើសបន្លែនិងផ្លែឈើណា មានស្នាមអុជ ឬជ្រាំងខ្លះ ដែលមានន័យថា វាជាដំណាំធម្មជាតិ និងអាចទុំស្មើសាច់ ខុសពីដំណាំមានគីមី។

៣. ជំហានទីបី ៖ ប្រើដៃប៉ះ

អ្នកត្រូវរើសបន្លែនិងផ្លែឈើដែលស្ទាបទៅរឹង ឧទាហរណ៍ដូចជា ផ្លែប៉ោម ប៉េងប៉ោះ ចេក និងស្ពៃក្តោប។ រីឯបន្លែស្លឹកវិញ ត្រូវមានលក្ខណៈស្រួយ និងបត់បែនបាន។ សម្រាប់ផ្លែត្រសក់ ត្រសក់ស្រូវ ល្ពៅ ត្រឡាច ត្រូវមានលក្ខណៈធ្ងន់ ណែនល្អ។

៤. ជំហានទីបួន ៖ ហិតក្លិន

ប្រភេទផ្លែឈើមួយចំនួន មានភាពងាយស្រួលក្នុងការហិតក្លិន ឧទាហរណ៍ដូចជាផ្លែចេក ជាដើម។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវជ្រើសរើសបន្លែនិងផ្លែឈើ ដែលមានរូបរាងខាងក្រៅស្អាត និងមានក្លិនក្រអូបឈ្ងុយ ទៅតាមប្រភេទរបស់វា។ ក្នុងករណី ដែលអ្នកត្រូវទិញទុកយូរ អ្នកអាចជ្រើសរើសបន្លែនិងផ្លែឈើ ដែលមានក្លិនស្រាល ដើម្បីការពារកុំឲ្យទុំជោរ។ 

# ខាងក្រោមនេះ គឺជាកំណត់សម្គាល់ក្នុងការជ្រើសរើស ប្រភេទបន្លែនិងផ្លែឈើមួយចំនួនធំ ដែលអ្នកកំពុងតែទន្ទឹងរង់ចាំ។ តោះទៅតាមដានទាំងអស់គ្នា!

• ផ្លែប៊ឺ (Avocado) ៖ សំបកត្រូវមានសភាពគ្រើម ពណ៌បៃតងចាស់ និងគ្មានស្នាមប្រេះបែក។ ជាពិសេស ពេលយកដៃសង្កត់ មិនរឹងពេក។

• ផ្លែឪឡឹក ៖ ក្រឡាលើសំបក ត្រូវមានក្រឡាច្បាស់ៗ និងមានទងពណ៌លឿង ហើយស្ងួត។ ជាពិសេស ត្រូវជ្រើសរើសឪឡឹកដែលមានទំហំមិនធំពេក មិនតូចពេក និងធ្ងន់ល្អ។

• ផ្លែម្នាស់ ៖ អ្នកត្រូវជ្រើសរើសម្នាស់ ដែលមានពណ៌លឿង (ចៀសវាងមានពណ៌រាងក្រហម) និងមានភ្នែកពណ៌ត្នោត រីឯដើមរបស់វាត្រូវតែក្រាស់ និងមានពណ៌បៃតង។ ជាពិសេស វាត្រូវតែធ្ងន់ និងមានក្លិនក្រអូបឈ្ងុយ។

• ផ្លែត្រសក់ស្រូវ Melon ៖ ត្រូវមានសំបកគ្រើម ធ្ងន់ និងមានក្លិនក្រអូប។ ប្រសិនបើអ្នកចង់បានផ្លែត្រសក់ទុំ អ្នកអាចគោះរកត្រសក់ណាមួយ ដែលមានសម្លេងឮខ្សោយជាងគេ។

• ផ្លែទទឹម ៖ សំបកត្រូវមានពណ៌ក្រហម ភ្លឺ និងមិនត្រូវមានសភាពស្ងួតពេកទេ។ ជាពិសេស វាត្រូវមានលក្ខណៈរឹង ធ្ងន់ និងគ្មានក្លិននោះទេ។

• ផ្លែប៉ោម ៖ សំបកត្រូវមានពណ៌ក្រហមក្រម៉ៅ ភ្លឺ រឹង ធ្ងន់ មានក្លិនក្រអូប និងមិនត្រូវមានស្នាមអុជ ឬស្នាមប្រេះឡើយ។ ប្រសិនបើសំបក របស់វាមានសភាពរអិល ដូចជាប្រេង សូមអ្នកកុំទិញឲ្យសោះ ពីព្រោះវាមានផ្ទុកជាតិគីមី។

• ផ្លែចេក ៖ សំបកត្រូវមានពណ៌លឿងស្រស់ (សម្រាប់អ្នកចង់ញ៉ាំភ្លាមៗ) ឬត្រូវមានពណ៌បៃតងស្មើសាច់ (សម្រាប់អ្នកចង់ទិញទុក)។ ជាពិសេស ត្រូវចៀសវាងចេកដែលមានសំបកជាំ ឬដាច់រហែក។

• ផ្លែ Blueberries ៖ ត្រូវជ្រើសរើសផ្លែ Blueberries ដែលរឹង ស្ងួត និងមានពណ៌ខៀវចាស់។ ម្សៅពណ៌ស ដែលមានជាប់នៅលើផ្លែ Blueberries គឺជាធម្មជាតិរបស់វាទេ។

• ផ្លែឈឺរី (Cherries) ៖ ត្រូវជ្រើសរើសផ្លែឈឺរី ដែលមើលទៅថ្លោស សំបកភ្លឺ និងមានពណ៌ក្រម៉ៅ។ ផ្លែឈឺរី ដែលមានទងជាប់នឹងផ្លែ អាចទុកបានរយៈពេលយូរ។

• ផ្លែក្រូចថ្លុង ៖ សំបកត្រូវតែរលោង មានសភាពស្តើង កាន់តែធ្ងន់កាន់តែល្អ។ ជាពិសេស នៅពេលសង្កត់ មិនមានសភាពរឹងជ្រុលទេ។

• ផ្លែទំពាំងបាយជូរ ៖ ត្រូវមានសភាពរឹង ថ្លោស និងធ្ងន់។ ជាពិសេស សំបករបស់វា មិនត្រូវមានសភាពជ្រួញ ឬស្នាមអុជអ្វីឡើយ។

• ផ្លែគីវី ៖ ជ្រើសរើសផ្លែណា ដែលមិនរឹងដូចដុំថ្មពេក និងក៏មិនត្រូវទន់ពេកដែរ។ ជាពិសេស មានសំបករាងគ្រើមតិចៗ។

• ផ្លែស្វាយ ៖ ជ្រើសរើសផ្លែណា ដែលសង្កត់ទៅ មានសភាពទន់តាមកម្លាំងដៃតិចៗ។ ជាពិសេស មានក្លិនក្រអូប នៅត្រង់ទងរបស់វា។

• ផ្លែក្រូច ៖ សំបកត្រូវមានសភាពរលោង (ចៀសវាងសំបកស្វិតជ្រីវជ្រួញ) រឹង និងមានទម្ងន់ធ្ងន់។ សម្រាប់ពណ៌របស់វា មិនជាបញ្ហាអ្វីឡើយ។

• ផ្លែស្រ្តប៊ីរី ៖ ត្រូវជ្រើសរើសផ្លែ ដែលមានពណ៌ក្រហមស្រស់ និងមានក្លិនឈ្ងុយ ជាពិសេស ទងរបស់វា ត្រូវតែស្រស់ និងមានពណ៌បៃតង។

• ក្រូចឆ្មារ ៖ ត្រូវមានសំបកភ្លឺ និងមិនត្រូវមានដុំពក ឬប្រហោងនោះទេ។ ជាពិសេស ត្រូវចងចាំថា ក្រូចឆ្មារដែលកាន់តែធ្ងន់ គឺកាន់តែមានទឹកច្រើន។ 

• ត្រប់ ៖ ត្រូវមានសំបកភ្លឺ ពណ៌ស្វាយចាស់ មានទងពណ៌បៃតង និងមិនត្រូវមានស្នាមអ្វីទាំងអស់។ អ្នកមិនត្រូវជ្រើសយកទំហំធំពេកទេ ជាពិសេស វាត្រូវតែធ្ងន់។

• ដំឡូងបារាំង ៖ សំបកត្រូវតែរលោង និងមិនត្រូវមានស្នាមអុជ ឬប្រហោងជុំវិញច្រើនហួសពេកទេ។ ជាពិសេស វាត្រូវតែរឹង និងមានទំហំធំល្មម។

• ត្រសក់ ៖ ត្រូវមានសំបកពណ៌បៃតង និងទ្រវែង។ ជាពិសេស មិនត្រូវមានសភាពជ្រីវជ្រួញឡើយ។ ត្រសក់ដែលជ្រុះទងបាត់ មានន័យថា វាមិនស្រស់ទេ។

• ប៉េងប៉ោះ ៖ ត្រូវមានសំបកភ្លឺ និងមានក្លិនក្រអូប និងមិនត្រូវមានស្នាមអុជ ឬស្នាមដាច់រហែកណាមួយឡើយ។ ជាពិសេស មិនត្រូវមានស្នាមជ្រួញលើសំបកឡើយ។

• ល្ពៅ ៖ ត្រូវតែមានសភាពរឹង គ្មានស្លាកស្នាម។ ជាពិសេស ត្រូវជ្រើសរើសទំហំតូច ឬទំហំមធ្យម និងមានទងស្ងួតជាប់នឹងផ្លែ។

• ខ្ទឹមស ៖ សំបក និងក្លែបរបស់វា មិនត្រូវមានលាយពណ៌បៃតងឡើយ។ ជាពិសេស វាត្រូវមានទងស្ងួត និងក្លែបធំៗ។ ចៀសវាងខ្ទឹមសណា ដែលមានសំបកខាងក្រៅច្រើនស្រទាប់ពេក។

• ផ្សិត ៖ ក្បាលផ្សិត ត្រូវមានពណ៌ស រលោង ដោយមិនមានស្នាមអុជអ្វីឡើយ។ ជាពិសេស មានសភាពរឹង មិនទន់រឡិករឡាក់ ព្រមទាំងមានក្លិនឈ្ងុយទៀតផង។

• ស្ពៃក្តោប ៖ ត្រូវមានស្លឹកស្តើង ធ្ងន់ មិនមានស្នាមជាំ និងមិនផ្លាស់ប្តូររូបរាង នៅពេលច្របាច់។ ប្រសិនបើស្លឹករបស់វាក្រាស់ខុសពីធម្មតា មានន័យថា វាមានផ្ទុកសារធាតុនីត្រាត។

• ផ្កាខាត់ណា ៖ ផ្ការបស់វា ត្រូបតែមានពណ៌ស ឬពណ៌លឿងខ្ចី និងមើលទៅណែន។ ចៀសវាងផ្តាដែលមានពណ៌លឿងទុំ ឬមានស្នាមអុជខ្មៅ។

• ខ្ទឹមបារាំង ៖ សំបកខាងក្រៅ គ្មានការខូចខាត មានសភាពភ្លឺ ស្ងួត និងធ្ងន់។ ចៀសវាងជ្រើសយកខ្ទឹមបារាំង ដែលមានទងដុះចេញមកក្រៅ ឬមានលាយពណ៌បៃតង។

• ស្ពៃតឿ ៖ អ្នកអាចជ្រើសរើសយក ស្ពៃតឿណា ដែលមានសន្លឹកពណ៌បៃតង (ទាំងបៃតងចាស់ ទាំងបៃតងខ្ចី) និងមានដើមពណ៌ស រលោងស្អាត។ ចៀសវាង ស្ពៃដែលមានពណ៌លឿង នៅនឹងស្លឹក។

• ម្ទេសប្លោក ៖ អ្នកត្រូវជ្រើសរើស ម្ទេសប្លោក ដែលមានសភាពរឹង មានសំបកភ្លឺ និងធ្ងន់។

• ឆៃថាវ ៖ អ្នកត្រូវជ្រើសរើស ឆៃថាវ ដែលមានទងពណ៌បៃតង និងរឹង។ ជាពិសេស ត្រូវចៀសវាងជ្រើសយក ឆៃថាវ ដែលដាច់ទង។

• ការ៉ុត ៖ អ្នកត្រូវជ្រើសរើស ការ៉ុតណា ដែលមានសំបករលោង មិនជាប់ឫស និងត្រូវតែរឹង។ ជាពិសេស មិនត្រូវមានស្នាមជ្រួញលើសំបកឡើយ។

• ដំឡូង ឬដំឡូងជ្វា ៖ អ្នកត្រូវជ្រើសយកដំឡូងដែលមានសភាពរឹង មានសំបកស្បែកមិនជ្រីវជ្រួញ គ្មានស្នាមអុជខ្មៅ ឬស្នាមដាច់ណាមួយឡើយ ពីព្រោះវាអាចនឹងងាយរលួយ៕ 

ប្រភព៖ The Better India | kitchn | Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]