ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ប្រចាំផលិតកម្មរស្មីហង្សមាស រហស្សនាមមុខក្មេងសម្លេងចាស់ និងជាគ្រូបង្វឹកក្នុងកម្មវិធី «The Voice Cambodia» ហើយក៏ជាគណៈកម្មការដ៏មានប្រជាប្រិយមួយរូប ក្នុងកម្មវិធីប្រឡងចម្រៀង «Cambodia Idol» ដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជា លោក ណុប បាយ៉ារិទ្ធ ដែលមហាជនជាច្រើនស្គាល់ថា ជាតារាស្រគត់ស្រគំមួយរូបនោះ ខណៈថ្មីៗរូបលោក កំពុងតែធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកមួយចំនួនធំ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្តីរបស់លោក ដែលបានបង្ហើរឡើង ហាក់បីដូចជាខុសប្លែកពីសព្វមួយដង ដោយមានបង្កប់ន័យជាច្រើន ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ លោក ណុប បាយ៉ារិទ្ធ បានសរសេរសារដ៏វែងអន្លាយមួយ បង្ហោះនៅលើគណនីហ្វេសប៊ុក របស់លោកផ្ទាល់ ដោយរំលេចថា «សិស្សពូកែស្តាប់គ្រូ សិស្សគំរូឧស្សាហ៍ព្យាយាម ពាក្យស្លោកមួយនេះ គឺត្រូវគ្រប់សម័យកាល ព្រោះបើស្រលាញ់ខ្លួនឯង បើចង់ពូកែ ចង់ល្អនឹងខំប្រឹង ហើយប្រឹងដើម្បីខ្លួនឯង។ បើគ្រូស្តីបន្ទោសក៏ដើម្បីសិស្សចេះ សិស្សល្អ កើនចំណេះខ្លួនឯង មិនមែនដើម្បីនរណាទាំងអស់ គឺដើម្បីសិស្សខ្លួនឯង។ តែប្រសិនបើសិស្សនោះ មោទនៈភាពចំពោះខ្លួនឯងជ្រុល ថាមានតែអញដែលអស្ចារ្យ ជោរតាមតែការបញ្ជោរ របស់មនុស្សុជុំវិញខ្លួន ការជោរនោះនឹងធ្វើអោយមនុស្សម្នាក់នោះ ល្ងង់មួយជីវិត ដោយភ្លេចនិងបំពេញកាតព្វកិច្ចរបស់ខ្លួនឯង ថាខ្លួនឯងត្រូវធ្វើអ្វី ត្រូវខំដើម្បីអ្វី គេនិងមានចរិកតែមួយ គឺខ្លួនគេអស្ចារ្យនិងគ្រប់គ្រាន់ ហើយគេនឹងលែងស្តាប់ចូល រាល់ពាក្យទូន្មានប្រៀនប្រដៅអប់រំរបស់គ្រូ ការដែលគេស្តាប់មិនចូល បង្ហាញអារម្មណ៍ជ្រេញ អារម្មណ៍ចំអកមកគ្រូវិញ ធ្វើស្ងាប ពេបមាត់ ដៀងភ្នែក អារម្មណ៍ជ្រេញនឹងសម្តីគ្រូ ខ្ពើមសម្តីគ្រូ គិតថាសូម្បីតែគេជាគ្រូក៏គ្មានសមត្ថភាព ស្មើខ្លួនឯងនោះ ធាតុពិតវារឹតតែបង្ហាញពី ភាពរមិលគុណ ភាពអត់សុជីវធម៌ ភាពអំនួត ក្អេងក្អាងរបស់ខ្លួនឯងទៅវិញ។ វាជាភាពល្ងង់ដែលបង្ហាញអោយគេ ដឹងពីធាតុពិតរបស់ខ្លួនដោយខ្លួនឯង បុគ្គលបែបហ្នឹងរមែងគ្មានជោគជ័យ ខ្សែជីវិតដូចខ្យល់ ស្រវាតោងអ្វីក៏មិនមានគ្រឹះជាប់លាប់ ព្រោះតែអំនួតខ្លួនឯង បុគ្គលបែបហ្នឹងយោងអាត្មាខ្លួនឯង ស្ទើរតែមិនរួចគឺដោយពិបាកបំផុត ព្រោះតែត្រូវពឹង ច្រមុះអ្នកដ៏ទៃមកដក ត្រូវពឹងដៃអ្នកដ៏ទៃអោយជួយជ្រោង គ្មានអី្វជាគ្រឹះជីវិតសម្រាប់ខ្លួនឯងអោយប្រាកដ។ តើមានអ្វីជាបទពិសោធន៍ សម្រាប់ជីវិតដូចគេ??? ហើយធ្លាប់គិតទេថា បើគ្មានច្រមុះអ្នកដ៏ទៃសម្រាប់ខ្ចីដកដង្ហើម តើអាចដកដង្ហើមខ្លួនឯងបានទេ?»

គួរឲ្យដឹងដែរថា ទាក់ទងទៅនឹងសារដ៏វែងអន្លាយរបស់លោក ណុប បាយ៉ារិទ្ធ ដែលបានបង្ហើរឡើងនេះដែរ បានដាក់ចម្ងល់មកកាន់មហាជនជាច្រើន ហើយគេក៏មិនទាន់ប្រាកដទេថា អ្វីដែលរូបលោកកំពុងតែនិយាយ ចង់ផ្តោតទៅលើបេក្ខជនប្រឡង ឬយ៉ាងណានោះទេ? ខណៈកម្មវិធីប្រកួតប្រជែងសមត្ថភាពចម្រៀង Cambodia Idol នឹងត្រូវឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ