ជាការពិតតារានីមួយៗ តែងតែចង់ធ្វើឲ្យបទចម្រៀង ឬក៏ខ្សែភាពយន្តរបស់ពួកគេ ចេញមកប្រកបទៅដោយគុណភាព និងអាចទាក់ទាញចិត្តអ្នកទស្សនា ដូច្នេះហើយ ពួកគេតែងព្យាយាមសម្តែងគ្រប់បែបយ៉ាង នៅក្នុងសាច់រឿងឲ្យដូចនឹងជីវិតពិត។

ដោយសារតែការជិតស្និទ្ធគ្នានេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ ចង់ចាប់គូឲ្យតារាទាំងអស់នោះ ស្រលាញ់គ្នានៅក្រៅសាច់រឿងតែម្តង ព្រោះពួកគេយល់ថា ពិតជាសាកសមគ្នាណាស់។

ខ្មែរឡូតបានសាកសួរមតិយោបល់អ្នកគាំទ្រមួយចំនួន ដែលទទូចចង់ឲ្យពួកគេក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដ មិនមែនត្រឹមតែនៅក្នុងបទចម្រៀង ឬខ្សែភាពយន្តនោះទេ។ ចង់ដឹងថាមូលហេតុអ្វីបានធ្វើឲ្យអ្នកគាំទ្រ ចង់ឃើញតារាទាំងនោះស្រលាញ់គ្នា​តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) ឱក សុគន្ធកញ្ញា និងឆន សុវណ្ណរាជ៖ តារាពីរដួងនេះ ត្រូវបានគេចាប់ផ្គូរផ្គងគ្នា តាំងពីយូរមកហើយ ដោយគេយល់ឃើញថា ពួកគេពិតជាស៊ីចង្វាក់ជាមួយគ្នា ហើយណាមួយ កេរ្តិ៍ឈ្មោះរបស់ពួកគេ ក៏ល្បីមិនចាញ់គ្នាដែរ និងមានមូលហេតុជាច្រើនទៀត ដែលធ្វើឲ្យអ្នកគាំទ្រចង់ឲ្យពួកគេស្រលាញ់គ្នាគូស្នេហ៍ពិតប្រាកដ។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ ពួកគេបានសម្តែងនូវវីដេអូចម្រៀង នៅក្នុងបទចម្រៀង «ចង់ទៅទៅៗ» គឺពិតជាសាកសម និងសម្តែងកាយវិការជាមួយគ្នាបានល្អណាស់។ ប៉ុន្តែបំណងប្រាថ្នា និងការទន្ទឹងរង់ចាំ របស់អ្នកគាំទ្រ គឺបានត្រឹមជាស្រមោល ព្រោះមិនទាន់លេចចេញនូវរូបរាងពិតប្រាកដនៅឡើយទេ។

សម្រាប់ កញ្ញា ម៉ូនីកា វ័យ២១ឆ្នាំ ជាបុគ្គលិកធនាគារ បាននិយាយប្រាប់ខ្មែរឡូតថា "តាំងពីខ្ញុំដឹងថា បងកញ្ញា និង សុវណ្ណរាជ បាននៅក្នុងផលិតកម្មជាមួយគ្នា ខ្ញុំតែងគិតថា បើពួកគាត់ មានអារម្មណ៍ល្អនឹងគ្នា មិនដឹងជាល្អប៉ុណ្ណាទេ។ មិនតែប៉ុណ្ណោះ រាល់កាយវិការ ដែលបងរាជ ធ្វើដាក់បងកញ្ញា គឺមើលទៅ ដូចបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នា មើលទៅSweetតែម្តង។  សម្រាប់ខ្ញុំ ពិតជាចង់ឲ្យគាត់ពីរនាក់ ស្រលាញ់គ្នាណាស់ ព្រោះមើលទៅសាកសមនឹងគ្នា មិនថារូបសម្រស់ និងកេរ្តិ៍ឈ្មោះ ហើយខ្ញុំក៏ចង់និយាយមួយទៀតដែរថា បើពួកគាត់ មានចិត្តលើគ្នាមែន កុំព្យាយាមលាក់លៀម គួរបើកចំហប្រសើរជាង ដើម្បីឲ្យអ្នកគាំទ្រជាច្រើន រួមទាំងខ្ញុំផងដែរ មានអារម្មណ៍ថាសប្បាយចិត្ត"។ 

កញ្ញា ម៉ូនីកា

២) កញ្ញា មាន សូនីតា និង លោក សេម៖ ងាកមកចាប់អារម្មណ៍ រវាងស្រីស្អាត មាន សូនីតា និង លោក សេមវិញម្តង កាលពីមួយរយៈពេលមុន ពួកគេបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង តែក្រោយមកក៏រាងស្ងាត់ទៅវិញ។ សន្ទុះនៃប្រជាប្រិយភាព របស់អ្នកទាំងពីរ ត្រូវបានផ្ទុះឡើង ដោយសារតែពួកគេ បានសម្តែងរួមគ្នា ក្នុងរឿង «love9» ហើយពេលនោះ ពួកគេតែងបង្ហាញភាពផ្អែមល្ហែម និងស្និទ្ធស្នាលដាក់គ្នាជារឿយៗ។ ដោយឃើញដូចនេះ អ្នកគាំទ្រជាច្រើននាក់ ចាប់ផ្តើមចង់ឲ្យពួកគេក្លាយជាសង្សារនឹងគ្នា នៅខាងក្រៅឆាក។

ទាក់ទងនឹងតារាស្រី ប្រុស ទាំងពីរដួងនេះ បងប្រុស ម៉េងគាង វ័យ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤  ក៏បានបង្ហាញអារម្មណ៍ខ្លួនផ្ទាល់ផងដែរ ក្នុងនាមជាហ្វេនម្នាក់របស់ កញ្ញា មាន សូនីតា ដែលរូបលោក ពិតជាចង់ឲ្យ កញ្ញា មាន សូនីតា និង លោក សេម ស្រលាញ់គ្នាពិតៗ ដោយគាត់អះអាងថា ពួកគេទាំងពីរ សាកសមនឹងគ្នា ហើយមើលទៅគួរឲ្យស្រលាញ់ អាចចុះសម្រុងនឹងគ្នាបានល្អ។

លោក គាង បានបន្តថា "ខ្ញុំសង្ឃឹមថា បងនីតា និងបង សេម នឹងអាចមើលចិត្តគ្នាបាន ព្រោះថា ពួកគាត់ ពិតជាស៊ីចង្វាក់គ្នា និងរួសរាយដូចគ្នាទៀត"។ 

លោក ម៉េងគាង ជាមួយនឹង កញ្ញា មាន សូនីតា

៣) អ្នកនាង ពេជ្រ សោភា និងតារាប្រុសវ័យក្មេងម្នាក់៖ ថ្មីៗនេះ ស្រាប់តែ អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យគេភ្ញាក់ផ្អើល ពីភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយនឹង បុរសវ័យក្មេងម្នាក់ ដែលរូបគេក៏ជាតារាប្រុសម្នាក់ផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ រាល់Comment ដែលពួកគេឆ្លើយឆ្លងគ្នា សុទ្ធតែន័យស្នេហា បង្កប់អត្ថន័យជ្រាលជ្រៅ យ៉ាងខ្លាំង។ ក្នុងនោះដែរ អ្នកគាំទ្រ ក៏ពិតជាចង់ឲ្យអ្នកនាង ពេជ្រ សោភា ក្លាយជាសង្សារ ជាមួយនឹងតារាប្រុសរូបនោះណាស់ ព្រោះថា និស្ស័យ និងការនិយាយលេង របស់ពួកគេ ពិតជាត្រូវរ៉ូវគ្នា ដូចនេះបើស្រលាញ់គ្នា ពិតជាមានសុភមង្គល។

ក្នុងនោះដែរ ក៏មានហ្វេនម្នាក់ ដែលតែងតែស្រលាញ់ និងគាំទ្រស្ទើរតែគ្រប់ បទ ចម្រៀង របស់អ្នកនាង ពេជ្រ សោភា កញ្ញា ល័ក្ខ វ័យ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បាននិយាយថា "ចាប់តាំងខ្ញុំដឹងថា បងសោភា និងបងប្រុសម្នាក់នោះ មានទំនាក់ទំនងល្អជាមួយនឹងគ្នា ដោយឃើញការបង្ហោះរូបជាគូ បានធ្វើឲ្យខ្ញុំគិតថា បើពួកគាត់ស្រលាញ់គ្នាមិនដឹងជាល្អប៉ុណ្ណាទេ ព្រោះថា ពួកគាត់ជាមនុស្សរួសរាយដូចគ្នា។ ជាពិសេសបើពួកគាត់បានស្រលាញ់គ្នាពិតមែន គឺកេរ្តិ៍ឈ្មោះរបស់ពួកគាត់រឹតតែល្បីជាងនេះទៅទៀត"

ជាចុងក្រោយ កញ្ញា ល័ក្ខ បានបន្ថែមថា "ខ្ញុំសង្ឃឹមថា បងភា នឹងសិក្សាស្វែងយល់ចិត្តគ្នា ហើយអាចងាកមកស្រលាញ់គ្នា មិនមែននៅក្នុងឆាកនោះទេ ព្រោះខ្ញុំចង់ឃើញពួកគាត់ ក្លាយជាគូស្នេហ៍នឹងគ្នាពិត"។ 

កញ្ញា ល័ក្ខ

៤) អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ៖ ទោះជាអ្នកនាង សុខ សោម៉ាវត្តី ធ្លាប់មានប្រវត្តិ លែងលះស្វាមី និងបន្សល់ទុកកូនស្រីមួយក៏ដោយ ក៏អ្នកគាំទ្រ នៅតែចង់ឲ្យរូបនាង មានអនាគត និងគូស្នេហ៍ថ្មី ជាមួយនឹង កីឡាករប្រុសរូបសង្ហាម្នាក់ លោក លី វ៉ាហេទ ដែរ។ ដឹងពីមូលហេតុអ្វីទេ? តាមពិតទៅ មកពីអ្នកនាង សុខ សោម៉ាវត្តី និង កីឡាករូបនេះ បានថតសម្តែងជាមួយនឹងខ្សែភាពយន្តជាមួយគ្នា ចំណងជើងថា «ខូចចិត្តអាជីព» ហើយមិនតែប៉ុណ្ណោះ ពួកគេបានបង្ហាញកាយវិការស្និទ្ធស្នាលដាក់គ្នាមិនធម្មតានោះទេ។

អ្វីដែលសំខាន់ អ្នកគាំទ្រក៏តែងតែឃើញ ពួកគេបណ្តើរគ្នា ទៅទទួលទានអាហារជាមួយគ្នាផងដែរ ដូចជាគូស្នេហ៍នឹងគ្នាពិតៗ។ ប៉ុន្តែទោះបីពួកគេ បញ្ចេញភាពស្និទ្ធស្នាល ទាំងនៅក្នុងហ្វេសប៊ុក និងក្រៅឆាកក៏ដោយ តែរហូតដល់ពេលនេះ គ្មានសាមីខ្លួនណាមួយ ចេញមុខមកបកស្រាយថា ពួកគេស្រលាញ់គ្នានោះទេ ។ យ៉ាងណាមិញ អ្នកគាំទ្រ ពិតជាចង់ឲ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នា ព្រោះចរិតពួកគេ ស្រដៀងគ្នា ដែលចូលចិត្តលេង និងក្រមិចក្រមើមដូចគ្នា។

ក្នុងចំណោមហ្វេនជាច្រើន របស់អ្នកនាង សុខ សោម៉ាវត្តី ក៏មានហ្វេនម្នាក់ ឈ្មោះ ជូរី ជាពេទ្យធ្មេញ បានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង ប្រាប់ខ្មែរឡូតថា រូបនាងពិតជាចង់ឲ្យ អ្នកនាង សុខ សោម៉ាវត្តី ស្រលាញ់គ្នាណាស់ ដោយមើលឃើញពីសកម្មភាពរបស់ពួកគេ ល្អូកល្អើនដាក់គ្នា ហើយជាពិសេស ពួកគេហាក់ដូចជា មានចរិតលេងសើចដូចគ្នាទៀត ដូច្នេះបើពួកគេពិតជារស់នៅជាមួយគ្នា ពិតជាមានក្តីសុខ និងសុភមង្គល៕

កញ្ញា ជូរី

ចុះប្រិយមិត្តវិញចង់ឲ្យតារាណាមួយ ស្រលាញ់គ្នា ដោយពិតប្រាកដ មិនត្រឹមតែនៅតែក្នុង បទចម្រៀង ឬខ្សែភាពយន្តនោះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេម