ភ្នំពេញ៖ តារាស្រីកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង កញ្ញា ពៅ លីដា ក្រោយត្រឡប់មកពីប្រទេសអាមេរិកវិញ រូបនាងបានបង្ហាញអារម្មណ៍សប្បាយចិត្ត ទឹកមុខរីកដូចគ្រាប់ជី ប្រហែលជាទទួលបានចំណូលច្រើន ពីការសម្តែងនៅទីនោះ ហើយមើលទៅ។

កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ពៅ លីដា បានឈរ ថតបង្អួតម៉ូតរថយន្តស៊េរីទំនើប ពណ៌សយ៉ាងថ្មីស្រឡាង ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។

ក្រោយពីរូបថតទាំងនេះ ត្រូវបានសាយភាយដល់ភ្នែកអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករួចមក បានធ្វើឲ្យពួកគេឆ្ងល់ថា ក្រោយពីវិល ត្រឡប់មកពីប្រទេសអាមេរិកវិញ តើនាងទិញរថយន្តមួយគ្រឿងនេះមែនទេ? នៅក្នុងនោះ កញ្ញា ពៅ លីដា ក៏បានឆ្លើយតបថា រថយន្តរបស់នាង បានទិញជិតកន្លះឆ្នាំទៅហើយ។ ដូច្នេះមានន័យថា រថយន្តនោះ នាងបានទិញមុននាងទៅប្រទេសអាមេរិកទៅទៀត។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើននាក់ ក៏បានភ្ញាក់ផ្អើល ពេលឃើញតារាស្រីរូបនេះ មានសមត្ថភាពទិញរថយន្ត តម្លៃសុទ្ធរាប់ម៉ឺនដុល្លារយ៉ាងដូច្នេះ មិនឲ្យចាញ់តារាផ្សេងៗ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ពៅ លីដា បានមកដល់ប្រទេសខ្មែរវិញហើយ ក្រោយពីចាកចេញទៅសម្តែង នៅអាមេរិករាប់ខែ។

តារាសម្តែងស្រី រូបស្រស់ កញ្ញា ពៅ លីដា បានត្រឡប់មកប្រទេសខ្មែរវិញ តាមពាក្យដែលនាងសន្យា ក្រោយចាកចេញទៅសម្តែងនៅប្រទេសអាមេរិករាប់ខែមក។

តារាស្រីរូបនេះ បានមកដល់ប្រទេសខ្មែរ កាលពីថ្ងៃទី ១៤ ខែធ្នូ ដែលមានតារាល្បីៗជាច្រើន រង់ចាំទទួលនាងទាំងយប់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនោះ មានតារាដូចជា កញ្ញា លី ចាន់សីហា អ្នកនាង សារាយ សក្ខណា លោក យូ ឌីស្តូ លោក អ៊ឹម ជីវ៉ា និងតារាផ្សេងទៀតជាច្រើន។

នៅពេលឃើញទិដ្ឋភាពបែបនេះ កញ្ញា ពៅ លីដា ពិតជារំភើបចិត្តយ៉ាងខ្លាំង ដែលមានបងប្អូន និងមិត្តភក្តិជាតារាសិល្បៈ មកចាំទទួលនាង ទាំងយប់ និងមានអ្នកខ្លះ មិនទាន់បានទទួលទានអាហារពេលល្ងាចទៀតផង។

ក្នុងនោះដែរ បើតាមមើលការរៀបរាប់ក្នុងហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា ការមកលើកនេះ គឺកញ្ញា ពៅ លីដា មកដើម្បីមកថតបញ្ចប់រឿងភាគឲ្យឆាប់ចប់ កុំឲ្យខូចរឿងរបស់គេ ហើយនាងក៏បានអរគុណទៅកាន់បងប្អូននៅសហរដ្ឋអាមេរិកផងដែរ ដែលស្រលាញ់ គាំទ្រនាង និងសិល្បករខ្មែរជាច្រើននាក់ទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា