បរទេស៖ ទើបតែរយៈពេល៤ខែប៉ុណ្ណោះ ដែលអតីតពលបាលកងទ័ពជើងទឹក John Peck បានទទួលការវះកាត់ផ្សាំដាក់ដៃទាំងពីរ  ប៉ុន្តែគេបានបង្ហាញនូវភាពរីកចម្រើនដ៏អស្ចារ្យមួយ។

គួររំលឹកថាលោក John Peck បានបាត់បង់ដៃជើងទាំង៤របស់គាត់ បន្ទាប់ពីគាត់បានដើរជាន់គ្រាប់បែកច្នៃមួយនៅប្រទេសអាហ្គានីស្ថាន កាលពីឆ្នាំ ២០១០។ តែឥឡូវនេះ បុរសអាយុ៣១ឆ្នាំម្នាក់នេះ បានសម្រេចគោលដៅដ៏អស្ចារ្យមួយ ដែលគាត់មិនធ្លាប់បានគិតថាវានឹងអាចកើតឡើង គឺគាត់បានទទួលការវះកាត់ផ្សាំដៃដ៏ពេញលេញ១គូ និងអាចគ្រប់គ្រងទៅលើកែងដៃខាងស្តាំរបស់គាត់បានថែមទៀត។

វីដេអូមួយត្រូវបានបង្ហោះទៅក្នុងហ្វេសប៊ុក ឃើញលោក Peck ធ្វើចលនាដៃរបស់គាត់ ដោយរុញប្រអប់មួយទៅមុខទៅក្រោយនៅលើតុ ជាមួយគ្រូពេទ្យជំនាញខាងសសៃម្នាក់។

សម្រាប់មនុស្សទូទៅ ការធ្វើចលនាបែបនេះ ជារឿងដ៏សាមញ្ញមួយ ប៉ុន្តែសម្រាប់ Peck វិញ វាគឺជារឿងដ៏ជោគជ័យមួយសម្រាប់គាត់។

គាត់បានញញឹមទៅកាន់កាមេរ៉ា នៅពេលដែលគ្រូពេទ្យជំនាញខាងសសៃម្នាក់នោះបានដាក់ប្រអប់ដែលមានកង់នៅខាងក្រោមដៃរបស់គាត់។ បន្ទាប់មក អ្នកទស្សនាបានមើលឃើញ Peck រុញប្រអប់នោះទៅមកៗ និងទៅមុខទៅក្រោយ ។ ចុងក្រោយគាត់ក៏បានសម្រេចតាមការកំណត់ ក៏បានលាន់ម៉ាត់ថា “អស្ចារ្យណាស់” ។

លោក Peck នៅមានសន្លាក និងធ្វើចលនាបានដោយលំបាកបំផុត ប៉ុន្តែគ្រូពេទ្យបាននិយាយថា ក្នុងរយៈ៩ ទៅ១២ខែដៃរបស់គាត់នឹងកាន់តែប្រសើរឡើង។

នៅក្នុងសន្និសីទសារព័ត៌មានមួយ  នៅឯមន្ទីរពេទ្យ Boston’s Brigham and Women លោក Peck បាននិយាយថា រឿងដ៏ល្អបំផុតគឺគាត់អាចកាន់ដៃគូដណ្តឹងរបស់គាត់ម្តងទៀតបាន។

គាត់បាននិយាយថា “ខ្ញុំចង់ធ្វើដំណើរឆ្ពោះទៅមុខ ជាមួយមនុស្សជាទីស្រលាញ់របស់ខ្ញុំ។ វាប្រហែលជាដល់ពេលមួយនោះហើយ”។

វាជាដំណើរដ៏វែងឆ្ងាយមួយរបស់ទាហ៊ានដែលមានដើមកំណើត នៅទីក្រុង Illinois ម្នាក់នេះ ដែលគាត់បានក្លាយជា វាគ្មិនខាងផ្នែកនិយាយលើកទឹកចិត្ត និងសង្ឃឹមថាដៃថ្មីរបស់គាត់ អាចឲ្យគាត់សម្រេចក្តីស្រមៃក្លាយជាចុងភៅបាន។

៣ឆ្នាំមុនពេលដែលគាត់បានបាត់បង់អវៈយវៈ  គាត់បានទៅបម្រើទ័ពនៅប្រទេស អ៊ីរ៉ាក់។ កំឡុងពេលនោះ Peck ក៏បានទទួលរងគ្រោះថ្នាក់ផ្នែកខួរក្បាលផងដែរ ដោយសារតែយាន្តជំនិះរបស់គាត់ បានទៅប៉ះជាមួយនឹងគ្រាប់បែកច្នៃ។

បន្ទាប់មកទៀត គាត់បានទៅបម្រើការនៅប្រទេសអាហ្គានីស្ថាន។ នៅឆ្នាំ ២០១០ គាត់ក៏បានដើរជាន់គ្រាប់បែកច្នៃម្តងទៀត។ វាបានផ្ទុះ និងបំផ្លាញដៃជើងរបស់គាត់ទាំង៤។

Peck បានទទួលការយល់ព្រមឲ្យវះកាត់ផ្សាំដៃទាំងគូ កាលពីខែសីហា ឆ្នាំ២០១៤។ ២ឆ្នាំបន្ទាប់ គាត់ក៏បានទទួលទូរស័ព្ទមួយ ពីមន្ទីរពេទ្យ Brigham and Women ដើម្បីពិភាក្សាអំពីដំណើរការនៃការវះកាត់។ ក្រុមគ្រូពេទ្យវះកាត់ ១២នាក់ និងក្រុមអ្នកជំនាញ ១២នាក់ផ្សេងទៀត បានចំណាយពេលជិត ១៤ម៉ោង ដើម្បីធ្វើការវះកាត់ផ្សាំដៃទាំង២របស់គាត់។

“នៅពេលដែលខ្ញំបានទទួលទូរស័ព្ទរបស់លោកគ្រូពេទ្យ Talbot ភ្លាម ខ្ញុំមានអារម្មណ៍ថា តក់ស្លុតណាស់”។

“ខ្ញុំយំ ព្រោះខ្ញុំសប្បាយចិត្ត ប៉ុន្តែក្នុងអារម្មណ៍របស់ខ្ញុំក៏បានផ្លាស់ប្តូរ ព្រោះថា ....មានមនុស្សម្នាក់បានស្លាប់ ”។

“ខ្ញុំគ្រាន់តែចង់ឲ្យគ្រួសារដែលបានបរិច្ចាគនោះដឹងថា ការបរិច្ចាគរបស់គេ នឹងមិនអត់ប្រយោជន៍ឡើយ” ។

រឿងដំបូងគេដែលគាត់អាចធ្វើបានគឺគាត់បានយកកងដៃដែលរំលឹកដល់់បងប្អូនទាហ៊ានរបស់គាត់ដាក់លើ កដៃរបស់គាត់។ ឥឡូវនេះគាត់កំពុងរៀនលើកដៃ បត់បែនម្រាមដៃ ប្រើសម និងសរសេរអក្សរជាដើម។ ទោះជាយ៉ាងណា ឥឡូវនេះ គាត់មានការពេញចិត្តជាមួយដៃដ៏អច្ឆរិយៈទាំង២នេះណាស់។

គាត់បាននិយាយថា “គ្រប់ពេលដែលខ្ញុំមើលទៅកាន់ដៃទាំងពីរនេះ គឺខ្ញុំកាន់តែស្រលាញ់វាខ្លាំងឡើង”

“ខ្ញុំបានមើលទៅខាងក្រោម ឃើញថាវាដូចជារបស់ធម្មជាតិពិតៗណាស់។ នេះគឺជាការផ្សាំដ៏ល្អមួយ។ សូម្បីតែពណ៌ស្បែកដៃ និងទំហំក៏ដូចគ្នាដែរ ទោះបីជាវាហើមបន្តិចមែន តែទំហំវាគឺត្រូវគ្នាឥតខ្ចោះតែម្តង។ គ្រប់យ៉ាងគឺល្អឥតខ្ចោះ”។

បន្ទាប់ពីការវះកាត់មិនបានប៉ុន្មានផង Peck ក៏បានសុំមិត្តស្រីរបស់នាងរៀបការតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]