ភ្នំពេញ៖ រឿងរ៉ាវរបស់ កញ្ញា វ៉ាន់ នីឡា ដែលជាតារាចម្រៀងវ័យក្មេងមួយរូប ទាក់ទិននឹងរឿងអតីតមិត្ដប្រុសបង្ហោះរូបភាពអាក្រាត មកទល់ពេលនេះពុំទាន់ទទួលបានការកាត់ក្ដីនោះទេ ខណៈដែលសាមីខ្លួនកញ្ញា វ៉ាន់នីឡា ដង្ហោយរកជំនួយ និងភាពយុត្តិធម៌តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនជាច្រើនដង។

ក៏មិនខុសជាពេលមុនដែរ កញ្ញា វ៉ាន់ នីឡា បានធ្វើការបង្ហោះសារជាថ្មី ក្នុងសេចក្ដីអស់សង្ឃឹម និងឈឺចាប់ជាខ្លាំង កាលពីប៉ុន្មាននាទីមុននេះថា « មនុស្សនៅរស់ មានភស្ត័តាងចឹង នៅមានជីវិតតវ៉ា នៅតែគេធ្វើអញ្ចឹង បើសិនជាខ្ញំុងាប់ដោយសារអាមនុស្សគំរក់នឹងសំលាប់កំុសង្ឃឹមថា គេនឹងរកឃាតករឃើញអោយសោះ ! ដោយសារែបនេះហើយទើបអាមនុស្សធ្វើអាក្រក់វាមិនដែលខ្លាច វាធ្វើការលើច្បាប់អង្គុយលើច្បាប់ វាដឹងជ្រៅរាក់ពីច្បាប់ច្បាស់ណាស់ ចឹងហើយបានវាហ៊ានមើលងាយ មិនខ្លាចច្បាប់ទាល់តែសោះ .. វាប្រហើនមើលងាយច្បាប់ រឺច្បាប់ធ្វើអោយវាមើលងាយ ? ខ្ញំុនិយាយនេះមិនមែនចង់ថាអោយតុលាកា ប៉ុន្តែសូមតុលាកាជួយដោះស្រាយអំពីករណីរបស់ខ្ញំុនិងកាត់ក្តីដោយភាពត្រឹ់មត្រូវ និងយុត្តធម៍ផងចុះ !»

រូបភាព កញ្ញា វ៉ាន់ នីឡា

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះអតីតមិត្ដប្រុសនាង លោក គុយ សិទ្ធិសក្តិ ត្រូវបានតុលាការ កោះហៅជាលើកទី៦ ដើម្បីឲ្យចូលខ្លួនមកបំភ្លឺនៅឯតុលាការផ្ទាល់ ប៉ុន្តែមិនថាយ៉ាងណា លោកនៅតែមិនបានបង្ហាញខ្លួន និងមិនអើពើចំពោះការកោះហៅរបស់តុលាការនោះទេ ដោយហេតុនេះហើយ ទើបធ្វើឲ្យ កញ្ញា វ៉ាន់ នីឡា និងក្រុមគ្រួសារ របស់នាងផ្ទាល់ មានការបារម្ភចំពោះសុវត្ថិភាព នាងជាខ្លាំង និងស្នើសុំឲ្យតុលាការ ចេញដីការចាប់ខ្លួន ព្រមទាំងរកយុត្តិធម៌ឲ្យរូបនាងផងដែរ។ ដោយកាលពីក្នុងពេលនោះ នាងបានសរសេរសារតាមបណ្ដាញហ្វេសប៊ុកថា ៖

«ជនមួយនេះនៅតែបន្តផ្ញើសារជាសំលេង និងរូបតុក្តតាជារឿយៗ ក្នុងបំណងចង់ឌឺដងឲ្យរូបនាងខ្ញុំ ប្រហែលជាគេគិតថាតុលាការធ្វើអីគេមិនកើត ? ក្នុងរយៈពេលជាច្រើនខែមកនេះ ខ្ញុំបានបាត់បង់វត្តមាននៅលើឆាកតន្រ្តីនានា និងចំនូលរបស់នាងខ្ញុំជាច្រើន ដែលត្រូវបង្ខំចិត្តឲ្យនាងខ្ញុំទៅច្រៀង នៅក្រៅប្រទេសដើម្បីផ្គត់ផ្គង់ជីវភាព។ តើតុលាការចង់អូសបន្លាយពេលរហូតទាល់តែ រឿងមួយនេះស្ងាត់ច្រងំហើយយូរយូរទៅត្រូវបានគេបំភ្លេច?? ទុកឱកាសឲ្យជនខិលខូចនោះ រស់នៅជាមួយការសើចចំអកឲ្យនាងខ្ញុំ ដូចដែលពាក្យគេនិយាយថា " ទៅរកអាណាធំជាងអញបានមកធ្វើអញ " ហើយខ្លួនខ្ញុំផ្ទាល់ជាជនរងគ្រោះ និងក្រុមគ្រួសារ រស់ទាំងភ័យខ្លាច ខ្ញុំនេះដើរទៅណាមកណា ភ្នែកនៅកញ្ចឹងក ខ្លាចជនមួយនេះ និងមានបំណងធ្វើឲ្យខ្លួនខ្ញុំបាត់ពីលោកនេះ ដូចអ្វីដែលគេធ្លាប់គំរាមខ្ញុំ បើរាល់ថ្ងៃនេះគេនៅដើរសើចសប្បាយក្អាកក្អាយនៅឡើយ និងមិនអើពើចំពោះការកោះហៅផងនោះ ! សូមតុលាការអើពើនិងពាក្យអង្វរកររបស់ខ្ញុំផងចុះ » ។ គួររំលឹកថា តារាស្រីរាងតូចច្រឡឹង កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹងអស់រយៈពេល ៥ខែ មកហើយ ទៅលើអតីតសង្សារ លោកគុយ សទ្ធិសក្តិ ពីបទ«ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស»ប៉ុន្តែមិនថាយ៉ាងណា នាងនៅតែមិនទាន់ទទួលបានលទ្ធផល ឬក៏យុត្តិធម៌អ្វីនោះឡើយ ពីតុលាការ៕

រូបភាព កញ្ញា វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា