នៅពេលបន្តិចទៀតនេះ ឬថា ដល់ថ្ងៃទី២២ កញ្ញា ២០១២ ខាងមុខ អាចនឹងមានមនុស្សជាច្រើនបាន និងកំពុងចាប់អារម្មណ៍ចំពោះដំណើរ គោចររបស់ព្រះអាទិត្យ និងព្រះចន្ទ ចូលស្ថិតលើខ្សែអេក្វាទ័រ (Equator) បែងចែកវេលាយប់ និងថ្ងៃស្មើគ្នា គឺវេលាយប់មាន១២ម៉ោង ហើយវេលាថ្ងៃមាន១២ម៉ោង មានន័យថា ព្រះអាទិត្យ និងព្រះចន្ទគោចរលើ ចំណុចកណ្តាលនៃផែនដី ដូច្នេះហើយទើបធ្វើឱ្យកើតមាន សមភាពរាត្រី និងសុរិយៈ ។

ថ្ងៃដែលកើតមានសមភាពរាត្រី និងសុរិយៈនេះ ត្រូវបានអ្នកតារាវិទូនិយាយថា គឺព្រះអាទិត្យរះចំកំពូលប្រាសាទកណ្តាល នៃកំពូលប្រាសាទទាំង៥របស់ ប្រាសាទអង្គរវត្តកម្ពុជា ហើយព្រះអាទិត្យមិនលំអៀងទៅចំហៀងនៃប្រាសាទទេ រហូតលិចបាត់ទៅក្នុងទ្វីបលោក ។ ព្រះអាទិត្យចាប់ផ្តើមលិច ព្រះចន្ទចាប់ផ្តើមរះនៅចន្លោះវេលា១២ម៉ោងដូចគ្នា... ខណៈស្បៃរាត្រីក្រាលគ្របលើផែនពសុធា យើងអាចឃើញរស្មីចន្ទថ្លា ចាំងឆ្លុះចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត ដូចដែលដំណើរព្រះអាទិត្យបានឆ្លងកាត់ផងដែរ មានន័យថា ព្រះអាទិត្យ និងព្រះចន្ទគោចរលើចំណុចកណ្តាលនៃផែនដីដែលជាបាតុភូតមួយអស្ចារ្យបង្កើតឱ្យមានវេលាយប់ និងថ្ងៃស្មើគ្នា។

បាតុភូតដ៏អស្ចារ្យរវាងព្រះអាទិត្យ និងព្រះចន្ទធ្វើដំណើរចំពីលើកំពូលប្រាសាទកណ្តាលនៃកំពូលប្រាសាទទាំង៥របស់អង្គរវត្តកម្ពុជានេះ នឹងធ្វើឱ្យអ្នកស្រឡាញ់ធម្មជាតិ ឬអ្នកដែលដឹងរឿង និងអ្នកដែលចាប់អារម្មណ៍ទាំងឡាយធ្វើដំណើរទៅទស្សនាបាតុភូតដ៏អស្ចារ្យនេះនៅប្រាសាទអង្គរវត្តខេត្តសៀមរាប នាថ្ងៃទី២២ កញ្ញា ២០១២ ជាមិនខាន... អាចថា ចាប់ពីពេលនេះមានមនុស្សជាច្រើនបានត្រៀមខ្លួនរួចជាស្រេច ហើយក៏មិនដឹង ។ ពេលនោះកាណុងម៉ាស៊ីនថតនីមួយៗនឹងតម្រង់ទៅរកព្រះអាទិត្យ ដែលរំកិលខ្លួនមកចំកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ហើយក៏នឹងតម្រង់ម៉ាស៊ីតថតដូចគ្នានឹងការរំកិលរបស់ចន្ទមណ្ឌលផងដែរ ។ អញ្ចឹងហើយទើបយើងតែងតែងរកឃើញការប្រមាញ់រូបថតខ្លះរបស់អ្នករូបភាពវិទ្យាបង្ហាញរូបភាពនីមួយៗមានព្រះអាទិត្យ ក៏ដូចជាព្រះចន្ទប៉ប្រះខ្លួនលើកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ។

សូមបញ្ជាក់ថា បាតុភូតដ៏អស្ចារ្យរវាងព្រះអាទិត្យ និងព្រះចន្ទធ្វើដំណើរលើខ្សែអេក្វាទ័រ (Equator) ឬចំណុចកណ្តាលនៃផែនដីនេះមានអច្ឆរិយៈបេតិកភណ្ឌជាច្រើនត្រូវបានគេស្ថាបនានៅចំចំណុចអ័ក្សនៃគន្លងព្រះអាទិត្យ និងព្រះចន្ទ ដូចប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ ដូចជាពីរ៉ាមីតនៅប្រទេសអេហ្ស៊ីប, ពីរ៉ាមីតនៅប្រទេសម៉ិចស៊ិក និងប្រទេសកាតេម៉ាឡា...។

សមភាពពេលវេលារវាងយប់ និងថ្ងៃនេះ (Equinox) គេអាចនិយាយតាមលក្ខណៈវិទ្យាសាស្ត្រថា ដំណើរវិលជុំរបស់ផែនដីលើខ្សែអេក្វាទ័រ (Equator) ដែលខណ្ឌចែកផែនដីជាពីរស្មើគ្នា ហើយដំណើរគោចររបស់ព្រះអាទិត្យ និងព្រះចន្ទ ក៏ស្មើគ្នាដែរ ដែលបាតុភូតនេះបង្កើតឱ្យមានសមភាពរាត្រី និងថ្ងៃ ។ សមភាពរាត្រី និងសុរិយៈនេះ វាកើតមានឡើងរៀងរាល់២ដងក្នុង១ឆ្នាំ (នៅថ្ងៃទី២០ មីនា ស្ថិតក្នុងទិទាឃរដូវ និងថ្ងៃទី២២ កញ្ញា ស្ថិតក្នុងសរទរដូវ) នៅពេលដែលជម្រាលខ្សែអ័ក្សរបស់ផែនដីមិនទេរចេញពីគ្នា ឬលំអៀងចេញពីព្រះអាទិត្យ និងព្រះចន្ទ ។

ពាក្យថា សមភាពរាត្រី និងសុរិយៈ ឬ Equinox នេះ ចេញមកពីពាក្យឡាតាំង Aequus មានន័យថា ស្មើ ហើយ Nox មានន័យថា យប់ ហើយនៅជុំវិញ Equinox នេះគឺយប់ និងថ្ងៃមានប្រវែងស្មើគ្នាដែលជាបាតុភូតមួយកម្រផងដែរ ព្រោះ១ឆ្នាំមានតែ២ដងប៉ុណ្ណោះ ។ យើងតែងតែធ្លាប់ឮស្រាប់ហើយមានពេលខ្លះគេនិយាយថា យប់យូរជាងថ្ងៃ... ហើយមានពេលខ្លះគេថា ថ្ងៃយូរជាងយប់ ហ្នឹងហើយដែលមិនមានសមភាពរាត្រី និងថ្ងៃ ប៉ុន្តែចូលដល់ថ្ងៃទី២០ មីនា និងថ្ងៃទី២២ កញ្ញា ក៏កើតមានបាតុភូមិពិសេស គឺសមភាពរាត្រី និងថ្ងៃនេះឯង ។ 

រីឯនៅប្រទេសកម្ពុជាយើងវិញ ក៏ កើតមានបាតុភូតសមភាពរាត្រី និងសុរិយៈ ឬ Equinox នេះដែរ គឺនៅពេលឈានចូលដល់ថ្ងៃទី២២ កញ្ញា ២០១២ ស្ថិតក្នុងសរទរដូវ ព្រះអាទិត្យ នឹងរះចំកណ្តាលកំពូលប្រាសាទ គឺកំពូលប្រាសាទកណ្តាលក្នុងចំណោមប្រាសាទទាំង៥នៃប្រាសាទអង្គរវត្ត ។ កំពូលប្រាសាទនេះគឺជាអ័ក្សរបស់តួរប្រាសាទទាំងមូលដែលលយចេញចំអ័ក្សនៃខ្សែអេក្វាទ័រផែនដីបែងចែកភាពស្មើគ្នារវាងយប់ និងថ្ងៃ និងភាពស្មើគ្នានៃការខណ្ឌចែកផែនដីជា២ ។ អ្វីដែលពិសេសនោះ គឺវិស្វករខ្មែរបុរាណជំនាន់ព្រះបាទជ័យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតរាជអង្គរ និងកសាងអង្គរបានជ្រើសរើសទីតាំងសាងសង់ប្រាសាទអង្គរនេះចំគន្លងព្រះអាទិត្យ និងព្រះចន្ទ ឬចំចំណុចកណ្តាលរវាងព្រះអាទិត្យ និងព្រះចន្ទ ដោយយកកំពូលប្រាសាទកណ្តាលក្នុងចំណោមទាំង៥ធ្វើជាចំណុចអ័ក្សនៃគន្លងព្រះអាទិត្យ និងព្រះចន្ទជាថ្ងៃដែលកើតមានសមភាពរាត្រី និងសុរិយៈ ។ ការរៀបចំ បែបនេះមានអត្ថន័យជាច្រើនទាក់ទិននឹងភាពស្មើគ្នា, អំពើអាក្រក់ និងអំពើល្អត្រូវខណ្ឌចែកដាច់ពីគ្នា, វេលាយប់ និងវេលាថ្ងៃត្រូវខណ្ឌដាច់ពីគ្នា ប៉ុន្តែមានរយៈវេលាស្មើគ្នា គឺម្ខាង១២ម៉ោងស្មើគ្នា និងពាក់ព័ន្ធនឹងទេវកថារឿងកូរសមុទ្រទឹកដោះ ។

ការសាងសង់ប្រាសាទអង្គរវត្ត គឺជាប់ពាក់ព័ន្ធនឹងរឿងព្រេងទេវកថា ជាតំណាងឱ្យភ្នំព្រះសុមេរុ លំនៅនៃទេវតា ហើយកំពូលទាំង៥តំណាងឱ្យកំពូលភ្នំ ជញ្ជាំង និងគូទឹកព័ទ្ធជុំវិញតំណាងឱ្យជ្រលងជួរភ្នំ និងមហាសមុទ្រ។ នៅក្នុងរឿងព្រេងទេវកថា មានរឿងរ៉ាវអស្ចារ្យមួយ គឺការកូរសមុទ្រទឹកដោះរវាងក្រុមអសុរា និងទេវតាប្រយុទ្ធគ្នាដណ្តើមយកទឹកអម្រឹតដែលទឹកនេះផឹកហើយមានជីវិតអមតៈ ដូចមានរូបសំណាកទេវតា និងយក្សទាញព្រ័ត្រនៅមុខផ្លូវចូលប្រាសាទអង្គរវត្តជាដើម ។
ចំណែកនៅប្រទេសអេហ្ស៊ីប វិញ បាតុភូតសមភាពរាត្រី និងសុរិយៈនេះ ក៏កើតមានផងដែរ គឺស្ថិតក្នុងនិទាឃរដូវនៃតំបន់ខ្ពង់រាបហ្គីហ្សា (Giza) (ថ្ងៃទី២០ មីនា) កន្លែងដែលរូបសំណាកមនុស្សក្បាលតោ (Sphinx) និងមហាពីរ៉ាមីត ត្រូវបានគេសាងសង់បន្សល់ទុកមកជាអច្ឆរិយបេតិកភណ្ឌនោះ គឺជាកន្លែងដែលព្រះអាទិត្យ និងព្រះចន្ទធ្វើដំណើរចំចំណុចកណ្តាលនៃប្រាសាទនោះតែម្តង ។ មនុស្សក្បាលតោនេះ សម្លឹងទៅទិសខាងកើតជាទិសដែលព្រះអាទិត្យរះនៅពេលព្រឹកព្រលឹមនៃសមភាពរាត្រី និងសុរិយៈ ព្រមទាំងកម្រិតភាពស្មើគ្នានៃវដ្តរដូវកាលផងដែរ ។ ដំណើរនៃសមភាពរាត្រី និងសុរិយៈ គឺព្រះអាទិត្យរះនៅក្នុងហ្វូងតារានិករផ្សេងៗគ្នាប្រហែលជារៀងរាល់២១៥០ឆ្នាំម្តង ។

នៅយុគសម័យម៉ាយ៉ានបុរាណក្នុងឧបទ្វីបយូខាតាន់ (Yucatan) ប្រទេសម៉ិចស៊ីកូ បាតុភូតសមភាពរាត្រី និងសុរិយៈ (Equinox) នេះបានកើតមានលើកំពូលប្រាសាទមនុស្សដីឥដ្ឋទាំងប្រាំពីរផងដែរ ។ ព្រះអាទិត្យរះនៅថ្ងៃសមភាពរាត្រី និងសុរិយៈក្នុងនិទាឃរដូវ (ថ្ងៃទី២០ មីនា)ជះពន្លឺចូលតាមទ្វារកណ្តាលដែលមើលទៅគួរឱ្យស្ងប់ស្ងែង ។ 
ចំណែកប្រាសាទចាគួ (Jaquar) នៃប្រទេសកាតេម៉ាឡា ដែលជាប្រាសាទ ស្ថិតកប់ជ្រៅនៅកណ្តាលទ្រូងព្រៃមានសណ្ឋានជាពីរ៉ាមីតដែរនោះ កំពូលប្រាសាទនេះមានកំពូលខ្ពស់ជសន្លឹម ។ នៅក្នុងថ្ងៃកើតមានសមរាត្រីនៃនិទាឃរដូវ (ថ្ងៃទី២០ មីនា) ព្រះអាទិត្យរះចំកណ្តាលតួប្រាសាទចាគួនេះ បណ្តាលឱ្យប្រាសាទជះស្រមោលស្រស់ត្រកាលគួរឱ្យគយគន់ ។

ងាកមកពីរ៉ាមីតឈីឆេនអីុតហ្សា នៅឧបទ្វីបយូខាតាន់ដដែល ប្រាសាទនេះត្រូវបានគេស្គាល់ថា អាល់ខាស្ទីឡូ (El Castillo) ជាប្រាសាទឧទ្ទិសចំពោះ គូកាល់ឃេន (Kukulcan) ឬពស់ដុះស្លាប ។ ជ្រុងទាំង៤នៃប្រាសាទនេះមានជណ្តើរ៩១ ។ នៅពេលកើតមានបាតុភូតសមភាពរាត្រី និងថ្ងៃ ក្នុងនិទាឃរដូវនោះ ពន្លឺព្រះអាទិត្យដែលរះមកលើប្រាសាទបង្កើតបានរស្មី៧ពណ៌នៅលើទីលាននៃប្រាសាទរហូតដល់ក្បាលពស់ដុះស្លាបនោះ គួរគយគន់ដល់អ្នកផងទាំងឡាយ ។

កោះសន្តិភាពសូមចូលរួមលើកទឹកចិត្តដល់អ្នកថតរូបណាដែលមានស្នាដៃល្អក្នុងការប្រមាញ់រូបព្រះអាទិត្យរះ ប៉ប្រះលើកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត ដោយយើងជ្រើសរើសយកអ្នកមានស្នាដៃល្អ៥នាក់ នឹងផ្តល់រង្វាន់ជូនម្នាក់ទទួលបានសំបុត្រភាពយន្តចំនួន២ទៅទស្សនាភាពនៅរោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ។ ក្រោយថ្ងៃទី២២ កញ្ញា ២០១២ សូមរហ័សបញ្ជូនរូបថតដែលមានស្នាដៃល្អមកកាន់ទីចាត់ការកោះសន្តិភាព (អគារលេខ២៤០ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ) រឺក៏តាមរយះ អ៊ីមែល [email protected] អោយបានមុនថ្ងៃព្រហស្បត្ត៏ ទី២៧ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីទទួលបានរង្វាន់សំបុត្រភាពយន្ត ។ រាល់រូបថតដែលចូលរួមនឹងត្រូវដាក់អោយបោះឆ្នោតតាមរយះ បណ្ដាញFacebook របស់កោះសន្តិភាពចាប់ពីថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៨:០០ ព្រឹក រហូតដល់ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៥:00 ល្ងាច ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]