(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក ដួង វីរៈសិទ្ធ ម្ចាស់ពានទីបីរបស់ហង្សមាស ក្នុងកម្មវិធី «I Am a singer Cambodia» ដែលជាកម្មវិធីប្រកួតប្រជែង តារាចម្រៀងដំបូងគេបង្អស់ នៅប្រទេសកម្ពុជា ត្រូវបានអ្នកគាំទ្រ និងអ្នកធ្លាប់រាប់អានស្គាល់គ្នារូបលោក បានលួចសរសើរថា ជាតារាចម្រៀង មានអត្តចរិតល្អ ចេះមានការប្រាស្រ័យទាក់ទងគ្នា ដោយការយោគយល់ មិនប្រកាន់ខ្លួន ក្នុងចំណោមតារាចម្រៀង ល្បីៗជាច្រើនរួមទ្រនំជាមួយគ្នា។

បើនិយាយពីពេលប្រកួត ក្នុងកម្មវិធី «I Am a singer Cambodia» លោក ដួង វីរៈសិទ្ធ ត្រូវបានមហាជនកត់សម្គាល់ឃើញថា លោកមានចំណុចលេចធ្លោខ្លាំង ជាងម្ចាស់ពានដទៃ ជាពិសេសគឺត្រង់ថា ជាតារាចម្រៀងមានឈ្មោះ បោះសំឡេងរួចទៅហើយ មុននឹងលោកក្លាយជាម្ចាស់ពាន របស់កម្មវិធី «I Am a singer Cambodia» ដូចនេះក្រោយពីលើកពានរួច លោកកាន់តែល្បីល្បាញ ព្រោះបានបង្ហាញសមត្ថភាព មកកាន់ទស្សនិកជនថា លោកអាចបកស្រាយបទចម្រៀងជាច្រើនទំរង់មិនថា យីកេ ល្ខោនបាសាក់ បទញាក់ បទស្លូ ពោលលោកមិនរាថយ ក្នុងវិញ្ញាសាណាមួយឡើយ។

តារាចម្រៀងសំនៀងស្រទន់ ដួង វីរៈសិទ្ធ មិនត្រឹមតែមានសំឡេងល្អ រូបសម្បត្តិស្រស់សង្ហាទេ ថែមទាំងជាកូនកត្តញ្ញូទៀតផង ខណៈប្រភពព័ត៌មានពីអ្នកជិតស្និទ្ធ និងជាអ្នករៀបចំកម្មវិធីមួយបានប្រាប់ Khmertalking ថា លោក ដួង វីរៈសិទ្ធ ពេលច្រៀងចប់ តែងតែផ្ញើរថវិកាទៅស្រុក ជូនម្ដាយមិនដែលខកខានឡើយ តែចំនួនតិច ឬច្រើនលោកមិនដឹងនោះទេ ។ ប្រភពដដែលបន្តថា ដួង វីរៈសិទ្ធ ផ្ទុយស្រឡះពីម្ចាស់ពានដទៃ ដែលលោកធ្លាប់ជួប ហើយនៅតែរក្សាអត្តចរិតល្អ គោរពរចាស់ទុំ ប្រឹងប្រែងធ្វើការ មិនក្រអើតក្រទមឡើយ។

លោក ដួង វីរៈសិទ្ធ ក្រៅពីរក្សាបាននូវអត្តចរិតល្អ លោកថែមទាំងខិតខំសិក្សារៀនសូត្រ ដោយបច្ចុប្បន្ន ត្រូវបានគេដឹងថា ជានិស្សិតនៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ដួង វិរៈសិទ្ធ ​បញ្ជាក់ថា ការ​ចូល​រួម​ប្រ​កួត​​កម្ម​វិធី​ «I am A Singer Cambodia» គ្រាន់​តែ​ចង់​ដឹង​សមត្ថ​ភាព​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​ តារាចម្រៀងវ័យក្មេងសំឡេងពីរោះ ចេះថ្នម រូបស្រស់សង្ហា លោក ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា កំពុងតែស្ថិតក្នុងភាពជាបេក្ខជន ប្រកួតប្រជែង ក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព «I am A Singer Cambodia» ហើយជាតារាចម្រៀងមួយដួង មានភាពទាក់ទាញខ្លាំងជាងគេ រៀងរាល់សប្ដាហ៍ ខណៈតែងតែមានសំឡេង នាំមុខតារាចម្រៀងអាជីពដទៃជានិច្ច។  តារាចម្រៀង ដួង វិរៈសិទ្ធ បានបង្ហើបពីអាថកំបាំងមួយចំនួន ដែលធ្វើឲ្យលោក កំពុងតែសំឡឹងឃើញ នូវភាពជោគជ័យ នាពេលដ៏ខ្លីខាងមុខនេះ។

តារាចម្រៀង លេចធ្លោជាងគេប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ លោក ដួង វីរៈសិទ្ធ កម្រមានបញ្ហាជាមួយវិញ្ញាសារ ដែលអ្នករៀបចំកម្មវិធីដាក់ឲ្យណាស់ មិនថា ជាបទចម្រៀង បុរាណ,សម័យ រ៉ក់ យីកេ ឬល្ខោនបាសាក់ គឺលោកអាចធ្វើបានទាំងអស់ ពិសេសសំឡេងដ៏ពីរោះ ទាក់ទាញអ្នកគាំទ្រកាន់តែច្រើន ភាពទន់ភ្លន់ ដែលលោកចេះគោរពចាស់ទុំ បានថ្លែងអំណរគុណអ្នកនាង ម៉េង កែវពេជ្ជតា លើវេទិការតន្ត្រី ដែលឈ្នះចិត្តមហាជនទូទាំងប្រទេស។

លោក ដួង វីរៈសិទ្ធ បានថ្លែងប្រាប់ពីអាថ៌កំបាំង ដែលនាំឲ្យមានការគាំទ្រ ឈានមុខគេរាល់សប្ដាហ៍ តាមពិតកាលពីមុនប្រកួត លោកមិនដែលមានការជួបជុំ ជាមួយអ្នកគាំទ្រណាមួយមកពីមុនទេ ហើយក៏មិនមានក្រុមអ្នកគាំទ្រ ដូចតារាចម្រៀងដទៃដែរ ។ កាលពេលលោកប្រកួត គ្រប់ការសម្ដែង លោកក៏មិនមានអ្នកគាំទ្រច្រើន ទៅចូលរួមដែរ តែលោកពិតជាភ្ញាក់ផ្អើលខ្លាំងបំផុត ពេលដែលលោកជាប់ ហើយនាំមុខគេរាល់សប្ដាហ៍ លោកគ្រាន់តែគិតថា មកប្រកួតដើម្បីបង្ហាញពីសមត្ថភាព ក្នុងការច្រៀងរបស់លោកប៉ុណ្ណោះ ថាលោកអាចច្រៀងបាន ប្រភេទបទអ្វីខ្លះ ។ លោកនៅតែអរគុណសម្រាប់ទឹកចិត្ត ពុកម៉ែបងប្អូន លោកតាលោកយាយ ដែលចំណាយថវិកាបោះឆ្នោតឲ្យលោក មានសំឡេងនាំមុខ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ