ភ្នំពេញ៖ ទោះបីជាក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ចេញពីពានរង្វាន់ AFF Suzuki Cup ពិតមែនក្តី ក៏ប៉ុន្តែកីឡាករកម្ពុជាយើង២រូប បានបន្សល់ទុកនៅស្នាដៃជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រនៅក្រៅប្រទេសស្គាល់ពួកគេកាន់តែខ្លាំងឡើង ក្នុងនោះគឺ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងខ្សែបម្រើ ច្រឹង ពលរដ្ឋ។

ទាក់ទងនឹងកីឡាករ២រូបនេះដែរ ថ្មីៗនេះ ពួកគេក៏ត្រូវបាន សារព័ត៌មានកីឡាដ៏ល្បីមួយ ឈ្មោះថា Goal ជ្រើសរើសពួកគេជាបេក្ខភាព ដើម្បីបោះឆ្នោតជាកីឡាករវ័យក្មេងដែលលេងល្អជាងគេ ប្រចាំពានរង្វាន់នេះ។

គួរបញ្ជាក់ផងដែរថា កីឡាករដែលសារព័ត៌មាន Goal ជ្រើសរើសជាបេក្ខភាពសម្រាប់បោះឆ្នោតនេះ មានដូច៤រូប ដូចជា វឌ្ឍនាកា និងពលរដ្ឋ របស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ Aung Thu របស់មីយ៉ាន់ម៉ា និង កីឡាករ Vu Van Thanh របស់វៀតណាម។

គួររំលឹកផងដែរថា ច្រឹង ពលរដ្ឋ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីពីចម្ងាយរបស់គេ ទល់នឹង ក្រុមជម្រើសជាតិវៀតណាមកន្លងទៅ ហើយមួយគ្រាប់នេះ ក៏ទទួលបានការសរសើរយ៉ាងខ្លាំងផងដែរ ពីសំណាក់អ្នកគាំទ្រនៅកម្ពុជា។ មួយវិញទៀត គ្រាប់បាល់មួយគ្រាប់នេះ ថែមទាំងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងវគ្គជម្រុះតាមពួល នៃព្រឹត្តការណ៍ពានរង្វាន់នេះទៀតផង។

ដោយឡែក ចំពោះខ្សែប្រយុទ្ធពាក់លេខ១១ កីឡាករ ចាន់ វឌ្ឍនាកា វិញ ក៏មិនធម្មតាដែរ ពោលកីឡាកររូបនេះគឺជាគន្លឹះដ៏សំខាន់សម្រាប់ក្រុម សូម្បីតែដៃគូប្រកួតរបស់កម្ពុជា ក៏ត្រូវប្រុងប្រយ័ត្នចំពោះរូបគេ ក្នុងការប្រកួតផងដែរ ខណៈក្នុងព្រឹត្តការណ៍ វឌ្ឍនាកា អាចរកគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមមួយគ្រាប់៕

ដូច្នេះ បងប្អូនអាចបោះឆ្នោតជូន កីឡាករ ច្រឹង ពលរដ្ឋ និង ចាន់ វឌ្ឍនាកា បានតាមរយៈតំណខាងក្រោមនេះ៖ Goal

ទស្សនាគ្រាប់បាល់ស៊ុតបញ្ចូលទីពីចម្ងាយរបស់ កីឡាករ ច្រឹង ពលរដ្ឋ

ទស្សនាគ្រាប់បាល់ទាំង២គ្រាប់ របស់ ចាន់ វឌ្ឍនាកា ទល់នឹង ម៉ាឡេស៊ី

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា