ចិន៖ សំបុត្រមួយច្បាប់ដែលស្រ្តីជាម្តាយ​ រស់នៅក្នុងទីក្រុង Luoyang ប្រទេសចិន សរសេរទៅឲ្យកូនប្រុស ដែលចាកចេញពីផ្ទះ ទៅរកការងារធ្វើនៅឯទីក្រុង Zhengzhou ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមចិន និងធ្វើឲ្យអ្នកនិយមលេងអ៊ិនធើណេតជាច្រើននាក់ស្រក់ទឹកភ្នែក នៅពេលដែលបានអានសំបុត្រនោះ។

ខណៈពេលដែលកំពុងរង់ចាំម្ចាស់មករកកាតាបមួយដែលបានភ្លេចវិញ អ្នកបើករថយន្តក្រុង ឈ្មោះ Zhao Pengfei និងអ្នកដំណើរម្នាក់ទៀត បានបើកកាតាបដោយសង្ឃឹមថា នឹងអាចរកឃើញព័ត៌មានណាមួយនៅក្នុងនោះ ដើម្បីទាក់ទងទៅម្ចាស់របស់បាន។ បន្ទាប់ពីបានបើកកាតាបនោះ ពួកគេបានឃើញសំបុត្រមួយច្បាប់ ដែលសរសេរដោយម្តាយរបស់ម្ចាស់កាតាប រួមជាមួយនឹងលុយ ១០០យ័ន ចំនួន៣សន្លឹកផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងពីខ្លឹមសារក្នុងសំបុត្រនោះថា "កូនប្រុសម្លាញ់ Dong Zi ! ពួកយើងមានសេចក្តីរីករាយខ្លាំងណាស់ ចំពោះការសម្រេចចិត្តរបស់កូន ដែលចាកចេញពីផ្ទះទៅធ្វើការនៅឯទីក្រុង Zhengzhou។ វាបានបង្ហាញថា ពេលនេះកូនធំពេញវ័យហើយ។ ចាប់តាំងពីបុណ្យនិទាឃរដូវ បានចូលមកដល់ ពួកយើងសង្ឃឹមថាកូនអាចស្នាក់នៅ និងអបអរជាមួយពួកយើង មុនពេលដែលចាកចេញទៅស្វែងរកការងារធ្វើ។ ប៉ុន្តែកូនបាននិយាយថា វានឹងពិបាកខ្លាំងក្នុងការស្វែងរកការងារធ្វើបន្ទាប់ពីថ្ងៃបុណ្យត្រូវបានបញ្ចប់។"

"កាលពីម្សិលមិញ ម៉ាក់បានឲ្យលុយទៅកូន ប៉ុន្តែកូនបដិសេធមិនយក ដូច្នេះហើយម៉ាក់ក៏បានទុកលុយ ៣០០យ័ន នៅក្នុងកាតាប កាលពីពេលយប់។ កូនត្រូវតែរក្សាវាទុកឲ្យមានសុវត្ថិភាព និងកុំខ្ជះខ្ជាយវាឲ្យសោះ ហើយពាក់អាវឲ្យក្រាស់ នៅពេលមេឃត្រជាក់។ កូនប្រុស ចាំណា ត្រូវចេះថែខ្លួនពេលនៅខាងក្រៅ សុវត្ថិភាពជារឿងសំខាន់ ហើយបើទោះជាកូនមិនអាចរកប្រាក់បានសូម្បីតែមួយសេន ក៏ដោយ ប៉ុន្តែយើងចង់ឲ្យកូនមានសុវត្តិភាព។ ពីម្តាយ យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។" 

២ម៉ោងក្រោយមក បុរសម្នាក់ មើលទៅហាក់ដូចជាកំពុងតែមានបញ្ហា បានរត់មកកាន់ស្ថានីយ៍រថយន្តក្រុង និងបានសួរលោក Zhao ថាមានឃើញកាតាបរបស់គាត់ដែរឬក៏អត់? លោក Zhao ក៏បានប្រគល់កាតាបទៅឲ្យម្ចាស់ដើមវិញ។ បុរសខាងលើមានឈ្មោះថា Dong Zi គាត់មកពីទីក្រុង Luoyang ដែលមានចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ ពីទីក្រុង Zhengzhou ហើយគាត់ទើបតែរកបានការងារមួយនៅទីនេះ។ គាត់បានស្រក់ទឹកភ្នែកបន្ទាប់ពីបានអានសំបុត្រ ដែលម្តាយសរសេរឲ្យមួយច្បាប់នោះ។

សំបុត្រមួយសន្លឹកនោះ ត្រូវបានគេថត និងបង្ហោះទៅលើបណ្តាញសង្គមចិន ហើយត្រូវបានអ្នកលេងអ៊ិនធើណេតជាច្រើន ចែកចាយបន្ត បន្ទាប់ពីវាបានទាក់ទាញដួងចិត្តពួកគេ និងធ្វើឲ្យមនុស្សមួយចំនួនស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ដោយសារទឹកចិត្តរបស់ម្តាយចំពោះកូន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]