ភ្នំពេញ៖ អតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងពិភពលោក The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ តែងតែត្អូញត្អែរ ទួញសោកបោកខ្លួន ក្រោយត្រូវបែកបាក់ជាមួយនឹងស្វាមី។

កាយវិការ និងទឹកមុខ របស់តារាស្រីរូបនេះ បានខុសប្លែក ពីកាលមុនឆ្ងាយណាស់ ដែលកន្លងមក នាងធ្លាប់តែច្រៀងលេងសប្បាយ នៅក្នុងវីដេអូ រឺក៏និយាយលេងសើចជាមួយនឹងអ្នកគាំទ្រ តែបច្ចុប្បន្ននេះ គឺមានតែរូបថតសម្រក់ទឹកភ្នែកហូរជោគថ្ពាល់តែប៉ុណ្ណោះ។

ក្នុងនោះ អ្នកនាង សាន ស្រីឡៃ ក៏បានបង្ហោះសារមួយ រៀបរាប់ពីទុក្ខវេទនាខាងផ្នែកផ្លូវចិត្តកន្លងមក ដែលនាងបានជួបប្រទះ ដោយសរសេរថា "ទោះបីស្មោះគេដល់ណា ស្រលាញ់គ្នាខ្លាំងប៉ុណ្ណា លះបង់ជីវិត ដើម្បីក៏គ្រប់យ៉ាង បានត្រឹមតែភាពក្បត់ចិត្តត្រឡប់មកវិញ ចុងក្រោយបានបន្សល់ត្រឹមការនឹក ហើយជាការនឹកមួយ នឹកគេស្ទើរស្លាប់ខ្លួន"

ទន្ទឹមនឹងការបង្ហាញពីភាពឈឺចាប់នេះដែរ តារាចម្រៀងរូបនេះ ក៏បានសុំចិត្តមហាជនឲ្យគាំទ្រ នូវវីដេអូចម្រៀងថ្មីរបស់នាង ចំណងជើងថា «នឹកគេស្ទើរស្លាប់ខ្លួន» ផងដែរ ព្រោះជាបទចម្រៀងរបស់នាង លើកដំបូងគេបង្អស់ នៅក្នុងវិស័យសិល្បៈ ហើយនាងក៏សង្ឃឹមថា បទនេះនឹងដិតជាប់បេះដូងរបស់អ្នកគាំទ្រទាំងអស់គ្នា៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង សាន ស្រីឡៃ បានប្រាប់ថា នាងមិនចង់ក្លាយជាមេម៉ាយប៉ុន្មានទេ តែដោយសារតែអ្វីៗគ្រប់យ៉ាង មានដែនកំណត់។

បេក្ខនារីវគ្គផ្តាច់ព្រ័ត្រ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ តែងតែបង្ហាញពីភាពទុក្ខសោករបស់នាង តាមបណ្តាញសង្គម ក្រោយពេលបានបែកបាក់ជាមួយនឹងស្វាមី ដែលស្រលាញ់គ្នាអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែអ្នកនាង ហាក់ដូចជាអាក់អន់ស្រពន់ចិត្ត ពេលឃើញ ចំណងជើងសារព័ត៌មានក្នុងស្រុកមួយដាក់ថា «អាជីពសិល្បៈលូតឡើង សាន ស្រីឡៃ ប្រកាសបែកប្តី»។

គ្រាន់តែឃើញភ្លាម តារាស្រីរូបនេះ បានតបថា "លើសហើយចំណងជើងអត្ថបទរបស់បងអ្នកកាសែតដាក់បែបនេះ អ្នកមិនដឹងរឿងគេជេរខ្ញុំស្លាប់ហើយ បើបងមិនដឹងរឿងគ្រួសារខ្ញុំហេតុអ្វីបងអ្នកកាសែតមិនសួរខ្ញុំសិន? គ្រួសារមួយទាល់តែមានរឿងរឺបញ្ហាអ្វីមួយធំ ដែលមិនអាចដោះស្រាយបានទើបឈានទៅដល់ ការបែកវាមិនដែលនៅសុខៗខ្ញុំដើរចេញពីគេទេ ខ្ញុំជាមនុស្សស្រីឈ្មោះជាមេម៉ាយពិបាកប៉ុណ្ណាបងដឹងទេ? បងសួរខ្លួនឯងទៅបងស្រលាញ់គេជិតដប់ឆ្នាំហើយ បងដាច់ចិត្តបែកពីគេទេ តែអ្វីនៅក្នុងលោកនេះ ទាល់តែមានពាក្យថាដែនកំណត់ទើបបងយល់ គ្មានអ្នកណាពូកែទ្រាំដូចខ្ញុំឡើយ ព្រោះខ្ញុំអាណិតកូនតែបើគេមើលមិនឃើញក្តីស្រលាញ់ដែលខ្ញុំមានទៅលើគេផង សួរថាខំដើម្បីអ្វី"?

ចំពោះសាររបស់ អ្នកនាង សាន ស្រីឡៃ បានសរសេរបកស្រាយ លើសារព័ត៌មានក្នុងស្រុកនោះ គឺមិនបានបញ្ចេញពាក្យពេចន៍មិនគប្បី រឺខឹងសម្បារនោះទេ គ្រាន់តែរូបនាង អន់ចិត្ត ហើយការបញ្ជាក់របស់នាងនេះដែរ ក៏ដើម្បីបង្ហាញឲ្យអ្នកគាំទ្រ បានដឹងថា រូបនាង មិនមែនសប្បាយចិត្តក្នុងការបែកបាក់ស្វាមីនោះទេ តែគ្រប់យ៉ាងវាមានដែនកំណត់ ទើបធ្វើឲ្យនាងសម្រេចចិត្ត រស់នៅម្នាក់ឯងយ៉ាងដូច្នេះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ