បើនិយាយពីជីវិតយុវវ័យ អ្នកអាចនៅដល់យប់ជ្រៅ អាចញ៉ាំអីក៏បានតាមចិត្តចង់ និងមិនសូវជាខ្វល់ពីកិច្ចការងារប៉ុន្មានទេ។ ប៉ុន្តែផ្ទុយទៅវិញ បើឈានចូលវ័យ ៣០ ឆ្នាំហើយនោះ អ្នកប្រាកដជាត្រូវគិត សាឡើងវិញពីចំនុចខាងលើនេះជាក់ជាមិនខាន។ មិនត្រឹមតែជាវ័យដែលអ្នក ប្រែមកជាចាស់ចិត្ត ចាស់គំនិតតែប៉ុណ្ណឹងនោះទេ នេះក៏ជាវ័យដែល អ្នកគួរតែមានទម្លាប់ថែរក្សាសុខភាពរបស់ខ្លួនផងដែរ។

តោះចាប់ផ្តើមអនុវត្តទម្លាប់ល្អៗ ដើម្បីខ្លួនអ្នក ដូចខាងក្រោម ចាប់ពីថ្ងៃនេះតទៅ!

១. គេងឲ្យបានច្រើន

អ្នកប្រហែលជាគិតថា មិនសូវជាចង់គេងច្រើនទេ ប៉ុន្តែជាក់ស្តែង រាងកាយអ្នកពិតជាទាមទារការសម្រាកឲ្យបានច្រើន។ ក្នុងវ័យ ៣០ ឆ្នាំ អ្នកត្រូវការគេងគ្រប់គ្រាន់ ដើម្បីជួយដល់សុខភាពខួរក្បាល។ យ៉ាងហោចណាស់ ក៏ត្រូវគេងឲ្យបាន ៨ ម៉ោងដែរ ពីព្រោះមិនត្រឹមតែជួយសុខភាពពីខាងក្នុងប៉ុណ្ណោះទេ សូម្បីតែស្បែកក៏មានភាពស្រស់ថ្លាដែរ។

២. ថែទាំសុខភាពឆ្អឹង

វាមិនទាន់ជារឿងហួសពេលនៅឡើយទេ សម្រាប់អ្នកដែលចង់ថែទាំសុខភាពឆ្អឹង ក្នុងវ័យនេះ។ ហេតុនេះ អ្នកគួរចាប់ផ្តើមទទួលទានជាតិកាល់ស្យូម ឲ្យបានច្រើន ដើម្បីឲ្យឆ្អឹងមានសុខភាពរឹងមាំល្អ។ អ្នកអាចទទួលទាន ទឹកផ្លែឈើក្រឡុកនៅរៀងរាល់ព្រឹក ឬទទួលទានយ៉ាអួក្រោយបាយក៏បាន ដើម្បីទទួលបានប្រូតេអ៊ីន និងជាតិសរសៃបន្ថែមទៀតផង។ 

៣. ហាត់ប្រាណ

សូមចាប់ផ្តើម ការធ្វើលំហាត់ប្រាណចាប់ពីថ្ងៃនេះតទៅ។ ទោះបីជាអ្នកមិនដឹងថាត្រូវជ្រើសរើសការហាត់របៀបណា ក៏អ្នកគ្រាន់តែទៅកន្លែងហាត់ប្រាណ ជាមួយអ្នកស្គាល់ ឬហាត់យូហ្គាក៏បាន។ មិនត្រឹមតែទទួលបានសុខភាពល្អប៉ុណ្ណោះទេ អ្នកថែមទាំងមានរាងស្អាតដូចយុវវ័យ និងអាចរាប់អានមនុស្សជាច្រើនជុំវិញថែមទៀតផង។

៤. ត្រូវចេះធ្វើម្ហូប

ជាការពិតណាស់ សម្រាប់ស្រ្តី គឺនឹងមានភាពងាយស្រួលជាងមុន នៅពេលដែលចេះធ្វើម្ហូប ដែលអ្នកចង់ទទួលទានដោយខ្លួនឯង។ អ្វីដែលអ្នកត្រូវចងចាំនោះគឺ ត្រូវទទួលទានបន្លែឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យរាងកាយទាំងមូលមានសុខភាពល្អ។ មិនត្រឹមតែទទួលបានសុខភាពល្អប៉ុណ្ណោះទេ វាក៏ជួយសន្សំសំចៃអ្នក កុំឲ្យចំណាយលើអាហារក្រៅច្រើន ហើយថែមទាំងបង្កជាបញ្ហាសុខភាពទៀត។

៥. សន្សំលុយទុក

មិនថាអ្នកមានការងារ ជាអ្វីនោះទេ អ្នកត្រូវតែចេះសន្សំប្រាក់មួយចំនួនទុក សម្រាប់ពេលមានអាសន្នណាមួយ ដែលនឹងកើតឡើងដោយមិនបានត្រៀមទុកមុន។ ហេតុនេះ នៅពេលដែលអ្នកមានបញ្ហាបន្ទាន់ ឧទាហរណ៍ដូចជា បញ្ហាសុខភាព ឬខូចខាតរបស់របរណាមួយ នោះអ្នកនឹងអាចដោះស្រាយបានដោយខ្លួនឯង មិនចាំបាច់ពឹងពាក់សុំជំនួយពីសមាជិកគ្រួសារឡើយ។ 

៦. ថែរក្សាសុខភាពស្បែក

អ្នកមិនត្រូវចូលគេងទាំង មិនបានលាងសម្អាតមុខឲ្យបានស្អាត នោះទេ ជាពិសេស គឺស្រ្តី។ ជាងនេះទៅទៀត មិនត្រឹមតែត្រូវចេះថែទាំស្បែក នៅពេលយប់ប៉ុណ្ណឹងនោះទេ អ្នកត្រូវចេះលាបគ្រឿងសម្អាងណាមួយ ដែលផ្តល់ជាតិសំណើមក្នុងខែត្រជាក់ ឬលាបឡេការពារកម្តៅថ្ងៃ (SPF) ក្នុងខែក្តៅផងដែរ។

៧. ត្រូវមានពេលបន្ធូរអារម្មណ៍

ទោះបីជាមានថ្ងៃខ្លះ អ្នករវល់ សឹងតែដកដង្ហើមមិនរួចក៏ដោយ ក៏អ្នកត្រូវតែបែងចែកពេលវេលាខ្លះ មកសម្រាក បន្ធូរអារម្មណ៍ ដើម្បីកាត់បន្ថយអាការៈអស់កម្លាំង និងភាពតានតឹងរបស់អ្នក។ ជឿចុះ! អ្នកប្រាកដជាមានអារម្មណ៍ ល្អប្រសើរជាងមុនឆ្ងាយជាមិនខាន ជាពិសេស អ្នកអាចអនុវត្តកិច្ចការងារ បានកាន់តែល្អជាងមុនទៅទៀត។

៨. កុំខ្លាចការទទួលទានជាតិខ្លាញ់

ការទទួលទានជាតិខ្លាញ់ ឬជាតិប្រេងល្អ មិនបង្កឲ្យអ្នកធាត់នោះទេ។ ជាក់ស្តែង គេបានរកឃើញថា អ្នកដែលទទួលទានទឹកដោះគោមានជាតិខ្លាញ់ មានទម្ងន់ទាបជាង អ្នកទទួលទានទឹកដោះគោគ្មានជាតិខ្លាញ់ទៅវិញទេ។ ជាពិសេស អ្នកដែលទទួលទានជាតិខ្លាញ់បានពី ផ្លែប៊ឺរ ឬគ្រាប់ធញ្ញជាតិ គឺមិនសូវឃ្លាន បានជាច្រើនម៉ោងឯណោះ។ 

៩. កាត់បន្ថយប្រភេទអាហារមួយចំនួន

ត្រង់ចំនុចនេះគឺ កាត់បន្ថយគ្រប់បែបយ៉ាង ដូចជាបណ្តាអាហារឬភេសជ្ជៈដែលសំបូរ ជាតិស្ករ ជាតិកាហ្វេអ៊ីន ជាតិអាល់កុល និងអាហារក្រៅផ្ទះ។ អ្នកត្រូវគិតពីសុខភាពរបស់អ្នក នៅពេលដែលឈានចូលវ័យនេះ ព្រោះការទទួលទានអាហារដូចរៀបរាប់ខាងលើច្រើនលើសលុបពេក មិនបង្កជាសុខភាពល្អ ដល់អ្នកឡើយ។

១០. ដើរឲ្យបានច្រើន

ជាការពិតណាស់ ការដើរ អាចដុតបំផ្លាញកាឡូរីបានច្រើនជាង ការអង្គុយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលមានជំងឺទឹកនោមផ្អែម ឬអ្នកធាត់លើសទម្ងន់ អាចកាត់បន្ថយជាតិគ្លុយកូសក្នុងឈាមបានដល់ទៅ ១២% ដោយគ្រាន់តែដើរទៅវិញទៅមកប្រមាណជា ១០ នាទី ក្រោយពេលទទួលទានអាហាររួច។

១១. ចេញក្រៅខ្លះ

អ្នកត្រូវចេះចេញក្រៅ ស្រូបខ្យល់អាកាស និងធ្វើចលនារាងកាយ ដូចជារត់លេង ឬទាត់បាល់លេងក៏បាន។ សកម្មភាពរាងកាយទាំងនេះ អាចការពារសរសៃឈាមបេះដូង និងដុតបំផ្លាញជាតិកាឡូរីក្នុងរាងកាយបាន។ មិនត្រឹមតែប៉ុណ្ណោះ បរិយាកាសខាងក្រៅ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងវីតាមីន D ក្នុងរាងកាយបានទៀតផង៕ 

ប្រភព៖ POPSUGAR | Eat this, not that!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]