បរទេស៖ ក្រុមហ៊ុន Yahoo បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធនេះថា គណនីអ្នកប្រើប្រាស់ម៉ែលរបស់ខ្លួនជាង ១ពាន់លាន ដោយរួមមានទាំងលេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងសំណួរសុវត្ថិភាពជាច្រើន អាចត្រូវបានលួចយកដោយពួក Hacker ក្នុងអំឡុងពេលការវាយប្រហារមួយ (Hack) ដែលបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០១៣។

សារព័ត៌មាន អ៊ីនសាយឌ័រ (Insider) បានចុះផ្សាយនៅព្រឹកថ្ងៃទី ១៥ ខែធ្នូ នេះថា ការប្រកាសនេះ អាចជាការ Hack ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ហើយវាគឺជាឧបទ្ទវហេតុដាច់ដោយឡែកមួយ បន្ទាប់ការប្រកាសពីការលួចយកទិន្នន័យ ដោយ Hacker កាលពីខែកញ្ញាកន្លងទៅ។ នៅក្នុងការ Hack នេះ ក្រុមហ៊ុន Yahoo បាននិយាយថា យ៉ាងហោចណាស់ គណនីអ្នកប្រើប្រាស់ម៉ែល ចំនួន ៥០០លាន ត្រូវបានបំផ្លាញខូច។ 

ក្រុមហ៊ុន Yahoo បានឲ្យដឹងថា ក្រុមហ៊ុននៅមិនទាន់អាចកំណត់អត្តសញ្ញាណ នៃការឈ្លានពានដែលជាប់ទាក់ទងជាមួយការលួចនេះបាននៅឡើយទេ។ ហើយតាមរយៈការប្រកាសព័ត៌មាននេះ បានធ្វើឲ្យភាគហ៊ុនរបស់ខ្លួនចុះចំនួន ២.៥ភាគរយ កាលពីថ្ងៃពុធ។ ការប្រកាសពីការវាយប្រហារមួយនេះ អាចមានផលប៉ះពាល់ទៅដល់ការលក់ចំនួន ៤.៨ពាន់លានដុល្លារ របស់ក្រុមហ៊ុន Yahoo ទៅកាន់ក្រុមហ៊ុន Verizon ដែលមិនទាន់បិទ។

ក្រុមហ៊ុន Yahoo បានបង្ហាញព័ត៌មាននៃការ Hack កាលពីពេលកន្លងទៅ ទៅកាន់ក្រុមហ៊ុន Verizon គឺបន្ទាប់ពីមានការយល់ព្រមលើកិច្ចព្រមព្រៀងនេះ។ ខណៈក្រុមហ៊ុន Verizon បាននិយាយថា ហេតុការណ៍ Hack យកទិន្នន័យនេះ អាចប៉ះពាល់ដល់លក្ខខណ្ឌ និងតម្លៃនៃការទិញយកនេះ។

ជាមួយនឹងការលួចយក គណនីជាង១ពាន់លាន វាបានក្លាយជាការ Hack ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីមានការ Hack ដ៏ធំទៅលើបណ្តាញសង្គម Myspace ដែលបានលួចយកគណនីអ្នកប្រើប្រាស់ចំនួន ៣៦០លានគណនី និងលេខសំងាត់ចំនួន ៤២៧។

ក្រុមហ៊ុន Yahoo បានធ្វើការបញ្ជាក់ថា ការទូទាត់ប្រាក់ ទិន្នន័យកាតធនាគារ រួមទាំងព័ត៌មានគណនីធនាគាររបស់អ្នកប្រើប្រាស់ គឺមិនត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធម៉ែល របស់ក្រុមហ៊ុននោះទេ។ ប៉ុន្តែក្រុម Hacker អាចនឹងលួចយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អ្នកប្រើប្រាស់ ដូចជាឈ្មោះ អាសយដ្នាអ៊ីម៉ែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត លេខសំងាត់ រួមទាំងសំណួរ និងចម្លើយ សុវត្ថិភាពទៀតផង៕ 

ប្រភព៖ Business Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]