ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅនេះ តារាកំប្លែងស្រីជើងចាស់ កាឆយ បានបង្ហាញប្រាប់ឱ្យដឹងថា កូនប្រុសរបស់ខ្លួនបានបាត់ម៉ូតូ កាលពីថ្ងៃទី ១០ខែវិច្ឆិកា ហើយជាសំណាងល្អម៉ូតូមួយគ្រឿងនោះ ក៏បានរកឃើញមកវិញនៅថ្ងៃទី១៣ខែវិច្ឆិកាដដែល។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ចោរក៏បានកាច់ស្លាកលេខម៉ូតូ ដែលជាហេតុនាំឱ្យត្រូវតែយក ទៅធ្វើឡើងវិញសាជាថ្មី ទើបអាចយកទៅជិះតាមធម្មតាដូចដើមបាន។

ទាក់ទងនឹងបញ្ហានេះ យោងតាមប្រភពពីគណនីហ្វេសប៊ុក ABC Cambodia Family កាលពីយប់មិញ ក៏បានប្រាប់ឱ្យដឹងដូច្នេះផងដែរថា៖ «នៅវេលាម៉ោងប្រមាណ ៧ និង១០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ អ្នកមីង កាឆយ ជាតារាកំប្លែងជើងចាស់ បានទាក់ទងមកកាន់ស្ថានីយ៍វិទ្យុ ABC ដើម្បីឲ្យជួយផ្សាយរឿងចម្ងល់មួយឲ្យគាត់ផង តើការធ្វើស្លាកលេខម៉ូតូ ដែលតម្រូវឱ្យចុះផ្សាយដំណឹងលើកាសែតកោះសន្តិភាព សិនទើបអាចធ្វើស្លាកលេខថ្មីជូនបាន តើច្បាប់ធ្វើស្លាកលេខបានចែងបែបនេះ ឬយ៉ាងណា សូមបងប្អូនដែលធ្វើការខាងហ្នឹង ជួយប្រាប់នាងខ្ញុំផង ពីព្រោះខ្ញុំពិបាកខ្លាំងណាស់ ត្រូវឆ្នាំកូនប្រឡង បាក់ឌុបផង កូនជិះតែម៉ូតូឌុប ចង់ស្លាប់ខ្លួនហើយ...»។

បន្ទាប់មកវិទ្យុ ABC ក៏បានប្រាប់ទៀតថា ក្រោយពីបានផ្សាយសម្លេងតាមរយៈវិទ្យុរួចមក ភ្លាមៗនោះលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក៏បានទាក់ទងផ្ទាល់ទៅកាន់ស្ថានីយ៍វិទ្យុABC ដោយបានប្រាប់ថា នឹងធ្វើការដោះស្រាយជូនតារាកំប្លែង កាឆយ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃម្សិលមិញ តារាកំប្លែងកាឆយក៏បានផុសនៅក្នុងហ្វេសប៊ុករបស់ខ្លួន មុននឹងទាក់ទងទៅ ABC យ៉ាងដូច្នេះថា៖ «នាងខ្ញុំមានចម្ងល់យ៉ាងខ្លាំង ម៉ូតូកូនប្រុសនាងខ្ញុំបានបាត់ពីថ្ងៃទី 10 ខែ11 ឆ្នាំ2016 ហើយរកឃើញវិញ តែចោរវាកាច់បាត់ស្លាកលេខបាត់នៅថ្ងៃ13 11 2016 ដោយសមត្ថកិច្ច ខណ្ឌទួលគោក ហើយភស្តុតាងគ្រប់គ្រាន់ នឹងពាក្យបណ្តឹងក៏មានដែរ ដោយលោកមេប៉ុស្តិ៍ លោកអធិការខណ្ឌ បានចុះហត្តលេខា មានទាំងឃ្លីបវីដេអូ និងសាក្សី ហើយបានចុះកាសែត post news ថ្ងៃទី០៦ / ១២ / ២០១៦ ដើម្បីសុំធ្វើស្លាកលេខឡើងវិញ បែរជាលោកអគ្គនាយក លោកឱ្យទៅចុះកាសែតកោះសន្តិភាពទៀត ទើបអាចធ្វើស្លាកលេខបានវិញ តើច្បាប់ធ្វើស្លាកលេខចែងចឹង ឬយ៉ាងណា សូមបងប្អូនដែលធ្វើការខាងហ្នឹង ជួយប្រាប់នាងខ្ញុំផង ពីព្រោះខ្ញុំពិបាកខ្លាំងណាស់ ត្រូវឆ្នាំកូនប្រឡងបាក់ឌុបផង កូនជិះតែម៉ូឌុប ចង់ស្លាប់ខ្លួនហើយ មួយខែមិនមានអីជិះសោះ សូមមេត្តាជួយ ០១២ ៨៦៨ ៨០៧»៕

តើការដោះស្រាយនោះ នឹងទៅជាយ៉ាងវិញ? រង់ចាំមើលជាបន្ត!

អ្នកនាង កាឆយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាឆយ