កង្វល់របស់ប្រជាជននៅលើសកលលោកអំពីជំងឺពុកធ្មេញ បានរសាយក្រោយពេលដែលមានការសិក្សាស្រាវជ្រាវ អំពីថ្នាំលាបហ្វ្លុយអូរ៉ាយ។ ថ្នាំលាបហ្វ្លុយអូរ៉ាយត្រូវបានបង្កើតឡើង នៅក្នុងកំឡុងទសវត្សឆ្នាំ ១៩៦០ សម្រាប់ការពារជំងឺពុកធ្មេញ។ ថ្នាំហ្វ្លុយអូរ៉ាយទាំងអស់នោះត្រូវបានប្រើ នៅក្នុងប្រទេស អ៊ឺរ៉ុប និង កាណាដា។ តាមរយៈការអង្កេតរបស់អង្គការសុខភាពពិភពលោកនៅឆ្នាំ១៩៩៤ ការប្រើថ្នាំហ្វ្លុយអូរ៉ាយនៅក្នុងប្រទេសទាំងនោះ មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការការពាររបស់ហ្វ្លុយអូរ៉ាយសម្រាប់ជំងឺពុកធ្មេញ គឺជាលទ្ធផលសម្រាប់យន្តការរបស់សកម្មភាព កំចាត់របស់អ៊ីយ៉ុងហ្ល្វុយអូរ៉ាយ (Free Fluoride Ions) នៅលើរចនាសម្ព័ន្ធរបស់ធ្មេញ និងនៅលើស៊ីតូប្លាសរបស់បាក់តេរី ។

ភស្តុតាងនៃការសិក្សានៅក្នុងប្រទេសជាច្រើន បានបង្ហាញពីអត្រានៃការការពាររបស់ហ្វ្លុយអូរ៉ាយ។ ក្នុងចន្លោះឆ្នាំ ១៩៧៥ - ១៩៩០ នៅប្រទេសហ្វីលីភីន ការសិក្សាដោយលោក Koch et al. បានបង្ហាញថាថ្នាំលាប ហ្វ្លុយអូរ៉ាយជួយកាត់បន្ថយ ជំងឺពុកធ្មេញច្រើនជាង ៧៥%។ ក្នុងឆ្នាំ ១៩៧៩ នៅប្រទេសស៊ុយអែត តាមការសិក្សារបស់លោក Holm Ak ឥទិ្ធពលនៃថ្នាំលាបហ្វ្លុយអូរ៉ាយ សម្រាប់ថ្នាក់មតេ្តយ្យសិក្សា បានបង្ហាញអោយឃើញថាកុមារ ដែលមានអាយុ ៣ឆ្នាំ ចំនួន ២២៥នាក់ ក្នុងកំឡុងពេល២ឆ្នាំ អត្រានៃជំងឺពុកធ្មេញមានការថយចុះ ៤៤% ។ ក្នុងឆ្នាំ ២០០៨ នៅប្រទេសកាណាដា តាមការសិក្សារបស់លោក Azarpazhooh ការលាប ហ្វ្លុយអូរ៉ាយ ក្នងការការពារជំងឺពុកធ្មេញទៅលើកុមារ បានបង្ហាញអោយ ឃើញថាកុមារដែលមានអាយុចាប់ពី ៦ខែ ទៅ ៥ឆ្នាំ កុមារ ១២៧៥នាក់ ក្នុងរយៈពេលពីរឆ្នាំ ជំងឺពុកធ្មេញមានអត្រាថយចុះ ១៨,៣% ។ ក្នុងឆ្នាំ ២០០៩ នៅចក្រភពអង់គ្លេស តាមការសិក្សារបស់លោក Gill M. Davis សំណើរសម្រាប់ការលាបហ្វ្លុយអូរ៉ាយ ក្នុងការការពារនិង គ្រប់គ្រងជំងឺពុកធ្មេញបានបង្ហាញឡើងថា ក្មេងដែលមានអាយុ ១៣ឆ្នាំ ចំនួន ២៧៣នាក់ ក្នុងកំឡុងពេល ៣ឆ្នាំ អត្រានៃជំងឺពុកធ្មេញមានការ ថយចុះពី៧៦% ទៅ ៥៧% ។ 

តារាង៖ ការថយចុះនៃជំងឺពុកធ្មេញចំពោះកុមារដែលមានអាយុ ប្រទេស រយៈពេល និងអ្នកស្រាវជ្រាវខុសៗគ្នា

ការសិក្សាជាច្រើន បានបង្ហាញអោយឃើញថាការលាប ហ្វ្លុយអូរ៉ាយ គឺមានឥទិ្ធពលក្នុងការ ការពារ និង លើកកម្ពស់សុខភាពមាត់ ធ្មេញ ជាពិសេសសម្រាប់កុមារ ។ ជំងឺពុកធ្មេញមានអត្រាថយចុះយ៉ាងច្បាស់នៅក្នុងប្រទេសដែលបានប្រើ ហ្វ្លុយអូរ៉ាយ លាប ដូច្នេះកម្មវិធីលាប ហ្វ្លុយអូរ៉ាយ គួរអនុវត្តនៅលើប្រទេសយើង សម្រាប់ការពារជំងឺពុកធ្មេញ ។ សុខភាពមាត់ធ្មេញមិនល្អ ប៉ះពាល់ដល់ការរៀនសូត្ររបស់កុមារ ប៉ះពាល់ដល់ការងារ ពេលវេលា និង សេដ្ឋកិច្ចក្នុងគ្រួសារ។ ហេតុដូច្នេះហើយ មាតាមិតាគួរតែនាំ កុមារមកជួបជាមួយនឹងទន្តបណ្ឌិតជារៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត ឡឹក វិសិដ្ឋ (បរិញ្ញាប័ត្រជាន់ខ្ពស់ សុខភាពមាត់ធ្មេញសាធារណៈ)

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]