(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លុះដល់ពេលរសៀលលោកប្រធានាធិបតី នឹងចូលជួប​សំណេះសំណាល​ពិភាក្សាការងារជាមួយ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមាន​សន្តិភាព។

លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។

សូមជំរាបថា លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួល ស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានមានជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ហ្វីលីពីន ដែលកំពុងរស់នៅកម្ពុជាជាច្រើនរយនាក់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញទីដែលលោកប្រធានាធិបតីស្នាក់នៅ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកផងដែរថា ស្តេចប្រដាល់ Manny Pacquiao និង ប្រធានាធិបតីហ្វីលីពីន មកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចមិញ។ ស្តេចប្រដាល់មួយរូបសញ្ជាតិហ្វីលីពីន ដែលប្រិយមិត្តអ្នកស្នេហា ទៅលើវិស័យកីឡាប្រដាល់ ប្រហែលជាស្គាល់គាត់ហើយថាជាអ្នកណា គឺលោក Manny Pacquiao បានធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា ជាមួយលោកប្រធានាធិបតីហ្វីលីពីន ដែលកំពុងប្រយុទ្ធប្រឆាំងស៊ីសាច់ហុតឈាម ឧស្សាហកម្មគ្រឿងញៀនគឺលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)។

ក្នុងដំណើរទស្សនកិច្ច ដែលមកដល់កម្ពុជានាល្ងាចថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៦ នេះ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ និងស្តេចប្រដាល់ Manny Pacquiao បានធ្វើដំណើរទៅសម្រាកនៅឯសណ្ឋាគារ Sofitel ក្រោមការអមដំណើរពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញរិទ្ឋ និងគណៈប្រតិភូផ្សេងទៀតផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]