ភ្នំពេញ៖ កាលពីខែនេះឆ្នាំកញ្ញា ស៊ុន ស្រីពេជ្រ ដែលជាតារាចម្រៀងដែលមាន ​ទឹកដមសំនៀងពិរោះរណ្តំចិត្ត ប្រចាំផលិតកម្មហង្សមាស បានសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗ ជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ចម្នាក់ តែមកដល់ខែនេះឆ្នាំ២០១៦ នាងបែរជាសម្រេចចិត្តផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង ក្រោយពីភ្ជាប់ពាក្យបាន១ឆ្នាំ ទាំងដែលនាង មិនបានបង្ហាញពីចំណងស្នេហ៍ប្រះស្រាំ និងមូលហេតុច្បាស់លាស់ឡើយ ។

បើតាមសារដែលកញ្ញា ស៊ុន ស្រីពេជ្រ សរសេររៀបរាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានសរសេរទទួលស្គាល់ ពីចំណងស្នេហា បែកបាក់ឲ្យដឹងថា «ពិត100% មានហេតុទើបមានផល មានភ្លើងទើបមានផ្សែង មិនមែននៅសុខៗក៏បែកគ្នានោះទេ អរគុណណាស់ទេវតា ដែលមិនបំផ្លាញអនាគតខ្ញុំ អរគុណដែលឲ្យ ខ្ញុំដឹងរឿងទាន់ពេល អាណិតតែពុកទេតែបើពុកដឹង ពុកនឹងអោបកូនស្រីយ៉ាងណែន ហើយនិយាយប្រាប់កូនស្រីថា មិនអីទេកូនអ្វីៗនឹងប្រសើរឡើង តែនេះពុកនិយាយមិនកើតទេ តើពុកនឹងឈឺចាប់ណែនក្នុងទ្រូងយ៉ាងណា ទៅមនុស្សដែលពុកស្រលាញ់បំផុត តែអោយពុកឈឺចាប់បំផុត តែកូនឈឺណាស់ពុកកូននឹងត្រូវទៅណាមកណា ត្រូវប្រឈមមុខហត់ នឹងឆ្លើយសំនួរគេគ្រប់គ្នាពីរឿងនេះ»។

នៅក្នុងនោះតារាស្រីរូបនេះ ក៏សុំចិត្តមហាជន កុំទម្លាក់កំហុសឲ្យនាង ក្នុងនាមអ្នកសិល្បៈថាខុសអី «សូមបងប្អូនកុំទំលាក់កំហុស ​ទៅលើអ្នកសិល្បៈ ទាំងមិនបានដឹងរឿងច្បាស់ អ្នកសិល្បៈក៏ចង់មានគ្រួសារមួយ និងមួយ ប្រកបដោយសុភមង្គល ដូចគេឯងគ្រប់គ្នាដែរ ខ្ញុំមិនស្អប់អ្នកណាម្នាក់ទេ ព្រោះមិនមែនគូរ ចុងក្រោយសូមអរគុណបងប្អូនទាំងអស់ ដែលនៅតែគាំទ្រ និងលើកទឹកចិត្តនាងខ្ញុំ សូមជួបតែក្តីសុខ តែសូមអ្នកឯងប្រយត្ន័ផង ព្រោះអ្នកសាងអីទទួលផលនោះ ដូចគ្នាកម្មមានពិត មិនចាំជាតិក្រោយទេ»៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ អត្ថបទពាក់ព័ន្ធកាលពីលើកមុន

តារាចម្រៀងអាចច្រៀងបានយ៉ាងពីរោះរណ្ដំចិត្ត ទាំងសម័យ និងបុរាណ កញ្ញា សុន ស្រីពេជ្រ ត្រូវបានមហាជនដឹងជាទូទៅថា បានភ្ជាប់ពាក្យជាមួយ លោក ទាវ វិសាល ជាមន្ត្រីម្នាក់បម្រើការងារ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា អស់រយៈជាងមួយឆ្នាំមកហើយ ដោយអ្នកទាំងពីរ ធ្លាប់បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានថា ពួកគេគ្រោងនឹងរៀបការ នៅចុងឆ្នាំនេះឬ ដើមឆ្នាំក្រោយ។ ប៉ុន្តែដោយហេតុថា លោកតា សង់ស៊ីស ដែលត្រូវជាឪពុករបស់ស្រីពេជ្រ កំពុងតែជាប់មានជំងឺ រីឯជីតាខាងប្រុស ក៏មានជំងឺធ្ងន់ ធ្វើពិធីមិនកើត ក៏ចេះតែលើកពេលទៅហូរហែ រហូតមក។

កំពុងតែរង់ចាំពេលវេលាល្អមកដល់ សម្រាប់តែរឿងចម្លែកៗ ក៏បានកើតមានសម្រាប់អ្នកទាំងពីរ ខណៈមាត់ចាបមាត់ព្រាបបានខ្សឹបខ្សៀវថា ចំណងស្នេហ៍របស់កញ្ញា សុន ស្រីពេជ្រ និង លោក វិសាល កំពុងតែរង្គោះរង្គើបណ្ដើរៗហើយ ។ កញ្ញា សុន ស្រីពេជ្រ លែងបណ្ដើរគូដណ្ដឹងទៅណាមកណា ជាមួយគ្នាទៀត ហើយនាងទៅណាមកណាម្នាក់ឯងជួលកាលជាមួយបងស្រី ធ្វើឲ្យរឿងនេះហាក់កាន់តែច្បាស់ថា នាងមានបញ្ហាជាមួយ គូដណ្ដឹងពិតប្រាកដមែន។

មិនខុសគ្នាពីនាង សុន ស្រីពេជ្រ លោក ទាវ វិសាល ឯណោះវិញ បានផ្លាស់ប្ដូរឈ្មោះពី Tiev visal ទៅជា លោក វិសាល វិញ។ រីឯរូបភាពអនុស្សាវរីយ៍ ជាមួយគ្នា តាំងពីដើរលេងជាមួយគ្នា នឹងភ្ជាប់ពាក្យជាដើម គឺត្រូវបានលុបចេញ ពីគណនេយ្យហ្វេសប៊ុករបស់លោកទាំងអស់ មិនថារូបភាពចាស់ឬថ្មី គឺលែងមានទៀតហើយ រវាងលោក និងនាង គឺហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធគ្នា ទៀតទេ។

ប៉ុន្តែជាធម្មតា រឿងរ៉ាវបែកបាក់គ្នា ក្នុងសិល្បៈជាទូទៅភាគីម្ខាងៗ ព្យាយាមលាក់បាំងណាស់ ព្រោះជាមុខមាត់ទាំងអស់គ្នា និងគ្មានអ្នកណាម្នាក់ប្រាថ្នាឲ្យវាកើតឡើងនោះទេ។

កញ្ញា សុន ស្រីពេជ្រ មិនអាចសុំការបំភ្លឺបានឡើយ ថា ចំណងស្នេហ៍នាងមានភាពរង្គោះរង្គើមែន ឬយ៉ាងណា ប៉ុន្តែបើជារឿងពិត ស្រីពេជ្រ ហាក់ទទួលរងសម្ពាធផ្លូវចិត្តពេកហើយ ព្រោះឪពុករបស់នាងក៏កំពុងឈឺធ្ងន់ និយាយមិនទាន់កើត រីឯគូដណ្ដឹងក៏ដាច់ដោចគ្នាទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ