ឥណ្ឌូនេស៊ី៖ ឪពុកម្តាយគ្រប់រូបទោះបីខ្លួនឯង ស្ថិតក្នុងស្ថានភាពលំបាកលំបិនយ៉ាងណាក្តី តែដើម្បីបំពេញតាមបំណងប្រាថ្នារបស់កូន សុខចិត្តលះបង់សេចក្តីសុខ ភាពនឿយហត់គ្រប់បែបយ៉ាង ដោយមិនខ្លាចរុញរា។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ បុរសវ័យចំណាស់ម្នាក់ បានធ្វើឲ្យគ្រប់គ្នារំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីគេដឹងថា រូបគាត់បានសន្សំលុយទាំងត្រដាបត្រដួស ដើម្បីទិញទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ឲ្យកូនស្រីរបស់ខ្លួន។

ប្រភពព័ត៌មាន Viral4real បានចុះផ្សាយកាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៦ ឲ្យដឹងថា ក្មេងស្រីវ័យជំទង់ជនជាតិឥណ្ឌូនេស៊ី មិនបង្ហាញអត្តសញ្ញាណម្នាក់ បដិសេធមិនព្រមទៅសាលារៀនឡើយ ប្រសិនណាបើនាងគ្មានទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ប្រើប្រាស់នៅនឹងដៃដូចគេឯង។ នោះក៏ដោយសារតែ មិត្តភក្តិរបស់នាងមួយចំនួនធំនៅក្នុងថ្នាក់ ពួកគេប្រើប្រាស់សុទ្ធតែទូរស័ព្ទស៊េរីទំនើបៗ ខណៈរូបនាងប្រើប្រាស់ត្រឹមតែ ទូរស័ព្ទស៊េរីទាប តម្លៃថោកមួយតែប៉ុណ្ណោះ ហើយវាក៏ជាមូលហេតុមួយ ដែលធ្វើឲ្យរូបនាង មានអារម្មណ៍ថាខ្មាសមិត្តភក្តិ របស់នាងយ៉ាងខ្លាំងផងដែរ។

ក្រោយមក បន្ទាប់ពីឪពុករបស់នាង បានកត់សម្គាល់ដឹងរឿងកូនស្រី មិនខ្ចីទៅរៀនមក រូបគាត់ក៏បានដាច់ចិត្ត ដកប្រាក់ដែលខំសន្សំទុក ពីការងាររកស៊ីតិកតក់ ជាអ្នកលក់ទឹកតាមចិញ្ចើមថ្នល់យ៉ាងសស្រាក់ ទៅទិញទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ដើម្បីសម្រេចតាមបំណង កូនស្រីរបស់គាត់តែម្តង។ ដោយទូរស័ព្ទស៊េរីទំនើបនោះដែរ មានតម្លៃប្រមាណ ៦៤១ដុល្លារអាមេរិក។

ស្របពេលជាមួយគ្នាដែរ ក៏មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាសម្តែងក្តីមិនពេញចិត្ត នូវអាកប្បកិរិយា ដែលក្មេងស្រីខាងលើ ធ្វើដាក់ឪពុកម្តាយរបស់នាង យ៉ាងដូច្នេះផងដែរ។ ខណៈមហាជនជាច្រើន មានការអាណិតអាសូរដល់ បុរសជាឪពុក ដែលខិតខំធ្វើការរកប្រាក់ទាំងលំបាក ដើម្បីសន្សំលុយទិញទូរស័ព្ទ ឲ្យកូនស្រីរបស់ខ្លួន ៕

ចុះសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ រឿងរ៉ាវមួយវិញទៀត រឿងពិតនៅពីក្រោយស្រ្តីកំសត់ សន្សំលុយទាំងត្រដាបត្រដួល ទិញទូរស័ព្ទទំនើបឲ្យកូន កំពុងតែធ្វើឲ្យគ្រប់គ្នារំជួលចិត្ត។

ទាក់ទងទៅនឹងរឿងរ៉ាវ អ៊ំស្រីខាងលើនេះដែរ ខណៈមានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន កំពុងតែមានការចាប់អារម្មណ៍នោះ ក្រុមការងារខ្មែរឡូតយើង ក៏បានធ្វើការសម្ភាសន៍សាកសួរព័ត៌មានខ្លះៗ តាមរយៈខ្សែទូរស័ព្ទ ជួបផ្ទាល់ពីសំណាក់បងប្រុស ស៊ុយ ផេង ដែលជាម្ចាស់គណនីហ្វេសប៊ុក Amouy Toch ហើយក៏ជាហាងលក់ទូរស័ព្ទខាងលើនេះ ដែលមានយីហោថា «ស៊ីធី ហ្សូន» ទល់មុខផ្សារទួលទំពូង បានជម្រាបមកកាន់ខ្មែរឡូតថា រូបគាត់ក៏មិនបានសាកសួរឈ្មោះ អ៊ំស្រីខាងលើនេះថាឈ្មោះអ្វីនោះឡើយ គ្រាន់តែដឹងថា អ៊ំស្រីនេះអញ្ជើញមកហាងលក់ទូរស័ព្ទដៃ របស់បងប្រុស ស៊ុយ ផេង នេះ ជាច្រើនលើកច្រើនសារមកហើយ ដើម្បីតថ្លៃទិញទូរស័ព្ទឲ្យកូនប្រុសរបស់គាត់។

បងប្រុស ស៊ុយ ផេង បន្តទៀតថា «អ៊ំស្រីនេះ គាត់គឺជាកម្មករសំណង់ម្នាក់ ធ្វើការនៅជិតៗហាងខ្ញុំនេះដែរ។ ហើយគាត់បានអញ្ជើញមកហាងរបស់ខ្ញុំ ៤ទៅ៥ដងទៅហើយ។ ចំពោះមូលហេតុដែលខ្ញុំលក់បញ្ចុះតម្លៃ និងថែមនេះថែមនោះឲ្យគាត់នោះ ក៏ដោយសារតែអាណិតគាត់ ព្រោះថាពេលគាត់អញ្ជើញមកហាងខ្ញុំ ខ្ញុំឃើញគាត់ស្លៀកពាក់ខោមិនខោ អាវមិនអាវ សក់កន្រ្ទីងកន្រ្ទើង។ ម្យ៉ាងវិញទៀត អ៊ំស្រីខាងលើនេះ ក៏បានជម្រាបប្រាប់ខ្ញុំថា គាត់ខំធ្វើការ និងព្យាយាមសន្សំលុយ ជាង៣ខែឯណោះ យ៉ាងត្រដាបត្រដួស ដើម្បីបានលុយទិញទូរស័ព្ទទំនើបមួយគ្រឿងនេះ» ។

ចុចអានបន្ត៖  រឿងពិតនៅពីក្រោយស្រ្តីកំសត់ សន្សំលុយទាំងត្រដាបត្រដួល ទិញទូរស័ព្ទទំនើបឲ្យកូន កំពុងតែធ្វើឲ្យគ្រប់គ្នារំជួលចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]