ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញ ប្រចាំនៅក្នុងផលិតកម្មថោន អ្នកនាង មាស សុខ សោភា ជាតារាមួយដួងដែលមានប្រជាប្រិយភាព និងទទួលបានគាំទ្រយ៉ាងខ្លាំងពីយុវវ័យ តាមរយៈបទចម្រៀងថ្មីៗរបស់ខ្លួន។ ជាពិសេស មួយរយៈពេលចុងក្រោយមកនេះ បន្ទាប់ពីបានប្រកាសប្រកាន់ជំហរថា នឹងឈប់ច្រៀងបទចម្រៀងចម្លងពីបរទេស ហើយងាកមកធ្វើបទ Original Song ដោយខ្លួនឯងទៀតផងនោះ កាន់តែបានធ្វើឱ្យតារាស្រីរូបនេះមានភាពល្បីរន្ទឺ លេចធ្លោខ្លាំងឡើងៗជាលំដាប់។

ជាក់ស្តែង ថ្មីៗនេះ តារាចម្រៀងស្រី មាស សុខសោភា ក៏បានបញ្ចេញបទញាក់ដ៏ថ្មីស្រឡាងរបស់ខ្លួនមួយបទ ក្រោមចំណងជើងថា «Dance and Smile» ដែលជាការចូលរួមនិពន្ធបទភ្លេងថ្មី ដោយតារាពីរដួងទៀតនៅក្នុងផលិតកម្មថោនដូចគ្នា គឺលោក Tempo និង TO។ បទថ្មីនេះបានចេញជា Full Audio មួយរយៈហើយ ប៉ុន្តែទើបតែបានចេញជាវីដេអូ Teaser ជាផ្លូវការកាលពីយប់មិញ។

គ្រាន់តែចេញភ្លាម បទនេះហាក់បានទទួលការគាំទ្រយ៉ាងច្រើន ពីមិត្តយុវវ័យ ព្រោះមានបទភ្លេង និងចង្វាក់ប្រគុំលាយគ្នាជាមួយឧបករណ៍បុរាណ សម័យពិរោះរណ្តំ។ ពិសេសគឺក្បាច់រាំថ្មី ព្រមទាំងអមទៅដោយការបង្ហាញនូវសិល្បៈបុរាណរបស់ខ្មែរយើងជាទម្រង់ផ្សេងៗទៀតផង គួរឱ្យទាក់ចិត្ត។ សរុបមកគឺបទថ្មីនេះ មានបង្កប់អត្តសញ្ញាណខ្មែរយើងជាច្រើន។

គួរឱ្យដឹងផងដែរថា កាលពីកំឡុងខែតុលាកន្លងទៅ តារាចម្រៀងស្រី មាស សុខសោភា ក៏ទទួលបានភាពជោគជ័យមិនស្ទើរនោះដែរ ទៅលើស្នាដៃនិពន្ធបទភ្លេងថ្មីរបស់ខ្លួនគឺបទ «ម្នាក់ឯងមិនស្លាប់ទេ» ដែលចេញមកមិនបានមួយថ្ងៃស្រួលបួលផង ក៏មានអ្នកចូលទៅមើលរហូត ទៅដល់មួយលាននាក់ឯណោះ៕

តោះកុំឱ្យខាតពេលយូរ ទៅស្តាប់បទថ្មីទាំអស់គ្នា៖

មាស សុខសោភា, TO និង Tempo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា