អ៊ុយក្រែន៖ អ្នកវិទ្យាសាស្រ្តសញ្ជាតិអ៊ុយក្រែន លោក Vladislav Kiselev បានអះអាងថា លោកបានបង្កើតថ្មមួយប្រភេទ ដែលអាចផ្តល់ថាមពលដល់ឧបករណ៍អេឡិចត្រូនិច ដូចជាទូរស័ព្ទស្មាតហ្វូន រហូតដល់រថយន្តជាដើម ដែលមានថាមពលរហូតដល់១២ឆ្នាំ ដោយមិនចាំបាច់សាកថ្មទៀតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយ Oddity Central កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។

លោក Vladislav Kiselev ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន​ Bioorganic Chemistry and Petrochemistry ក្នុងរដ្ឋធានី Kiev ហើយលោកក៏ជាសាស្រ្តាចារ្យនៅបណ្ឌិតសភាវិទ្យាសាស្រ្តជាតិរបស់អ៊ុយក្រែនផងដែរ។

លោកបានដាក់បង្ហាញនូវគំរូថ្ម ដ៏គួរឲ្យចាប់អារម្មណ៍របស់លោកក្នុងកំឡុងពេលការប្រកួតប្រជែងដែលធ្វើឡើងដោយក្រុមហ៊ុនផលិតយន្តហោះ Sikorsky ដែលមានឈ្មោះថា 2016 Edition of Sikorsky Challenge ដែលជាការប្រកួតប្រជែងជាអន្តរជាតិ មានកិត្យានុភាពសម្រាប់គម្រោងការស្រាវជ្រាវ។

ថ្មគំរូដែលមានរូបរាងដូចជាប្រអប់ឈើគូសនេះ មើលពីសំបកក្រៅ គឺគ្មានអ្វីគួរឲ្យចាប់អារម្មណ៍បន្តិចសោះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអ៊ុយក្រែន រូបនេះបានអះអាងថា អាចផ្តល់ថាមពលទៅកាន់ឧបករណ៍អេឡិចត្រូនិច បានរយៈពេល១ឆ្នាំ និង៤ខែ ដោយមិនចាំបាច់សាកម្តងឡើយ ហើយវានឹងបន្តផ្តល់ថាមពល រយៈពេល១១ឆ្នាំទៀត។ នោះដោយសារតែ ថ្មពិសេសមួយនេះ មិនគ្រាន់តែជាថ្មផ្ទុកថាមពលនោះទេ តែវាក៏ផលិតថាមពលផងដែរ។

ប៉ុន្តែជាមួយនឹងក្រុមហ៊ុនផលិតថ្មស្ទើរតែទាំងអស់ជុំវិញពិភពលោក រួមទាំងអ្នកស្រាវជ្រាវជាច្រើនកំពុងតស៊ូ ដើម្បីបង្កើតសមិទ្ធផលពិតប្រាកដនៅក្នុងបច្ចេកវិទ្យាថ្មនៅឡើយ។ តើលោក Vladislav Kiselev អាចបង្កើតថ្ម ដែលអះអាងថាប្រើម្តងបាន១២ឆ្នាំដោយរបៀបណា?

អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះបាននិយាយថា គាត់អាចធ្វើវាបានដោយការទាញយកអត្ថប្រយោជន៍ ពីចំណុចពិសេសរបស់សារធាតុគីមីមួយប្រភេទឈ្មោះ ធ្រីឌៀម (Tritium ) ដែលមានសមត្ថភាពខ្ពស់ក្នុងការបញ្ចេញអេឡិចត្រុង។ លោកបានបន្ថែមថា ក្រុមហ៊ុនរបស់អាមេរិក City Labs បានប្រើប្រាស់ អ៊ីសូតូបវិទ្យុសកម្ម នៃអ៊ីដ្រូសែន ដើម្បីបង្កើតថាមពល ប៉ុន្តែពួកគេក៏បានប្រើប្រាស់ សារធាតុ Tritium នៅពីខាងក្រៅដែរ។ ដោយថ្មរបស់ City Labs ផ្តល់ថាមពលទាប សម្រាប់ឧបករណ៍មួយចំនួនដូចជាឧបករណ៍សម្រាប់វេជ្ជសាស្រ្ត និងឧបករណ៍ចាប់សញ្ញាមួយចំនួន។ ប៉ុន្តែថ្ម របស់លោក Kiselev អាចប្រើសម្រាប់ឧបករណ៍អេឡិកត្រូនិចធំៗបានសូម្បីតែរថយន្តទៀតផង។

លោក Kiselev បានឲ្យដឹងទៀតថា បន្ទាប់ពីការបង្ហាញលទ្ធផលនៃការងាររបស់លោកនៅក្នុងការប្រកួត Sikorsky កន្លងមក ពេលនេះ លោកកំពុងជួបពិភាក្សាជាមួយអ្នកជំនួញ តួកគី និងចិន ដើម្បីផលិតថ្មី Tritium ជំនាន់ថ្មី ដែលអាចប្រើបានលើទូរស័ព្ទ។ លោក Kiselev ជឿជាក់ថា សារធាតុ Tritium គឺជាអនាគតថ្មីនៃថាមពល និងបានអះអាងថា បណ្តាប្រទេសចំនួន១១ លើពិភពលោកមានកម្រិតខ្ពស់បំផុត កំពុងរៀបចំផែនការដើម្បីកសាងស្ថានីយរ៉េអាក់ទ័រសអន្តរជាតិ ដែលប្រើប្រាស់ សារធាតុ Tritium ដើម្បីបង្កើតថាមពលផងដែរ៕ 

ប្រភព៖ Oddity Central

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]