បណ្តារថយន្ត ដែលមានតម្លៃខ្ពស់កប់ពពកទាំងនេះ មិនត្រឹមតែជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ វាមានការអនុវត្ត និងប្រសិទ្ធភាពខ្ពស់ខុសប្លែកពីរថយន្តធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាក្តីសុបិនរបស់មនុស្សសឹងតែគ្រប់ៗគ្នា ប៉ុន្តែផ្ទុយទៅវិញ វាត្រូវបានផលិតឡើងដោយមានចំនួនកំណត់។

គេតែងនិយាយថាលុយមិនអាចទិញសុភមង្គលបានឡើយ ប៉ុន្តែបន្ទាប់ពីអានអត្ថបទនេះរួច អ្នកប្រហែលជាផ្លាស់ប្តូរគំនិតផងក៏មិនដឹង! តោះទៅតានដាន រថយន្តថ្លៃជាងគេបំផុតទាំង ១០ របស់ពិភពលោកទាំងអស់គ្នា ៖ 

១០. Koenigsegg Regera (តម្លៃ ២លានដុល្លារអាមេរិក)

Koenigsegg Regera គឺជារថយន្តស្ព័រកូនកាត់ និងផលិតមានកំណត់ ដោយក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់ខ្ពស់របស់ប្រទេសស៊ុយអែតឈ្មោះ “Koenigsegg” ។ រថយន្តនេះ ត្រូវបានដាក់តាំងបង្ហាញនៅឆ្នាំ ២០១៥ ក្នុងកម្មវិធី Geneva Motor Show ។ ពាក្យ Regera ដែលជាឈ្មោះរថយន្ត គឺជាកិរិយាស័ព្ទរបស់ពាក្យស៊ុយអែត មានន័យថា "សោយរាជ្យ" ឬ "គ្រប់គ្រង"។ រថយន្តនេះមានតែ ៨០ គ្រឿងប៉ុណ្ណោះ និងត្រូវបានលក់ចេញអស់ ៤០ គ្រឿងហើយ មកទល់នឹងខែមីនា ឆ្នាំ ២០១៦ នេះ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន twin-turbo V8 ចំណុះ ៥ លីត្រនិងអាគុយទំហំ ៤.៥ គីឡូវ៉ាត់ម៉ោងថ្ម។ ទម្ងន់របស់វាសរុបគឺ ១,៤៧០ គីឡូក្រាម និងមានល្បឿងអតិបរិមា ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើថេរវេលាត្រឹមតែ ២០ វិនាទី។ 

៩. Koenigsegg One:1 (តម្លៃ ២លានដុល្លារអាមេរិក)

Koenigsegg One:1  បង្ហាញខ្លួនតាំងពីខែមីនា ឆ្នាំ២០១៤ ក្នុងកម្មវិធី Geneva Motor Show ។ ឈ្មោះ One:1 របស់រថយន្តនេះ បានមកពីកម្លាំង (១៣៦១ PS) និងទម្ងន់ (១៣៦១ គីឡូក្រាម) របស់វាដែលសមាមាត្រគ្នា ១ PS ក្នុង ១ គីឡូក្រាម។ រថយន្ត Koenigsegg One:1 នេះ ត្រូវបានផ្តោតផលិត យ៉ាងចិត្តយកចិត្តទុកដាក់ជាងគេបំផុត ពីក្រុមហ៊ុន Koenigsegg ។ រថយន្តនេះ ក៏ត្រូវបានបំពាក់ដោយម៉ាស៊ីន twin-turbocharged V8 ចំណុះ ៥ លីត្រដូចរថយន្តម៉ូដែល Regera ដែរ។ បើគិតតែពីតួម៉ាស៊ីនគឺ មានទម្ងន់រហូតដល់ទៅ ១៩៧ គីឡូក្រាម។ រថយន្តនេះ អាចមានល្បឿនអតិបរិមារហូតដល់ទៅ ៤៥១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលត្រូវបានគេចាត់ចូលក្នុងចំណោមរថយន្តដែលមានល្បឿនលឿនបំផុត មិនធ្លាប់មានពីមុនមកទៀតផង។ គួរបញ្ជាក់ផងដែរថា រថយន្តនេះមានតែ ៦ គ្រឿងប៉ុណ្ណោះ ហើយក៏ត្រូវបានលក់ចេញអស់គ្មានសល់មួយដែរ។ 

៨. Bugatti Chiron (តម្លៃ ២.៥ លានដុល្លារអាមេរិក)

រថយន្តម៉ាក Bugatti Chiron គឺជារថយន្តស្ព័រមានកៅអីពីរ ស្ថិតក្នុងប្រភេទ mid-engined ដែលត្រូវបានរចនាឡើងដោយ Achim Anscheidt និងតំឡើងដោយក្រុមហ៊ុនផលិតរថយន្តម៉ាក Bugatti (ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Volkswagen Group)។ ជាពិសេស វាត្រូវបានផលិតតែ ៥០០ គ្រឿងប៉ុណ្ណោះ។ រថយន្ត Bugatti Chiron ត្រូវបានដាក់តាំងបង្ហាញ ក្នុងកម្មវិធី Geneva Motor Show ទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ។ រថយន្តនេះបំពាក់ទៅដោយម៉ាស៊ីន W16 quad-turbocharged ចំណុះ ៨ លីត្រ។ អ្នកបើកបរ អាចបង្កើនល្បឿនអតិបរិមាដល់ទៅ ៤២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ 

៧. Ferrari F60 America (តម្លៃ ២.៥ លានដុល្លារអាមេរិក)

Ferrari F60 America បំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៦.២ លីត្រ គឺជារថយន្តផលិតមានកំណត់ ដែលបែកចេញពីម៉ូដែល F12 កាលពីពេលប្រារព្ធពិធីអបអរសាទរ ខួបទី ៦០ ឆ្នាំ របស់ក្រុមហ៊ុនរថយន្ត Ferrari នៅឯអាមេរិកខាងជើង។ បើយោងទៅតាមអ្នកផលិតបានលើកឡើងថា ដំបូលរថយន្តនេះ ទទួលបានគំរូមកពីម៉ូដែលចាស់ៗដូចជា 275 GTS និង 4 NART Spider។ បើធៀបនឹងម៉ូដែល F12 រថយន្ត F60 មានតួខ្លួនថ្មីទាំងអស់។ សម្រាប់ការរចនាខាងក្នុងគឺ មានពណ៌ក្រហមត្រង់ កន្លែងអ្នកបើកបរ និងមានពណ៌ខ្មៅ ត្រង់កន្លែងអ្នកជិះធម្មតា។ ជាងនេះទៅទៀត គេបានបន្ថែមទង់ជាតិប្រទេសអាមេរិក គ្រប់កន្លែងអង្គុយទាំងអស់ និងមានពណ៌ខៀវ លាយស លើតួឡាន គោលបំណងសំដៅលើក្រុមប្រណាំងឡាន នៅអាមេរិកខាងជើងផងដែរ។

៦. Pagani Huayra BC (តម្លៃ ២.៦ លានដុល្លារអាមេរិក)

Pagani Huayra BC គឺជារថយន្តម៉ូដែលពិសេសមួយ របស់ក្រុមហ៊ុន Pagani Automobili S.p.A. ។ រថយន្តនេះ ត្រូវបានដាក់តាំងបង្ហាញនៅ Geneva Motor Show កាលពីខែមីនា ឆ្នាំ ២០១៦ យើងកន្លងទៅនេះ។ រថយន្ត Huayra BC បំពាក់ដោយម៉ាស៊ីន V12 twin turbocharged ចំណុះ ៦លីត្រ។ ជាងនេះទៅទៀត រថយន្ត Huayra BC មានបំពង់ផ្សែង ធ្វើពីសារធាតុទីតាញ៉ូមដ៏ស្រាល និងមានយ៉ាន់កង់ធ្វើពីអាលុយមីញ៉ូម​។ ជាក់ស្តែង រថយន្តនេះត្រូវបានគេផលិតឡើងតែ ២០គ្រឿងប៉ុណ្ណោះ និងត្រូវបានលក់ចេញអស់គ្មានសល់មួយគ្រឿងឡើយ។

៥. Ferrari Pininfarina Sergio (តម្លៃ ៣ លានដុល្លារអាមេរិក)

Ferrari Pininfarina Sergio គឺជារថយន្ត ដែលផលិតឡើងដើម្បីជាការគោរពសរសើរដល់ អ្នករចនាម៉ូតរថយន្តជនជាតិអ៊ីតាលី ឈ្មោះ Sergio Pininfarina ដែលបានស្លាប់ កាលពីថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១២ ក្នុងអាយុ ៨៥ ឆ្នាំ។ បើប្រៀបធៀបទៅនឹងម៉ាក និងម៉ូដែល តម្លៃ ៣ លាននេះ វាហាក់ដូចជាថោកនៅឡើយទេ។ ជាពិសេស រថយន្ត Ferrari Pininfarina Sergio នេះ ត្រូវបានគេផលិតតែ ៦ គ្រឿងប៉ុណ្ណោះ។ រថយន្តនេះត្រូវបានយកមកកែប្រែពី រថយន្តម៉ូដែល Ferrari 458 របស់លោក Sergio Pininfarina ប៉ុន្តែរចនាថ្មីទាំងផ្នែកខាងក្នុង និងតួក្រៅឡើងវិញទាំងអស់។ វាបំពាក់ទៅដោយម៉ាស៊ីន V8 ចំណុះ ៤.៥ លីត្រ។ 

៤. Bugatti Veyron by Mansory Vivere (តម្លៃ ៣.៤ លានដុល្លារអាមេរិក)

Bugatti Veyron by Mansory Vivere គឺជារថយន្តស្ព័រ mid-engined ដែលផលិតឡើងមានកំណត់។ រថយន្តនេះ មិនត្រឹមតែជារថយន្តដែលគេរាប់បញ្ចូលជា រថយន្តមានតម្លៃថ្លៃជាងគេប៉ុណ្ណោះទេ វាថែមទាំងជារថយន្ត ដែលស្ថិតក្នុងចំណោម រថយន្តដែលមានល្បឿនលឿនជាងគេទៀតផង។ រថយន្តដ៏ពិសេសនេះ មានកម្លាំង ១,២០០ សេះ និងអាចបង្កើនល្បឿនអតិបរិមារហូតដល់ទៅ ៤០៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ តួខ្លួនរបស់រថយន្តធ្វើឡើងពី carbon-fiber ដ៏ស្រស់ស្អាត មានបំពាក់អំពូល LED ជំនាន់ក្រោយ រៀបចំរចនាបទខាងក្នុងថ្មីស្រឡាង និងកែតូខាងមុខជាថ្មី យ៉ាងទាក់ទាញ។ 

៣. W Motors Lykan Hypersport (តម្លៃ ៣.៤ លានដុល្លារអាមេរិក)

Lykan Hypersport គឺជាប្រភេទ hypercar ផលិតមានកំណត់ របស់ក្រុមហ៊ុន W Motors ។ វាជារថយន្តដំបូងគេ ដែលត្រូវបានរចនា និងផលិតឡើងក្នុងតំបន់អារ៉ាប់។ ជាពិសេស Lykan Hypersport ត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្តដ៏ល្បី “Furious 7” និងតាមបណ្តាហ្គេមល្បីៗដូចជា Asphalt 8: Airborne ថែមទៀតផង។ វាបំពាក់ដោយម៉ាស៊ីន twin-turbo flat-six ចំណុះ ៣.៧ លីត្រ ដែលអាចផលិតកម្លាំងបាន ៧៧០ សេះ។ ល្បឿនអតិបរិមារបស់វាអាចឡើងដល់ ៣៨៦ គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

២. Lamborghini Veneno (តម្លៃ ៤.៥ លានដុល្លារអាមេរិក)

Lamborghini Veneno គឺជាកំពូលរថយន្ត ដែលផលិតមានកំណត់ ដែលបែកចេញពីម៉ូដែល Lamborghini Aventador និងត្រូវបានដាក់តាំងបង្ហាញ នៅក្នុងថ្ងៃអបអរខួបលើកទី ៥០ របស់ Lamborghini ។ តម្លៃ ៤.៥ លានដុល្លាររបស់វានេះ គឺត្រូវបានកំណត់ តាំងពីថ្ងៃដាក់តាំងដំបូងឆ្ណាំ ២០១៣ មកម្ល៉េះ ហើយវាក៏ជារថយន្ត ដែលចាត់ចូលជាឡានដែលមានតម្លៃថ្លៃជាងគេ តាំងពីពេលនោះដែរ។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៦.២ លីត្រ ដែលអាចផលិតកម្លាំងបាន ៥៥២ គីឡូវ៉ាត់។ ល្បឿនកំពូល របស់រថយន្តនេះ គឺលឿនរហូតដល់ទៅ ៣៥៤ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ 

១. Koenigsegg CCXR Trevita (តម្លៃ ៤.៨ លានដុល្លារអាមេរិក)

CCXR Trevita គឺជារថយន្តផលិតមានកំណត់ ដែលបែកចេញមកពីម៉ូដែល Koenigsegg CCXR ។ ហេតុផល ដែលវាមានតម្លៃថ្លៃជាងគេយ៉ាងនេះ ក៏ព្រោះតែរថយន្តនេះ គឺស្រោបទៅដោយពេជ្រ (ដូចដែលដឹងស្រាប់ហើយថា ពេជ្រមិនមែនជារបស់មានតម្លៃទាបនោះទេ)។ ក្រុមហ៊ុនផលិត របស់ស៊ុយអែត បានអភិវឌ្ឍន៍ការរចនាតួខាងក្រៅបែបថ្មី ដែលមានឈ្មោះថា Koenigsegg Proprietary Diamond Weave ដែលរចនាតួឡានខាងក្រៅ ដោយប្រើថ្នាំ carbon fibers លាយជាមួយកំទេចពេជ្រ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន dual-supercharged V8 ចំណុះ ៤.៨ លីត្រ ដែលអាចផលិតកម្លាំងបាន ១,០០៤ សេះឯណោះ។ គួរបញ្ជាក់ផងដែរថា រថយន្តនេះត្រូវបានផលិតតែ ៣ គ្រឿងប៉ុណ្ណោះ៕ 

ប្រភព៖ Digital Trends | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]