(ភ្នំពេញ)៖ ពិតជាជារឿងមិនគួរឲ្យជឿ និងរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលតារាសម្ដែងដ៏ល្បី គឺកញ្ញា នី មុនីនាថ បានអះអាងថា មុននឹងនាងមកចូលរួម ក្នុងពិធីក្រុងពាលី ដើម្បីថតរឿង «នាងនាថបាត់ដំបង» នៅថ្ងៃទី០៧ ខែធ្នូ នេះ គឺមុននេះមួយថ្ងៃ ព្រលឹងរបស់នាងនាថពិតប្រាកដ បានមកលងបន្លាចដល់ក្នុងផ្ទះ ដែលធ្វើឲ្យនាងមានការភិតភ័យយ៉ាងខ្លាំង រហូតបង្ខំចិត្តលេបថ្នាំ ងងុយដេកមួយគ្រាប់ ដើម្បីដេកលក់។

ស្រីស្រស់ញញឹមមានមន្តស្នេហ៍ កញ្ញា នី មុនីនាថ បានថ្លែងឲ្យដឹងថា វិញ្ញាណរបស់នាងនាថ គឺមានសណ្ឋានដូចទៅនឹងអ្វី ដែលនាងបានតុបតែងថត ជាតួឯកក្នុងរឿង «នាងនាថបាត់ដំបង» ធ្វើឲ្យនាងព្រឺក្បាលខ្ញាកៗ ខ្លាចមិនចង់ជួបទៀតទេ ហើយក៏បានបន់ស្រន់ ដើម្បីកុំឲ្យនាងនាថមកបង្ហាញខ្លួនទៀតដែរ ខណៈដែលនាងជាមនុស្សខ្លាចខ្មោចជាទីបំផុត។

នី មុនីនាថ និយាយថា « ច៎ាបង..ខ្ញុំមិនមែននិយាយលេងទេ មុននឹងមួយថ្ងៃ មានវិញ្ញាណនាងនាថ បានមកលេងខ្ញុំមែន គោះកំប៉ុងមួយយប់ទល់ភ្លឺ ខ្ញុំអត់បានដេកទេបង..! លឺសូរក្ដុងក្ដាំងៗ..បងប្អូនជឿឬមិនជឿក៏ហីចុះ ! ប៉ុន្តែខ្ញុំទប់អារម្មណ៍ និងមិនបានឲ្យខ្ញុំខ្លាចអីទេ មានអីលេបថ្នាំងងុយដេកមួយគ្រាប់ ដេកលក់បាត់..!»។

បន្ទាប់ពីជួបហេតុការណ៍បែបនេះ ដែលជាលើកទី១សម្រាប់ជីវិតនាង បានធ្វើឲ្យនាងសម្រេចចិត្តអុជធូបបួងសួង ដល់វិញ្ញាណរបស់នាងនាថពិតប្រាកដ កុំមកលេង ឬលងបន្លាចទៀត និងសុំឲ្យវិញ្ញាណមួយនេះ តាមបីបាចថែរក្សានាង ដើម្បីថតរឿង «នាងនាថបាត់ដំបង» ឲ្យបានទទួលជោគជ័យ រហូតដល់ចប់។

យ៉ាងណាមិញ ទោះបីជាកញ្ញា នី មុនីនាថ ធ្លាប់មានបទពិសោធ សម្ដែងរឿងជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែពេលមកសម្ដែងជាតួឯក ក្នុងរឿង «នាងនាថបាត់ដំបង» នាងនៅតែបញ្ជាក់ថា នឹងជួបផលវិបាកច្រើនកើតឡើងចំពោះនាង ខណៈដែលសាច់រឿងនេះ ត្រូវមានប្លង់ថតពេលយប់ច្រើន កន្លែងថតនៅក្នុងព្រៃ អត់ងងុយ និងអាចជួបប្រទះនូវហេតុការណ៍ មួយចំនួនទៀត។ ប៉ុន្តែនាងនៅតែខិតខំប្រឹងប្រែងសម្ដែង ឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើដល់បងប្អូនទស្សនិកជន ដែលតែងតែគាំទ្រនាងកន្លងមក។

សូមបញ្ជាក់ថា រឿង «នាងនាថបាត់ដំបង» គឺរឿងព្រេងនិទានពីបុរាណ ស្ដីពីជីវិតរបស់មនុស្សម្នាក់ឈ្មោះ «នាថ» រស់នៅក្នុងខេត្តបាត់ដំបង ដែលត្រូវបានស្លាប់ទាំងម្ដាយ និងកូននៅក្នុងផ្ទៃ ធ្វើឲ្យអ្នកស្រុកអ្នកភូមិខ្លាចរអា ហើយត្រូវបានស្ថានីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ យកមកផលិតជាភាពយន្តភាគ ដើម្បីបញ្ចាំងជូនទស្សនិកជនទស្សនា ឲ្យដឹងពីប្រវត្តិរបស់នាងនាថ ដែលជាភាពយន្តបែបខ្មោច ព្រាយបិសាច និងកំប្លុកកំប្លែង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នី មុនីនាថ មិនត្រឹមតែជួយថវិកា ដើម្បីសាងសង់ផ្ទះជូនជនក្រខ្សត់ ថែមទាំងចុះសួរសុខ ទុក្ខផ្ទាល់ថែមទៀត។ មួយរយៈចុងក្រោយនេះ សិល្បៈករ សិល្បៈការិនីខ្មែរជាច្រើនមិនថា អ្នកជំនាន់មុន ឬក្រោយទេ គឺពួកគាត់តែងតែជួយដល់ជនទីទាល់ក្រ លំបាកទៅតាមលទ្ធភាព ដែលពួកគាត់អាចជួយបាន មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានទឹកចិត្តស្វែងរកសប្បុរសជនផ្សេងៗទៀត មកជួយបន្ថែមពីលើនូវអ្វីដែលពួកគាត់មាន។

ជាក់ស្តែងថ្មីៗកន្លងទៅនេះកញ្ញា នី មុនីនាថ ដែលជាតារាសំដែងមួយរូប ដែលពោរពេញដោយមនោសញ្ចេតនា និងទឹកភ្នែកក្នុងការសំដែង ក៏មិនខុសគ្នាពីតារាដទៃដែរ។ កញ្ញា បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន ដើម្បីជួយសាងសង់ផ្ទះ ដល់បងស្រីម្នាក់ឈ្មោះ ហង្ស រុណ ដែលស្ថិតនៅក្នុងភូមិ ត្រពាំងខ្នុរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលបងស្រីកំពុងជួបការលំបាក និងមានកូនបីនាក់ក្នុងបន្ទុក។ បន្ថែមលើសពីនេះទៀតកញ្ញាមិនត្រឹមតែជួយជាថវិកានោះទេ ថែមទាំងចំណាយពេល ដើម្បីចុះសួរសុខទុក្ខផ្ទាល់ដល់ក្រុមគ្រួសារបងស្រីហង្ស រុណថែមទៀតផង។

តាមរយៈអំពើល្អនេះកញ្ញា នី មុនីនាថក៏បានបង្ហោះសារមួយ ដែលបង្ហាញថាកញ្ញាសប្បាយចិត្តជាមួយនឹង ស្នាមញញឹមរបស់ក្រុមគ្រួសារបងស្រី ហង្ស រុណ និងជាគំនិតមួយដែលនាងគិតត្រូវ។ លើសពីនេះទៀត ក៏មានអ្នកគាំទ្រជាច្រើន បានកោតសរសើរដល់ កញ្ញា មិនត្រឹមតែស្អាតទេថែមទាំងចិត្តល្អទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ