កំពង់ចាម៖ ជុំករណីនៃរឿងរ៉ាវនៃការបាត់ខ្លួនកូនក្រមុំកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ហើយ ដែលពួកគេនឹងត្រូវរៀបការនៅថ្ងៃទី ២២ ធ្នូ ឆ្នាំ២០១៦ ពេលនេះកូនក្រមុំបានត្រលប់មកផ្ទះវិញ ដោយសុវត្ថិភាពហើយ

បើតាមអ្នកស្រី ឃីន ផល្លា អាយុ៤៥ឆ្នាំ ដែលត្រូវជាម្តាយរបស់កូនក្រមុំបានឲ្យដឹងថា៖

កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា កន្លងទៅ កូនស្រីទី៣ដែលត្រូវរៀបការ បាននាំគ្នាជិះរថយន្តឈ្មួលចេញពីស្រុកចំការលើ មកកាន់ក្រុងកំពង់ចាម ដើម្បីយករូបថតសម្រាប់តាំងនៅមុខរោងការដែលថតអស់តម្លៃ១៧០ដុល្លារនោះ ។ ដំបូង កូនមិនបានប្រាប់ថា នាំគ្នាមកក្រុងកំពង់ចាមនោះទេ ទាល់តែបាត់កូនស្រីឈ្មោះចិន្តា ទើបកូនស្រីបងឈ្មោះដានី បានទូរស័ព្ទប្រាប់គាត់ថា បានបាត់កូនប្អូនស្រី ក៏ប្រញាប់ប្រញាល់តាមរកក្នុងផ្សារ តែមិនឃើញនោះទេ ក៏មកប្តឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ចាម ដើម្បីឱ្យជួយអន្តរាគមន៍ តាមរកនៅតែមិនមានពន្លឺទៀត ។អ្នកស្រីឃីន ផល្លា ជាម្តាយកូនក្រមុំបានប្រាប់បន្តថា មានមនុស្សស្រី២នាក់ បានចាប់កូនស្រីរបស់គាត់ពីក្នុងផ្សារធំក្រុងកំពង់ចាម ដើម្បីយកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម នៅពេលដែលកូនស្រីចិន្តា ត្រូវបានគេជូនតាមម៉ូតូ១គ្រឿង ស្របពេលដែលអ្នកឌុប បានដើរទៅទិញសំបុត្រនោះ កូនស្រីគាត់បានដឹងខ្លួនឡើងវិញ ក្រោយពីត្រូវថ្នាំសណ្តំ ក៏រត់ចុះពីលើម៉ូតូទៅបុកនិងម៉ូតូរបស់ស្ត្រីម្នាក់ក៏ប្រាប់គេឲ្យជួយផងព្រោះនាង ត្រូវបានគេចាប់ដើម្បីយកទៅលក់ ។ សំណាងល្អ ត្រូវស្ត្រីរូបនោះជួយសង្គ្រោះ ដោយនាំមកផ្ទះមួយកន្លែង តែគាត់មិនបានបញ្ជាក់ថា នៅស្រុកណាទេគ្រាន់ តែដឹងនៅជាប់នឹងប្រទេសវៀតណាម ។ ក្នុងពេលនោះ កូនស្រីបាននិយាយទូរស័ព្ទសន្ទនាជាមួយនឹងគាត់ជាម្តាយ ដោយកូនបានយំបង្ហូរទឹកភ្នែកថែមទៀត ហើយប្អូនថ្លៃប្រុសនៅរាជធានីភ្នំពេញ បានឱ្យអ្នកជួយសង្គ្រោះនោះ បាននាំកូនស្រីមកជិះរថយន្ត ឆ្ពោះមកកាន់រាជធានីភ្នំពេញ ។រហូតមកដល់រសៀលថ្ងៃទី៤ ធ្នូ ទើបកូនបានធ្វើដំណើរមកដល់ផ្ទះ ដោយប្អូនថ្លៃជាអ្នកនាំមក ។

ដោយឡែកកូនកំលោះ ដែលត្រូវជាអនាគតស្វាមី ក្រោយពីបានដឹងថា កូនក្រមុំដែលបាត់បានវិលត្រឡប់មកដល់ផ្ទះវិញនោះ ក៏បាននាំចាស់ទុំមកនិយាយពិភាក្សា ដោយភាគីកូនកម្លោះជាមនុស្ស ដែលមានចិត្តធម៌បានសុំមិនរៀបការទេ នៅថ្ងៃទី២២ ធ្នូ ខាងមុខ គឺសុំយកថ្លៃបណ្ណាការតែ៤,២៩០ដុល្លារវិញ ដើម្បីបញ្ចប់រឿង និងសុំរាប់អានគ្នាជាមិត្ត៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]